rfa: លោក​ សម​ រង្ស៊ី​ អស់​​សិទ្ធិ​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត​​

http://www.rfa.org/khmer/indepth/samrainsy_cannot_return_home-07252012061337.html

ដោយ សុខ សេរី 2012-07-25

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​ មិន​ទទួល​យក​គំនាប​ណា​មួយ​ពី​បរទេស រាប់​ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ចូល​មក​​កម្ពុជា​វិញ ដោយ​គ្មាន​ទោស​ពៃ និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ គឺ​ដំណើរ​ការ​ដូច​បាន​គ្រោង​ទុក តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​បាន​ទេ ដោយ​សារ​តែ​លោក​បាន​ក្លាយ​ជា​ទណ្ឌិត ដែល​ច្បាប់​បោះ​ឆ្នោត​បាន​ហាម​ឃាត់។

លក្ខខ័ណ្ឌ​មួយ​សំខាន់​គឺ​ថា ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី ត្រូវ​តែ​ធ្វើ​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​បង្ហាញ​ថា លោក​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​ណា​មួយ​ទេ។

លោក កែវ រ៉េមី បញ្ជាក់​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​ពេល​នេះ។

ការ​ប្រកាស​នេះ គឺ​ក្រោយ​ពេល​ដែល​គណបក្ស សិទ្ធិ​មនុស្ស ដឹកនាំ​ដោយ​លោក គឹម សុខា និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​រួម​គ្នា​ប្រកាស​ថា​នឹង​នាំ​លោក សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

បន្ថែម​លើ​នេះ​ទៀត មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ គ្រោង​ធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​នានា​ពី​បរទេស រាប់​ទាំង​សហរដ្ឋអាមេរិក ឲ្យ​លោក សម រង្ស៊ី វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ និង​ធ្វើ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ករណី​របស់​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​នយោបាយ​ទេ។

លោក កែវ រ៉េមី៖ «ដល់​ពេល​ឥឡូវ ចូល​ដល់​ទាក់ទង​រឿង​ប្រធាន​គណបក្ស សម រង្ស៊ី ថា​ឲ្យ​សម្រប​សម្រួល​ទៀត​ហើយ។ សួរ​ថា ចេះ​តែ​សម្រប​សម្រួល ចេះ​តែ​អីចឹង​បន្ត​ទៀត សួរ​ថា តើ​នរណា​គោរព​យើង អ្នក​ណា​ដែល​ត្រូវ​តែ​អនុវត្ត​ច្បាប់​បន្ត​ទៀត គេ​អត់​អាច​យក​យើង​ធ្វើ​ជា​គំរូ​បាន​ទេ។ អីចឹង​មាន​វិធានការ​មួយ គឺ​សុំ​ឲ្យ​បងប្អូន​យើង​មេត្តា​ពិចារណា​ពង្រឹង​តាម​ច្បាប់​ទម្លាប់ ហើយ​កុំ​គិត​ជា​របៀប​ជា​មនោសញ្ចេតនា។ ច្បាប់​ទម្លាប់​បាន​បង្ហាញ​ហើយ​ថា ជន​ណា​ដែល​មាន​ទោស មិន​អាច​ធ្វើ​នយោបាយ​បាន»

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រួយ​បារម្ភ​ចំពោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បាន​បង្កើត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​របស់​លោក សម រង្ស៊ី៖ «លោក​ប្រធាន សម រង្ស៊ី គឺ​ជា​វីរជន​នៅ​ក្នុង​បេះដូង​ខ្មែរ មិន​មែន​ជា​ឧក្រិដ្ឋជន ដូច​អ្នក​កាន់​អំណាច​បាន​ចោទ​ប្រកាន់​នោះ​ទេ។ ដូច្នេះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ចាប់​បដិសន្ធិ​ឡើង​នេះ មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​យ៉ាង​គគ្រឹកគគ្រេង និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក»

ប្រធាន​អង្គការ ខុមហ្វ្រែល (Comfrel) ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​អវត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ៖ «រឿង​ករណី​លោក សម រង្ស៊ី គឺ​រឿង​នយោបាយ​ណា គួរ​យក​មក​ជជែក​ក្នុង​ពេល​បោះ​ឆ្នោត

ចំណែក​ឯ​អគ្គលេខាធិការ​របស់ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ៖ «ក្នុង​ករណី​ជា​ទណ្ឌិត គឺ​មិន​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ។ បើ​គាត់​បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ពេល​ចុះ​ឈ្មោះ ឬ​ចុះ​បញ្ជី​បេក្ខជន គ.ជ.ប នឹង​ទទួល​ស្គាល់ ហើយ​បើ​លក្ខខណ្ឌ​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ យើង​បដិសេធ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ គ្រោង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ថ្មី​ទៀត នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ​នេះ ដើម្បី​លុប​ឈ្មោះ​អ្នក​ដែល​មាន​ទោស ឬ​ទណ្ឌិត ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ៕

Posted on 26 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: