FRA:តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ

http://www.rfa.org/khmer/indepth

2013-01-22

តំណាង​រាស្ត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាក់​តែង​ច្បាប់ និង​អនុម័ត​ច្បាប់ ពិសេស​មាន​តួនាទី​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី និង​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី​វិញ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ធ្វើ​ខុស។

ម្យ៉ាង​ទៀត សភា​ក៏​មាន​តួនាទី​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល និង​កោះ​ហៅ​សួរ​នាំ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា។

ផ្ទុយ​ទៅ​វិញ តំណាង​រាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​វិភាគ​រក​ឃើញ​ថា តំណាង​រាស្ត្រ​ពុំ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ការងារ​ របស់​ខ្លួន ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ តំណាង​រាស្ត្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បក្ស​ទៅ​វិញ។

ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​របប​ប្រជាធិបតេយ្យ ​អន្តរកាល បញ្ហា​នេះ​ជា​ប្រធាន​បទ​មួយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​របស់​សមាជិក​សភា ឬ​តំណាង​រាស្ត្រ​នីមួយៗ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។

នៅ​ក្នុង​បរិបទ​កម្ពុជា សព្វថ្ងៃ​នេះ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​អ្នក​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​កត់​សម្គាល់​ថា តំណាង​រាស្ត្រ​កំពុង​បំពេញ​តួនាទី​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ មិន​មែន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​នៃ​សន្លឹក​ឆ្នោត​របស់​ខ្លួន​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា សមាជិក​សភា​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លឿន​របស់​ប្រទេស​កម្ពុជា។

ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា សភា​ដើរ​ក្រោយ​រដ្ឋាភិបាល ពោល​គឺ​សមាជិក​សភា​សព្វថ្ងៃ​ពុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កោះ​នាយក ​រដ្ឋមន្ត្រី ឬ​មន្ត្រី​រដ្ឋាភិបាល មក​សួរ​នាំ​អំពី​ការ​អនុវត្ត​ច្បាប់ និង​ការងារ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​នៅ​ឡើយ៖ «ការ​ដើរ​តាម​ក្រោយ​នេះ រដ្ឋាភិបាល​នេះ មាន​ន័យ​ថា សភា​ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិពល​អ្វី​ក្រៅ​ពី​ការ​អនុម័ត​ច្បាប់​ទេ សភា​មិន​បាន​ផ្សារភ្ជាប់ និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ទេ»

រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ភារកិច្ច​ចម្បង​របស់​រដ្ឋសភា និង​តំណាង​រាស្ត្រ គឺ​ការ​អនុវត្ត​ច្បាប់។ ការ​អនុម័ត​ច្បាប់ និង​វិសោធនកម្ម​ច្បាប់​របស់​ប្រទេស ជាពិសេស​រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ និង​ឲ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល អនុម័ត​យល់​ព្រម ឬ​លុប​ចោល​សន្ធិសញ្ញា ឬ​អនុសញ្ញា​អន្តរជាតិ និង​ផ្ដួចផ្ដើម​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​ផ្សេងៗ។

ម្យ៉ាង​វិញ​ទៀត ប្រទេស​កម្ពុជា ជា​ប្រទេស​រាជា​និយម​អាស្រ័យ​សភា ដូច្នេះ​សភា​មាន​សារសំខាន់​ជាង​របប​ប្រធានាធិបតី។ អ្នក​តំណាង​រាស្ត្រ​នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ហើយ​នោះ មាន​តួនាទី​សំខាន់​ទាំង​វិស័យ​នយោបាយ ទាំង​វិស័យ​សេដ្ឋកិច្ច ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​តំណាង​រាស្ត្រ​នៅ​ត្រង់​ថា តំណាង​រាស្ត្រ​កើត​ចេញ​ពី​គណបក្ស​នយោបាយ ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ មិន​មែន​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ឯកត្តនាម។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​តំណាង​រាស្ត្រ​មាន​តួនាទី​ត្រូវ​តាម​ដាន​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​នោះ ឈរ​នៅ​លើ​គោល​នយោបាយ​អ្វី ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែរ​ទេ? លោក សុខ ទូច បញ្ជាក់​ទៀត​ថា តំណាង​រាស្ត្រ​ត្រូវ​ចុះ​ទៅ​មូលដ្ឋាន​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ និង​ប្រមូល​យក​ព័ត៌មាន​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ការ៖ «កាល ​ពី​សម័យ​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ តែ​ឥឡូវ​នេះ គេ​អត់​ត្រូវ​ការ​សមាជ​ជាតិ​ទេ គេ​ត្រូវ​ការ​តំណាង​រាស្ត្រ​ចុះ​ទៅ​ផ្ទាល់ ដើម្បី​យក​ចម្លើយ​ពី​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ហ្នឹង មក​ដាក់​នៅ​អង្គ​ប្រតិបត្តិ​ហ្នឹង គោរព​ទៅ​តាម​សំណើ​របស់​រាស្ត្រ»

ក្រៅ​ពី​នេះ​ទៀត រដ្ឋធម្មនុញ្ញ​ក៏​បាន​ចែង​អំពី​ការ​បោះ​ឆ្នោត​ទុក​ចិត្ត ឬ​ដក​សេចក្ដី​ទុក​ចិត្ត​រដ្ឋាភិបាល​ដែរ។ រដ្ឋសភា​មាន​អំណាច​បោះ​ឆ្នោត​ជ្រើស​នាយក​រដ្ឋមន្ត្រី នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​ជាប់​ជា​សមាជិក​សភា​ហើយ​ នោះ។ ទន្ទឹម​នឹង​នេះ រដ្ឋសភា​ក៏​មាន​អំណាច​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ណា​មួយ ឬ​រាជ​រដ្ឋាភិបាល​ទាំង​មូល ចេញ​ពី​តំណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​ រដ្ឋសភា​ទាំង​មូល។

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម​រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា ស្ថាប័ន​សភា តុលាការ និង​រដ្ឋាភិបាល បច្ចុប្បន្ន​នេះ​មិន​ចែក​ដាច់​ពី​គ្នា​នោះ​ទេ គឺ​ស្ថិត​នៅ​ក្រោម​គណបក្ស​កាន់​អំណាច។ លោក យឹម សុវណ្ណ ទទួល​ស្គាល់​ថា តំណាង​រាស្ត្រ​ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​គណបក្ស ដូច្នេះ​តំណាង​រាស្ត្រ​ពុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ ការងារ​របស់​ខ្លួន​ទេ។

លោក​អះអាង​ថា តំណាង​រាស្ត្រ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​នោះ មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទេ។ ដោយ​ឡែក ចំពោះ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា​នោះ ពុំ​មាន​ហ៊ាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​នាំ​នៅ​ក្នុង​សភា​ទេ៖ «ជាពិសេស ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ជំរុញ​ការ​ធ្វើ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ មាន​ឧបសគ្គ​មួយ​ចំនួន ដូច​ជា ករណី​លោក សម រង្ស៊ី ខំ​ធ្វើ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​តុលាការ​ធ្វើ​បាប និង​តំណាង​រាស្ត្រ​ដទៃ​ទៀត»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​ទី២ រដ្ឋសភា អ្នកស្រី ឃួន សុដារី បាន​ទទួល​ស្គាល់​ថា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង​ទេ ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ តំណាង​រាស្ត្រ​គណបក្ស​នីមួយៗ ចាំបាច់​ត្រូវ​ដើរ​តាម​គោល​នយោបាយ​គណបក្ស​របស់​ខ្លួន។ អ្នកស្រី ឃួន សុដារី បាន​ឲ្យ​ដឹង​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំពេញ​តួនាទី​ជាច្រើន​ជូន​ប្រជាពលរដ្ឋ និង​ពុំ​មាន​ឧបសគ្គ​អ្វី​ទេ។ ម្យ៉ាង​ទៀត ចំពោះ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ពុំ​មាន​ភាព​ស្ទាក់ស្ទើរ​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​មក​សួរ​នាំ​នោះ​ដែរ។

អ្នកស្រី ឃួន សុដារី៖ «ចែង​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​ដែរ ក្នុង​ការ​សួរ​រដ្ឋាភិបាល មាន​សួរ​ពីរ​បែប។ ទី១ យើង​អាច​កោះ​អញ្ជើញ​មក។ ទី២ យើង​សួរ​ដាក់​ជា​លាយលក្ខណ៍អក្សរ អ៊ីចឹង​បើ​យើង​ឃើញ​ការ​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ​សមរម្យ​ហើយ យើង​មិន​បាច់​កោះ​អញ្ជើញ​មក​សភា​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ពន្យល់​ថា នៅ​ក្នុង​អាណត្តិ​ទី៤ នេះ គេ​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទេ​ដែល​មាន​សកម្មភាព​កោះ​ហៅ​មន្ត្រី​ រដ្ឋាភិបាល និង​ធ្វើ​លិខិត​ឲ្យ​តំណាង​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​នោះ ដូច​ជា​ករណី​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ធ្វើ​លិខិត​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​សួរ​នាំ​អំពី​បញ្ហា​ព្រំដែន​ជាដើម។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល = Comfrel) បាន​ចេញ​របាយការណ៍​លទ្ធផល​អង្កេត​ស្រាវជ្រាវ ការ​ចូល​រួម និង​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​ឆ្នាំ​២០១១ ចេញ​ផ្សាយ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ថា​ម្ចាស់​ឆ្នោត​ភាគ​តិច​បាន​ស្គាល់​អ្នក​តំណាង​រាស្ត្រ និង​មិន​បាន​យល់​ដឹង​ច្រើន​ពី​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ជាពិសេស​ទំនាក់​ទំនង​រវាង​ម្ចាស់​ឆ្នោត​មាន​តិចតួច មិន​អាច​មាន​ឥទ្ធិពល​ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​ជួយ​ដោះស្រាយ ឬ​ក៏​ជួយ​អន្តរាគមន៍​លើ​បញ្ហា​កង្វល់​ផ្សេងៗ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា អ្នក​នយោបាយ​ខ្មែរ ឬ​តំណាង​រាស្ត្រ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ តំណាង​រាស្ត្រ​សកម្ម​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​រាស្ត្រ​ហ្នឹង នៅ​ពេល​គាត់​ត្រូវ​ការ​សន្លឹក​ឆ្នោត​ហ្នឹង គាត់​ទៅ​ជួប​រាស្ត្រ គាត់​ទៅ​អង្វរ​ប្រជាពលរដ្ឋ នៅ​ពេល​គាត់​បាន​សន្លឹក​ឆ្នោត​ហើយ គាត់​លែង​ជា​ខ្ញុំ​រាស្ត្រ​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ហ្នឹង គាត់​គួរ​តែ​បោះ​ឆ្នោត​ឲ្យ​ទៀត​ឬ?»

សមាជិក​សភា​មាន​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ឲ្យ​មាន​សំឡេង និង​ពាំនាំ​ការ​ព្រួយ​បារម្ភ និង​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ និង​ករណី​ផ្សេងៗ​ទៀត។

រដ្ឋសភា​បច្ចុប្បន្ន បាន​ចាប់​ផ្ដើម​ដំបូង​កើត​ចេញ​ពី​សភា​ធម្មនុញ្ញ ដែល​បាន​កើត​មក​ពី​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) អាណត្តិ​ទី១ ឆ្នាំ​១៩៩៣។ នៅ​ពេល​នោះ សភា​ធម្មនុញ្ញ​មាន​កិច្ចការ​ជា​ដំបូង​របស់​ខ្លួន គឺ​ព្រាង និង​អនុម័ត​រដ្ឋធម្មនុញ្ញ។ បន្ទាប់​ពី​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ នោះ សភា​ធម្មនុញ្ញ​បាន​ប្រែ​ក្លាយ​ទៅ​ជា​រដ្ឋសភា។

តំណាង​រាស្ត្រ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើ​ភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់។ ម្យ៉ាង​វិញ​ទៀត កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ តើ​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា ចំពោះ​ការ​បោះ​ឆ្នោត​នេះ?

ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស ឬ​បោះ​ទម្លាក់​អ្នក​តំណាង​រាស្ត្រ តាម​រយៈ​បញ្ជី​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដល់​មតិ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់​មុន​ការ​អនុម័ត​ស្នើ​ឲ្យ​តំណាង​រាស្ត្រ ឬ​រដ្ឋសភា ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នានា និង​ការ​សង្កេត​ពិភាក្សា​របស់​រដ្ឋសភា។

យ៉ាង​ណា​មិញ តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ត្រូវ​បាន​បំពេញ​តួនាទី ឬ​ធ្វើ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ទេ ដោយ​សារ​តែ​តំណាង​រាស្ត្រ​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ និង​មិន​ហ៊ាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ ប្រឈម​នោះ​ឡើយ ដូច​ជា​បញ្ហា​ជម្លោះ​ដីធ្លី​ជាដើម៕

Posted on 22 January 2013, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: