តំណាង​រាស្ត្រ​​គណ​បក្ស​​សម​រង្ស៊ី​ ស្នើ​​ឲ្យ​មាន​​ការ​ជជែក​​ពិភាក្សា​ ក្នុង​​រដ្ឋ​សភា ​រឿង​ព្រំ​ដែន​​កម្ពុជា​-​វៀត​ណាម​​

http://www.cen.com.kh/localnews/show_detail/129?token=MTkzZDg1Y2IyOWQ5NjVjNTljNjdhYzYxZjA0YTZk

ថ្ងៃទី 7 សីហា 2012, ម៉ោង 10:21:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​សរសេរ​លិខិត​ទៅកាន់​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើ​ឲ្យមាន​ការជជែក​ពិភាក្សា រវាង​អ្នកតំណាងរាស្ត្រ និង​តំណាង​រាជរដ្ឋាភិបាល លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​សង្គមនិយម​វៀតណាម​។ លិខិត​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ធ្វើឡើង ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ថា នឹង​ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា ពី​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​សីហា ឆ្នាំ​២០១២​។​
លិខិត ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ និង​ត្រូវបាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​គណបក្ស​សមរង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​៧​សីហា ឆ្នាំ​២០១២ បាន​បង្ហាញ​នូវ​ឈ្មោះ និង​ហត្ថលេខា​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ៩ រូប​។​
ក្នុង​លិខិត បាន​លើកឡើង​ថា “​យើងខ្ញុំ​បាន​ទទួលដំណឹង​ថា តំណាង​រាជរដ្ឋាភិបាល នឹង​អញ្ជើញ​មក​កាន់​រដ្ឋសភា ដើម្បី​ឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់ លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​សង្គមនិយម​វៀតណាម នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ នៅក្នុង​អំឡុងពេល នៃ​ការឆ្លើយបំភ្លឺ​នេះ យើងខ្ញុំ​ស្នើសុំ​ឲ្យមាន​ការជជែក​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា រវាង​អ្នកតំណាងរាស្ត្រ និង​តំណាង​រាជរដ្ឋាភិបាល​”​។​
​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា “​ការជជែក​ពិភាក្សា​នេះ នឹង​ផ្តល់​ព័ត៌មាន​កាន់តែច្បាស់​លើ​ការបោះបង្គោល​ព្រំដែន​ខាង​លើ ដល់​ប្រជាពលរដ្ឋ​យើង ដែល​ជា​ម្ចាស់​ប្រទេស និង​បង្ហាញ​ពី​ការទទួលខុសត្រូវ​របស់​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ចំពោះមុខ​ប្រទេសជាតិ​។​
​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ចំពោះ​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ជា​ទូទៅ ក្នុងពេល​តំណាង​រាជរដ្ឋាភិបាល ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា ដូចជា ករណី​ពលករ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​មាន​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា នា​ពេលកន្លងមក គឺ​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា មិន​បាន​បើក​ឱកាស​ឲ្យមាន​ការសួរដេញដោល​អ្វី​ឡើយ​។​
​យ៉ាងណាក៏ដោយ សម្រាប់​លើក​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​រួច​ហើយ​ថា សម្តេច​នឹង​ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់ ដើម្បី​ពន្យល់​បំភ្លឺ​ពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​អ្វី​ដែល​សម្តេច​ថា ឲ្យដឹង​ស​ខ្មៅ និង​ជ្រះ​ស្រលះ កុំ​ឲ្យ​គណបក្សប្រឆាំង និង​សកម្មជន​ព្រំដែន​មួយ​ចំនួន ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច​ថា បាន​កាត់​ទឹកដី ទៅ​ឲ្យ​ប្រទេស​វៀតណាម​។​
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការ​ពេលវេលា ៤ ម៉ោង និង​ស្នើ​ឲ្យមាន​ការ​ផ្សាយ​​បន្តផ្ទាល់​តាមប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ អំពី​បទ​អន្តរាគមន៍​របស់​សម្តេច នៅក្នុង​រដ្ឋសភា ស្តីពី​ដំណើរការ​បោះបង្គោល​កំណត់​ព្រំដែន​នោះ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២​សីហា ឆ្នាំ​២០១២ នៅ​ចំពោះមុខ​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច​ថា សម្តេច​អាចធ្វើ​បទ​អន្តរាគមន៍ ដោយ​គ្មាន​ឈប់ បាន​រយៈពេល ៧ ម៉ោង ក៏​បាន​ដែរ​។ ដូច្នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​មាន​ងារ​ជា​បុរស​ខ្លាំង​របស់​កម្ពុជា នឹង​មិន​រុញ​រា ដើម្បីបើកវេទិកា​ជជែក​ពិភាក្សា ដោយ​ផ្ទាល់មាត់ ជាមួយនឹង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ឡើយ ក្នុង​ពេល​សម្តេច​ចូល​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២​។​
​គឺ​នៅ​ពេល​នោះ​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ប្រើ​វេទិកា​រដ្ឋសភា ដើម្បី​បន្សាប​ព័ត៌មាន​ឃោសនា​លើ​ប្រធានបទ​ព្រំដែន សម្រាប់​យុទ្ធសាស្ត្រ​វែងឆ្ងាយ ឈានទៅរក​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣​។ នោះ​គឺ លែង​ឲ្យ​គណបក្សប្រឆាំង ជ្រើស​យក​​ប្រធានបទ​ព្រំដែន ទៅ​ឃោសនា​បោះឆ្នោត ដូចពេលមុនៗ​តទៅទៀត​៕​

Posted on 7 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: