RFA : ខុមហ្វ្រែល ចង​ក្រង​អនុសាសន៍​១៦​ចំណុច​ដាក់​ជូន គ.ជ.ប ពិនិត្យ

ប្រភព ៖ http://www.rfa.org/khmer/indepth/comfrel-discuss-on-election-procedure-01212013234934.html

ដោយ សុខ សេរី

ផ្សាយ​ ៖ 2013-01-21

តំណាង​​គណបក្ស​​នយោបាយ​​មួយ​​ចំនួន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​មករា បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​អនុសាសន៍​សំខាន់ៗ​ចំនួន ១៦​ចំណុច ដើម្បី​ដាក់​ជូន​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពិនិត្យ និង​សម្រេច​តាម​អនុសាសន៍​នេះ។

koulpanha_COMFREL

RFA/Sok Serey នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​អនុសាសន៍​ចំនួន ១៦​ចំណុច កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣។

ប៉ុន្តែ មន្ត្រី គ.ជ.ប និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ទេ បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុមហ្រ្វែល = Comfrel) បាន​អញ្ជើញ​ជា​ផ្លូវការ​ក៏ដោយ។

អនុសាសន៍​ចំនួន ១៦​ចំណុច​នេះ ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​អង្គការ ខុមហ្រ្វែល ដើម្បី​ធានា​ថា ការ​ឃោសនា​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អង្គការ​ខុមហ្រ្វែល បាន​តម្រូវ​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗ និង​តំណាង​អង្គការ សង្គម​ស៊ីវិល​នានា ចុះ​ហត្ថលេខា​លើ​អនុសាសន៍​ទាំង​នោះ មុន​ពេល​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៤ ខែ​មករា ខាង​មុខ​នេះ ជា​ថ្ងៃ​អវសាន។

ចំណុច​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​អនុសាសន៍​ទាំង ១៦​ចំណុច​នោះ មាន​ដូច​ជា បង្កើត​គណៈកម្មការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​តែង​តាំង​សមាជិក​គណៈកម្មាធិការ​រាជធានី និង​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មាធិការ​សង្កាត់ និង​ស្រុក​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មាធិការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត។

គណៈកម្មាធិការ​ទាំង​នោះ គប្បី​ចូល​រួម​ដោយ​តំណាង គ.ជ.ប និង​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា​ជាតិ​ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា អនុសាសន៍​ទាំង ១៦​ចំណុច​នេះ គឺ​ចង់​ធានា​ថា ការ​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់៖ «អនុសាសន៍​នេះ ខាង​ខុមហ្វ្រែល យើង​បាន​ប្រមូល​ចងក្រង​ចេញ​មក​ពី​ការ​ពិភាក្សា​ជាមួយ​អង្គការ​មិន​មែន​ រដ្ឋាភិបាល និង​គណបក្ស​ចំនួន ៤​ដង និង​អនុសាសន៍​មួយ​ចំនួន​ចេញ​ពី​វេទិកា​នៅ​តាម​ខេត្ត​ចំនួន​៦ ដែល​បាន​ធ្វើ​កន្លង​មក​នេះ ហើយ​យើង​ដាក់​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​អនុសាសន៍​ដើម្បី​ឲ្យ​មាន​ការ​ ពិភាក្សា»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ លោក ទេព នីថា មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​មករា ដោយ​សារ​តែ​លោក​កំពុង​តែ​ជាប់​រវល់។

ជាមួយ​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស សម រង្ស៊ី លោក ហូ វ៉ាន់ ដែល​បាន​ចូល​រួម​ពិភាក្សា​លើ​អនុសាសន៍​ទាំង ១៦​ចំណុច​នោះ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អនុសាសន៍​ទាំង​នេះ ដោយ​សារ​តែ​កន្លង​មក​គណបក្ស សម រង្ស៊ី បាន​ជួប​ឧបសគ្គ​ជាច្រើន ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។

លោក ហូ វ៉ាន់៖ «ខ្ញុំ​យល់​ថា វា​មាន​ប្រយោជន៍​ដល់​គ្រប់​គណបក្ស​ទាំង​អស់ ហើយ​អាច​ឲ្យ​នីតិវិធី និង​បទ​បញ្ជា​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង កាន់​តែ​មាន​តម្លាភាព និង​ទទួល​យក​បាន​ជាង​ពេល​មុនៗ។ តែ​យ៉ាង​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​ឲ្យ គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទួល​យក ដែល​មាន​ចែង​យ៉ាង​ច្បាស់​សម្រាប់​កំណត់​ការ​កែប្រែ​សមាសភាព គ.ជ.ប និង​នីតិវិធី​របស់ គ.ជ.ប»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ គ្រោង​ចំណាយ​ថវិកា​ចំនួន ២១​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ ដោយ​រំពឹង​ថា​មាន​អ្នក​បោះ​ឆ្នោត​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ ទៅ​បោះ​ឆ្នោត។

រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៥ ហើយ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់ គ.ជ.ប ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ នេះ​បើ​តាម​បញ្ជី​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ៕

Posted on 22 January 2013, in ការបោះឆ្នោត​តំណាងរាស្រ្ត, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: