គណប​ក្ស​​សម​រង្ស៊ី​ និង​​គណ​បក្ស​​សិទ្ធិ​មនុស្ស ​រៀបចំ​​ស​មាសភា​​ព​ បង្កើត​​គណបក្ស​​ថ្មី​​​​​

http://www.cen.com.kh/localnews/show_detail/19?token=YzMxNGY0ZTM5NzFiODU1YzcyY2I4YjQ5MzNkYjg4

(ថ្ងៃទី 14 សីហា 2012, ម៉ោង 11:35:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: មកដល់ពេលនេះ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុង​រៀបចំ​សមាស​ភាព ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​រួមគ្នា គឺ​គណបក្សសង្គ្រោះ​ជាតិ​។ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាថ្មី​កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​។​
លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិប​តេយ្យសង្គ្រោះ​ជាតិ បាន​លើកឡើង​ថា “​យើង​បម្រុង​នឹងធ្វើ ( ចុះបញ្ជី​បង្កើត​គណបក្ស​ថ្មី ) នៅ​ពេល​ឆាប់ៗ​។ ឥឡូវនេះយើង​កំពុង​រៀបចំ​អ្នក ៨០ នាក់ ដែល​ចេញពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​គណបក្ស​ថ្មី​។ យើង​មិន​អាច​រំលាយ​គណបក្ស​យើង​ទាំង​ពីរ​ចោល​បាន​ភ្លាម​ទេ ដោយសារ​តែ​យើង​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​រាជធានី​ ខេត្ត​។ ដូច្នេះ​យើង​រក​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​តួនាទីក្នុង​គណបក្ស​ចាស់​នេះ ដើម្បី​ទៅ​បង្កើត​គណបក្ស​ថ្មី ដល់​ពេល​ជិត​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៣ ទើប​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋសភា និង​ព្រឹទ្ធសភា ទៅ​ឈរ​ឈ្មោះ ក្នុង​គណបក្ស​ថ្មី​នោះ​”​។​
លោក ប៉ុល ហំ​ម បាន​បន្ថែមថា “​អ្នក​នៅ​ក្នុង​រដ្ឋសភា​ឥឡូវ ក៏​ចេញទៅ​អត់​ទាន់​បានដែរ​។ ទាល់តែ​ជិត​ដល់​ពេល​បោះឆ្នោត ឆ្នាំ​២០១៣ ទើប​គេ​ចេញពី​គណបក្ស​ចាស់ ទៅ​ឈរ​ឈ្មោះ​បោះឆ្នោតនៅ​គណបក្ស​ថ្មី​បាន​។ យើង​ធ្វើ​នេះ ឲ្យស្រប​ច្បាប់ ដើម្បី​រក្សា​អាសនៈ ដែល​យើង​ខំ​រកទាំង​ពីរ​គណបក្ស​។ ដូច្នេះ​ពេល​នេះយើង​កំពុង​រៀបចំ​សមាសភាព អ្នក​ទាំង ៨០ នាក់ ដើម្បី​បង្កើត​គណបក្ស​ថ្មី ដោយ​មិន​មាន​លោក កឹម​សុខា ទេ​។ តែ​លោក​សម​រង្ស៊ី អាច​នឹង​ចូល​បាន នៅក្នុង​សមាសភាព​គណបក្ស​ថ្មីនៅពេលនេះ​។ យើង​កំពុង​រៀបចំនៅថ្ងៃនេះ គណបក្ស​សិទ្ធិមនុស្ស ពិនិត្យមើល​សមាសភាព​នរណា​ខ្លះដែល​អាច​នឹង​ទៅ​ចូលរួមបង្កើត​គណបក្ស​ថ្មី​បាន​។ យើង​ធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ទេ​។ ប៉ុន្តែ​សមាជិក​សភា​របស់​យើង ៣ រូប ដែល​មាន​ទាំង​ឯកឧត្តម កឹម សុខា ទៅ​មិន​ទាន់​បាន​ទេ​។ ប៉ុន្តែ​ឯកឧត្តម សមរង្ស៊ី បើសិនជា​មិន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ទេ គាត់​ប្រហែលជា​ចេញ​ទៅ​មុន មើលទៅ​”​។​
លោក ប៉ុល ហំ​ម បាន​បន្ថែមថា “​អ្នក​ទៅ ៨០ នាក់​នោះ យើង​ត្រូវ​ជ្រើសរើស ៧ នាក់ ធ្វើ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​បណ្តោះអាសន្ន មុននឹង​ធ្វើ​សមាជ ដើម្បី​យើង​រៀបចំ​ឯកសារ យកទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ស្រប​ទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​”​។​
ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ លោក​ប៉ុល​ ហំ​ម ក៏​បាន​បន្ថែមថា គណបក្ស​រួបរួម​ថ្មី​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​នឹង​ត្រូវ​ដាក់​ឈ្មោះ​ជា គណបក្ស​សង្គ្រោះ​ជាតិ ដូច​អ្វី​ដែល​ថ្នាក់​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក​សម​រង្ស៊ី និង​លោក​កឹម​ សុខា បានប្រកាសក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​។​
ច្បាប់ស្តីពីគណបក្សនយោបាយ ដែល​បាន​អនុម័តដាក់ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៧ ត្រង់​ជំពូក​ទី​២ និយាយ​ពី​ការបង្កើត​គណបក្ស​នយោបាយ បង្ហាញថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​យ៉ាងតិច ៨០ នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ហើយ​ដែល​មាន​ទីលំនៅ​ជា​អចិន្ត្រៃយ៍នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​ផ្តើម​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន ដោយ​គ្រាន់តែ​ជូនដំណឹង​ជា​លាយ​លក្ខ​ណ៍អក្សរទៅ​ក្រសួង​មហាផ្ទៃ​។
គណបក្សនយោបាយ ដែល​ទើប​បង្កើត ត្រូវ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន ដែល​មាន​សមាជិក​យ៉ាងតិច ៧ រូប ហើយ​ដែល​ម្នាក់ៗមាន​អាយុ​យ៉ាងតិច ២៥ ឆ្នាំ សម្រាប់​រៀបចំ​បែបបទ និង​បំពេញ​ល័ក្ខខ័ណ្ឌ នៃ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ តាម​ការកំណត់ ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ នៃ​ច្បាប់​នេះ ដើម្បី​ទទួល​សុពលភាព​។​
ចំណែក​ជំពូក​ទី​៣ និយាយ​ពី​សមាជិកភាព ត្រង់​មាត្រា ១៥ ក៏​បាន​កំណត់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ មិនអាច​ជា​សមាជិក​គ​ណ​បក្សនយោបាយ លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​។ ក្នុងករណី​ដែល​បុគ្គល​មួយ​រូប ចូល​ជា​សមាជិក​គណបក្ស​នានា​យ៉ាងច្រើន សមាជិកភាព​ក្នុង​គណបក្ស​នយោបាយ​ចុងក្រោយ ត្រូវ​ចាត់ទុក​ជា​បានការ​។​
ចំណែក​ជំពូក​ទី​៥ និយាយ​ពី​ការចុះបញ្ជី​គណបក្សនយោបាយ បាន​កំណត់​ថា គណបក្សនយោបាយ ត្រូវ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ដោយ​ត្រូវមាន​សមាជិក​យ៉ាងតិច ៤០០០ នាក់ មកពី​បណ្តា​ខេត្ត ក្រុង​មួយចំនួន​។ សមាជិក​នោះ មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន និង​ស្នាម​មេដៃ ដោយ​មាន​បញ្ជាក់​លេខ ប័ណ្ណសមាជិក​គណបក្ស និង​កាលបរិច្ឆេទ​នៃ​ការចូល​សមាជិកភាព​គ​ណ​បក្សនយោបាយ​។​
ដោយឡែក​ក្នុង​ច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ជំពូក​ទី​៤ និយាយ​ពី​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រង់​មាត្រា ៣៤ ថ្មី កំណត់​ពី​ពលរដ្ឋ​កម្ពុជាដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​ក្នុង​នោះ ជន​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារ​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ហើយ​ដែល​មិនទាន់​មាន​នីតិសម្បទា​ឡើងវិញ ឬ​ជា​ជន​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដកសិទ្ធិ​បោះឆ្នោត​។ ក្នុងនោះ ជន​ដែល​ត្រូវ​ដកហូត​ជា​បណ្តោះអាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត ឬ​ជន​ដែល​ត្រូវបាន​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោតដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
ជា​ការកត់សម្គាល់ គណបក្ស​រួបរួម​ថ្មី រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​ព្រមព្រៀង​គ្នា​ថា លោក​សម​រង្ស៊ី ជា​ប្រធាន​។ រីឯ​លោក​កឹម​ សុខា ជា​អនុប្រធាន​។ ក្នុងនោះលោក​សម​រង្ស៊ី ក៏​នឹង​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រអាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ផងដែរ​។​
ក៏​ប៉ុន្តែ​លោក​សម​រង្ស៊ី បច្ចុប្បន្ន កំពុង​ជាប់ទោស ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​នាំឲ្យ​លោក បង្ខំចិត្ត​និរទេស​ខ្លួន ទៅ​រស់នៅ​ប្រទេស​បារាំង ចាប់តាំងពី​ចុងឆ្នាំ​២០០៩​។​
បើ​តាម​ច្បាប់ ស្តីពី គណបក្សនយោបាយ ហាក់ដូចជាមិនបាន​កំណត់​ជាក់លាក់​ថា អ្នក​ដែល​ជាប់ទោស មិន​អាច​ឈរឈ្មោះជា​ប្រធាន​គណបក្ស​នយោបាយ​បានឡើយ​។ ក៏​ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពីការបោះឆ្នោត​តំណាងរាស្ត្រ បាន​កំណត់​យ៉ាង​ច្បាស់​ថា អ្នក​ជាប់​ទោសមិន​អាច​ឈរឈ្មោះ​បោះឆ្នោត និង​មិន​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទេ​។ ដូច្នេះ​ច្បាស់​​ណាស់​ថា លោក​សម​រង្ស៊ី ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខដាក់​ពន្ធនាគារ និង​ក្លាយជា​ទណ្ឌិត​នោះ គឺ​ពិតជា​មិន​អាច​ឈរឈ្មោះ តំណាងរាស្ត្រ ឬក៏​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ បានឡើយ​៕​ S

Posted on 14 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: