កម្ពុ​ជា​​នៅ​​មិន​​ទាន់​​មាន​​ច្បាប់​​គ្រប់​គ្រង​​ព័ត៌​មាន​​តាម​​បណ្ដាញ​​សង្គម​

http://www.rfa.org/khmer/indepth/facebook-08012012002640.html

ដោយ ទេព សុរ៉ាវី 2012-08-01

បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក (Facebook) ដែល​អាច​ប្រើប្រាស់​ទាំង​ភាសា​ខ្មែរ និង​បរទេស កំពុង​តែ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ចំពោះ​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ អ្នក​នយោបាយ មន្ត្រី​រាជការ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន និង​អ្នក​សារព័ត៌មាន​ជាដើម។

ទំព័រ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook)

ក្រុម​អ្នក​សារព័ត៌មាន មន្ត្រី​ច្បាប់ និង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ការ​ដែល​អ្នក​សារព័ត៌មាន​យក​រូបថត ពាក្យ​សន្ទនា (Comment) នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក មក​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​របស់​ខ្លួន ឬ​តាម​បណ្ដាញ​ឃោសនា​នានា រួច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​គេ​នោះ នៅ​មិន​ទាន់​មាន​ច្បាប់​ណា​មួយ​អាច​គ្រប់គ្រង និង​ដាក់​ទោស​ទណ្ឌ​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​មិត្ត​អ្នក​សារព័ត៌មាន​ខ្មែរ លោក ឱម ច័ន្ទតារា ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ។ ការ​ប្រើ​ពាក្យ​ឆ្លងឆ្លើយ​តាម​សារ​អេឡិចត្រូនិក​ជា​សាធារណៈ​នៅ​លើ ហ្វេសប៊ុក គឺ​មាន​ន័យ​ថា អ្នក​សារព័ត៌មាន​អាច​មាន​សិទ្ធិ​ដក​ស្រង់​ពាក្យ ឬ​ភាសា​អង់គ្លេស​ហៅ​ថា ខ្វូត (Quote) របស់​បុគ្គល​សាធារណៈ​ទាំង​នោះ​មក​ប្រើ ឬ​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ជា​មុន។

លោក​បន្ត​ថា រាល់​សម្រង់​ពាក្យ​ត្រូវ​មាន​ប្រភព​ច្បាស់លាស់ ហើយ​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​ច្បាស់ ជៀសវាង​យក​សម្រង់​ពាក្យ​ពី​ប្រភព​ណា​មួយ​ដែល​ចុះ​ផ្សាយ​ទៅ​មាន​លក្ខណៈ​ញុះញង់ និង​បង្ក​មហន្តរាយ​ដល់​អ្នក​ដទៃ។

លោក ឱម ច័ន្ទតារា៖ «អ្នក​ព័ត៌មាន​គួរ​ឆ្លាតវៃ​បន្តិច។ សំដី​ណា​ដែល​ជា​សំដី​ពិត សំដី​ណា​ដែល​ជា​សំដី​ពាក្យ​ចចាមអារ៉ាម ដូច្នេះ​យើង​ត្រូវ​មាន​វិជ្ជាជីវៈ​ដើម្បី​ប្រើប្រាស់​បណ្ដាញ ប្រភព​ព័ត៌មាន​យើង។យើង​កុំ​ឲ្យ​ឃើញ​ថា កុំ​ឲ្យ​តែ​មាន​ទឹក​យើង​ចេះ​តែ​ផឹក​មិន​បាន​ទេ»

និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ ឲ្យ​ដឹង​ថា កាសែត​រស្មី​កម្ពុជា ធ្លាប់​បាន​ដក​ស្រង់ Comment (មតិ) ពី​ប្រភព​នៅ​លើ​ហ្វេសប៊ុក មក​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត ដោយ​យល់​ឃើញ​ថា មតិ​ទាំង​នោះ​ធ្វើ​ឡើង​ជា​សាធារណៈ ដោយ​មិន​ចាំបាច់​សុំ​សិទ្ធិ​ចុះ​ផ្សាយ​ជា​មុន៖«ទោះ​បី​ជា​គាត់​កំហិត​ជាមួយ Fan (អ្នក​គាំទ្រ) គាត់ ១​ពាន់ ២​ពាន់​នាក់​ក៏ដោយ តែ​វា​ជា​សាធារណៈ អ៊ីចឹង​ខ្ញុំ​យក ខ្ញុំ​ចាត់​ទុក​ថា នោះ​ជា Commentមិន​ផ្លូវ​ការ»

តែ​ទោះ​ជា​យ៉ាង​ណា លោក ប៉ែន សមិទ្ធិ បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នៅ​តែ​ត្រូវ​ទទួល​ខុស​ត្រូវ​អត្ថបទ​របស់​ខ្លួន​ដែល​ដក​ស្រង់​សំដី​ប្រភព​ចេញ​ពី​ហ្វេសប៊ុក។ ប្រសិន​បើ​ការ​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​ធ្វើ​ឲ្យ​ប្រភព​របស់​ខ្លួន​ប៉ះពាល់​ផល​ប្រយោជន៍​ជា​ទ្រព្យ​សម្បត្តិ កិត្តិយស ឬ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ជាដើម៖ «យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ពី​អ្វី​ដែល​យើង​ប្រើ ដូច​ដែល​យើង Interview (សម្ភាស) មនុស្ស​ផ្សេង​ទៀត​នៅ​ខាង​ក្រៅ​អ៊ីចឹង។ តែ​ច្បាប់​ទំលាប់​អំពី​រឿង​ហ្នឹង នៅ​ស្រុក​ខ្មែរ​យើង​នៅ​មិន​ទាន់​មាន​ជាក់ស្ដែង»

បណ្ដាញ​ព័ត៌មាន​សង្គម​ដ៏​ធំ ហ្វេសប៊ុក ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​សេរី​នៅ​កម្ពុជា ដោយ​គ្មាន​ច្បាប់​គ្រប់គ្រង។ អ្នក​នយោបាយ និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​នេះ សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​សង្គម និង​មិត្តភ័ក្ដិ។ ជួន​កាល​បុគ្គល​ខ្លះ​ជ្រុល​បង្ហោះ​រូប​អាសអាភាស ខ្លះ​បន្លំ​ឈ្មោះ និង​រូបភាព​ក្នុង​ហ្វេសប៊ុក និង​ខ្លះ​ទៀត​ឆ្លងឆ្លើយ​សារ​អេឡិចត្រូនិក​ជា​លក្ខណៈ​បុគ្គល តែ​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​មើល​ឃើញ និង​យក​មក​ចុះ​ផ្សាយ​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​កាសែត​របស់​ខ្លួន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា ការ​ជជែក​នៅ​លើ​ហ្វេសប៊ុក មិន​ស្ថិត​ជា​លក្ខណៈ​ឯកជន​ទៀត​ទេ ព្រោះ​គេ​ដឹង​ជា​ទូទៅ​ថា បណ្ដាញ​ព័ត៌មាន​នេះ​ជា​សាធារណៈ ហើយ​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ដក​ស្រង់​សំដី​របស់​មន្ត្រី​អ្នក​នយោបាយ ឬ​បុគ្គល​ណា​មួយ​មក​ប្រើប្រាស់​បាន​ជា​ផ្លូវការ។

លោក ផៃ ស៊ីផាន៖ «កាល​ណា Social Network (បណ្ដាញ​សង្គម) លើស​តែ​ពីរ​នាក់ លើស​ពី Group (ក្រុម) គេ​ពីរ​បី​នាក់ វា​លែង​ជា Privacy (ឯកជន) ល្គឹកណា​គេ​និយាយ​ថា ហ្នឹង​ជា​ព័ត៌មាន​ឯកជន​របស់​ក្រុម​គេ មិន​អាច​ប្រើប្រាស់​បាន​ទេ អា​ហ្នឹង​យើង​ប្រើប្រាស់​អត់​បាន​ទេ។ តែ​បើ​គេ​អត់​ដាក់​ហាម​នៅ​ក្នុង​ហ្នឹង អា​ហ្នឹង​យើង​អាច​ប្រើប្រាស់​បាន​ហើយ ជា​ព័ត៌មាន​សាធារណៈ​ហើយ»

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​ពន្យល់​ផ្នែក​ច្បាប់​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​តាម​អ៊ីនធឺណិត​នៅ​ឡើយ ហើយ​គេ​មិន​ច្បាស់​ដូច​គ្នា​ថា រាល់​ព័ត៌មាន​តាម​ហ្វេសប៊ុក អាច​ចាត់​ទុក​ជា​ព័ត៌មាន​សាធារណៈ ដែល​អាច​ប្រើ​ជា​ផ្លូវការ​បាន ឬ​ក៏​អត់?

លោក​បញ្ជាក់​ថា អ្នក​កាសែត​ដែល​ស្រង់​មតិ​ប្រភព​ពី​ហ្វេសប៊ុក យក​មក​ប្រើ ដោយ​គេ​មិន​មែន​ជា​សមាជិក មិត្តភ័ក្ដិ (Friend) ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ សាមី​ខ្លួន ឬ​ប្រភព​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អ្នក​កាសែត​បាន។ តែ​អ្វី​ជា​ឧបសគ្គ គឺ​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ អាច​មាន​ការ​លំបាក ត្រង់​ថា​កម្ពុជា​មិន​មាន​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​តាម​អ៊ីនធឺណិត ដែល​គេ​ពិបាក​កំណត់​ថា តើ​ការ​ដាក់​ពាក្យ​ប្ដឹង​នោះ​ស្ថិត​ក្រោម​បទ​ចោទ​អ្វី​ឲ្យ​បាន​ច្បាស់?

លោក​បន្ថែម​ថា ជន​រងគ្រោះ ឬ​ប្រភព​អាច​ដាក់​ពាក្យ​ប្ដឹង​អ្នក​កាសែត​ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ ប្រសិន​បើ​ការ​ចុះ​ផ្សាយ​នោះ​មិន​ពិត និង​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​របស់​ខ្លួន៖«បរិហារកេរ្តិ៍​ក៏​មាន​ការ​ពិបាក​ដែរ។ ដែល​ហៅ​ថា បរិហារកេរ្តិ៍ ឬ​ញុះញង់​បាន ទាល់​តែ​យើង​ធ្វើ​ក្នុង​ទី​សាធារណៈ​ដែរ ដូច្នេះ​មតិ​នឹង​វា​ផ្សព្វផ្សាយ​ជា​សាធារណៈ ឬ​អត់…? មាន​ន័យ​ថា នរណា​ក៏​មើល​បាន។ កាល​ណា​មនុស្ស​លើ​ពិភពលោក​មើល​បាន ចុះ​មនុស្ស​ដែល​អត់​មាន​អ៊ីនធឺណិត និង​កុំព្យូទ័រ​មើល​មិច​បាន ដូច្នេះ​ហើយ​ទាល់តែ​មាន​ច្បាប់​បញ្ជាក់​ទើប​បាន យើង​មិន​អាច​យក​អា​ហ្នឹង​ទៅ​បកស្រាយ​ទទេៗ​ទេ»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា ការ​ដក​ស្រង់​សំដី​ប្រភព​ពី​ហ្វេសប៊ុក ដោយ​គ្មាន​ការ​អនុញ្ញាត ជា​ការ​រំលោភ​សិទ្ធិ​ឯកជន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស កេរ្តិ៍​ឈ្មោះ និង​អាច​ប៉ះពាល់​ដល់​ការងារ​របស់​គេ៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​គេ​មួយ​ដែរ គិត​ថា វា​មិន​ទាន់​មាន​បទល្មើស​ណា​មួយ​ដែល​អាច​ចោទ​ប្រកាន់​បាន ប៉ុន្តែ​សាមី​ខ្លួន​គេ​អាច​ប្តឹង​បាន»

ទោះ​ជា​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ដោយ ក៏​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ មិន​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​នោះ​ទេ ដោយ​បាន​លើក​ឡើង​ថា គួរ​តែ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បច្ចេកវិទ្យា​ទំនើប​ឲ្យ​បាន​ពេញលេញ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​សេចក្ដី​ព្រាង​នៃ​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​នោះ។

សម្រាប់​លោក អំ សំអាត ក៏​បាន​ស្នើ​សុំ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​កុំ​ភ្លេច​ខ្លួន​រាល់​ការ​បង្ហោះ​រូបភាព និង​ការ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក ដើម្បី​កាត់​បន្ថយ​ការ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ម្យ៉ាង​វិញ​ទៀត​គួរ​តែ​សរសេរ​កំណត់​សំគាល់​មួយ​នៅ​ខាង​ក្រោម រាល់​ការ​បញ្ចេញ​មតិ ដោយ​បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​នោះ​វា​អាច​ប្រើប្រាស់​តែ​ក្នុង​មិត្តភ័ក្ដិ​របស់​ខ្លួន​ប៉ុណ្ណោះ មិន​អាច​យក​ចុះ​ផ្សាយ​ជា​សាធារណៈ​បាន​ទេ៕

Posted on 2 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: