សកម្ម​ជន​​សិទ្ធិ​​មនុស្ស​​ត្រូវ​​តុលាការ​​កោះហៅ​​ទាក់​​ទង​​នឹង​​ការ​បង្រ្កាប​​នៅ​​ក្រចេះ​

http://khmer.voanews.com/content/cambodia-rights-activists-summoned-by-court-in-kratie-land-dispute-case/1486321.html

ថ្ងៃពុធ, 15 សីហា 2012

បដារូប​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត

វ៉ាស៊ីនតោន៖ លោក ​ចាន់ សាវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅថ្ងៃសុក្រ​ទី២៤ ខែ​សីហា​ពីបទ​ចោទ​ថា​បាន​ជួយ​ដល់​ ក្រុម​អបគមន៍​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ខែមេសា​ដែល​រដ្ឋាភិបាល​បាន​ចាត់វិធាន​ការ​ក្តៅ​នោះ។ លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​នឹង​ទៅ​ចូលរួម​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ប្រព្រឹត្ត​នូវ​អំពើ​អ្វី​ផង។​ រឿង​នេះ​ជា​កិច្ចការងារ​សង្គម​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្វើកិច្ចការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​រឿង​ចាំបាច់​ត្រូវតែ​ទៅបង្ហាញ​ខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ជាមួយ​នឹង​តុលាការ»។
លោក​ចាន់ សាវ៉េត​បាន​អះអាង​បន្ថែម​ថា​លោក​មិន​បាន​ដឹង​ពីបទចោទ​ដែល​ព្រះរាជអាជ្ញា​តុលាការ​ក្រុងភ្នំពេញ​បានចោទប្រកាន់​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ទទួល​ការកោះហៅ​មក​សាកសួរ​ពី​ព្រះរាជអាជ្ញា​ដែរ។
«រឿង​បទចោទ​ប្រកាន់​ខ្ញុំ​អត់​បាន​ដឹង​ថា​គេចោទ​ពី​បទអី​ពិតប្រាកដ​ទេ​ គ្រាន់តែ​ប្រពន្ធខ្ញុំ​គាត់បាន​ប្រាប់​ខ្ញុំ​ថា​ពី​បទផ្តល់​មធ្យោបាយ​ឲ្យចារី​ទាក់ទង​រឿង​ករណី​ខេត្ត​ក្រចេះ​អញ្ចឹង​ទៅ​ ហើយ​ខ្ញុំ​ក៏​វាអត់ទាន់​ដឹង​ច្បាស់​ថា​តើ​ដីការ​ហ្នឹង​យ៉ាង​ម៉េច​អី​ដែរ​បាទ»។
បើតាម​ដីការ​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​ ឆែ វីរៈ​កាលពីថ្ងៃ​៩ ​ខែសីហា​ បាន​បញ្ជាក់​ថា​លោក ចាន់ សាវ៉េត​អាយុ ​៤៤ឆ្នាំ​ជាមន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ត្រូវ​ចូល​ខ្លួន​មក​តុលាការ​នៅម៉ោង​៨:៣០​នាទី​ព្រឹក​ដើម្បី​សួរ​ចម្លើយ​ពីបទ​ទាក់ទង​នឹង​ការផ្តល់​ជំនួយ​ដល់​ចារី​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែឧសភា​ឆ្នាំ​ ២០១២​តាមបញ្ញត្តិ​មាត្រា៥៤៤​នៃ​ក្រម​ព្រហ្មទណ្ឌ។ ច្បាប់​នេះ​អាច​ដាក់​ទោសទណ្ឌ​ក្នុង​ពន្ធនាគារ​ពី១ឆ្នាំ​ដល់​៣ឆ្នាំ​ ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស​មែន។
តុលាការ​ពុំ​បញ្ជាក់ថា​ការផ្តល់ចារី​ឬ​ជនល្មើស​មួយណា​ទេ​ ហើយ​ក៏​ក្នុង​ករណី​អ្វី​ដែរ​ក្នុង​ដីការ​នោះ។
ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​កាលពី​សប្តាហ៍​ថ្មីៗ​នេះ​បាន​ថ្លែង​ជា​សាធារណៈ​ថា​ក្រុម​របស់​ប៊ុន រដ្ឋា​បាន​មក​ស្នាក់​នៅ​២យប់​ក្នុង​ផ្ទះ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ហើយ​មន្ត្រី​នោះ​បានផ្តល់​លុយ​៣០ម៉ឺន​រៀល​ទៀត​មុន​ចេញ​ទៅ​ប្រទេស​ថៃ។
លោក​ អំ សំអាត​ប្រធាន​ក្រុមអ្នក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អះអាង​ថា​ករណី​លោក​ ចាន់ សាវ៉េត​មានជាប់​ពាក់ព័ន្ធ​នឹង​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី។​ លោក​ថ្លែងថា​អង្គការ​សិទ្ធិ​មនុស្ស​តែងតែ​ធ្វើការ​តាមច្បាប់​និង​គោលការណ៍​របស់ខ្លួន​ដោយ​ការ​បើកទ្វារ​រហូត​ក្នុងការពិគ្រោះ​យោបល់ ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​សុំកិច្ច​អន្តរាគមន៍​ដល់​ជន​រងគ្រោះ​ ហើយ​នឹងការ​ផ្តល់​ថ្លៃ​បាយ​ ទឹក​ជាដើម​ដោយ​មិន​ដឹង​ថា​ នរណា​ជា​ជនល្មើស​ ជា​ឧក្រិដ្ឋជន​ទេ។​
«ហើយ​ដូច​រឿង​លោក សាវ៉េត​ខ្ញុំ​គិត​ថា​ប្រហែលជា​គាត់​មិន​បាន​ដឹង​ថា​នរណា ​មួយ​ ជា​ជនល្មើស​ឬ​ជា​ជនសង្ស័យ​ទេ។​ ហើយ​មួយ​ទៀត​អ្នក​ដែល​ចូលមក​គាត់​អាចប្រើ​ឈ្មោះ​ផ្សេង​ទៅ​ដែល​ធ្វើឲ្យ​យើង​មិន​បាន​ដឹងព្រោះ​យើង​មិន​បាន​ស្គាល់​មុខ​និង​មិន​បាន​ឃើញ​ដីការ​ចាប់ខ្លួន​ឬ​ក៏​លិខិត​អ្វីផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទេ។ អញ្ចឹង​ជាគោលការណ៍​យើង​តែងតែ​ជួយ​ទៅ»។
លោក អំ សំអាត​អះអាង​ថា​បើសិន​ជា​អង្គការ​សិទ្ធិ​មនុស្ស​ដឹងថា​ជនណា​មួយ​ជា ​ឧក្រិដ្ឋជន​ ក្រុម​អង្គការ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​នាំខ្លួន​ដូច​ករណី​មួយ​ ដែល​ទើបបាន​ ធ្វើនៅ​អង្គការ​លីកាដូ​ចំពោះ​ឧក្រិដ្ឋជន​ឈ្មោះ​យមរាជ​ដែល ​ពាក់ព័ន្ធ​នឹងបទឧក្រិដ្ឋ​ជាច្រើន​នោះ។
លោក ​បណ្ឌិត ​ឡៅម៉ុង ហៃ​អ្នកវិភាគ​ឯករាជ្យ​ម្នាក់​បាន​អះអាង​តុលាការ​កម្ពុជា​មើល​ហាក់​ដូច​ជា​ឆាប់​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ ចាប់​ចង​ភ្លាមៗ​ដែលលោក​ថា​ មានជាប់​ឥទ្ធិពល​នយោបាយ។
«ពីរ​ហ្នឹង​វាទៅ​សមប្រកប​ជាមួយគ្នា​តែម្តង។​ ដូចជាទៅ​ដល់​ការស៊ើប​ កោះហៅ ​ដល់ការ​ចាប់​ចង​ជាបណ្តើរៗ។​ ហើយបើ​ចេះតែ​ធ្វើអញ្ចឹង​ទៅ​គេហៅថា​បង្កើត​បរិយាកាស​ភ័យខ្លាច»។
លោក ​សុខ សំអឿន​នាយក​ក្រុម​អ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា​បាន​អះអាង​ថា ​លោក​ចាន់ សាវ៉េត​មាន​ទោស​បាន​ប្រសិនបើ​លោក​ជួយ​ជនណា​ម្នាក់​ពេល ​មានដីការ​ចាប់ខ្លួន ​ឬ​ពេល​អាជ្ញាធរ​តាម​ចាប់ខ្លួន។
«ចំពោះ​រឿង​ហ្នឹង​ឧបមាថា​គាត់ជួយ​ប្រជា​ពលរដ្ឋ​ រឿងបាតុកម្ម​ដែល​គាត់ភ័យ ​គាត់រត់​ ហើយ​បើសិន​យើង​អត់​ជួយ​ទៀត​ ថ្ងៃក្រោយ​ប្រជាពលរដ្ឋ​តែលតោល ​ទៀត​ហើយ។​ បើអញ្ចឹង​ថ្ងៃ​ក្រោយ​ទៅ​ ក្រុម​សិទ្ធិ​មនុស្ស​ម៉េច​នឹង​ហ៊ាន​ជួយ ​ប្រជា​ពលរដ្ឋ​ទៀត?» ។ ការចោទ​ប្រកាន់​រឿង​អបគមន៍​ដីធ្លី​នេះ​បានធ្វើ​ឲ្យ​មាន​ការចាប់​ខ្លួន​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត ​ដោយសារ​ការឆ្លើយ​ដាក់ថា​លោក​មាន​ការពាក់ព័ន្ធ​ជាមួយ​ផែនការ​អបគមន៍​ផ្តួលរំលំ​រដ្ឋាភិបាល ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​ លោក ​ម៉ម សូណង់ដូ​ប្រកែក​ពីការ​ពាក់ព័ន្ធ ​ហើយ​លោក​ ប៊ុន រដ្ឋា​ដែល​ជា​មេដឹកនាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​រឿង​កម្មសិទ្ធិ​ដីធ្លី ​នៅក្នុង​ស្រុកឆ្លូង​ ខេត្ត​ក្រចេះ​ក៏បាន​បដិសេដ​ដែរ​ក្រៅពី​អះអាងថា​លោក​គ្មាន ជាប់​ទាក់ទិន​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ទេ​នៅពេល​ទាក់ទង​ជាមួយវីអូអេ ​ជាបន្ត​បន្ទាប់​ពី​កន្លែង​ដែល​លោក​លាក់ខ្លួន៕

Posted on 15 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: