rfa: បក្ស​​សម​​រង្សី​៖ បក្ស​​ប្រជា​​ជន​​គ្រប់​​គ្រង​​អំណាច​​៣០​​ឆ្នាំ​ កម្ពុជា​​បាត់បង់​​ទ្រព្យ​​រដ្ឋ​

http://www.rfa.org/khmer/indepth/politics-07222012100537.html

ដោយ ម៉ម មុនីរតន៍

2012-07-22

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​រិះគន់​ការ​ដឹក​នាំ​ប្រ​ទេស​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា កំពុង​ធ្វើ​ឲ្យ​សម្បត្តិ​ធនធាន​ធម្មជាតិ មាន​បឹង​បួរ ដី រ៉ែ ឧស្ម័ន ប្រេង​កាត និង​អាគារ​សាធារណ​របស់​រដ្ឋ​រង​ការ​បាត់​បង់។

RFA/Vann Vichar

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ថ្លែង​ក្នុង​សមាជ​លើក​ទី​២ របស់​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ ២០១២។

អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក ក្លូបល វីតណេស (Global Witness បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​សម្រាប់​លក់។

មន្ត្រី​រដ្ឋាភិបាល​ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​ចំ​ពោះ​ការ​ចោទ​ប្រកាន់​នេះ។ តែ​ទោះ​ជា​បែប​ណា​ក្ដី លោក ហ៊ុន សែន ក្នុង​ពេល​កន្លង​ទៅ​នេះ បាន​ចេញ​ប្រតិកម្ម​ជា​សាធារណ ដោយ​លោក​ហៅ​ការ​រក​ឃើញ​នោះ​ថា អង្គការ​ឃ្លាំ​មើល​បរិស្ថាន​នេះ​ថា ជា​ចោរ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស សម រង្ស៊ី បាន​ហៅ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ​ថា បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី ទ្រព្យ​សម្បត្តិ​រដ្ឋ ត្រូវ​លក់​ដូរ​ដូច​ទំនិញ​លើ​ទីផ្សារ និង​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​ក្នុង​ជួរ​បក្ស​កាន់​អំណាច​បំផ្លាញ​គ្មាន​សល់។

ការ​ថ្លែង​ដោយ​រិះគន់​ត្រង់ៗ របស់​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី សំដៅ​ដល់​ការ​ដឹក​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា ការ​ដឹក​នាំ​រយៈ​ពេល ៣០ ឆ្នាំ ក្រោម​របប​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​ជំរុញ​ឲ្យ​នាវា​កម្ពុជា អាច​ឈាន​ទៅ​រក​ភាព​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ស្មើ​ភាព និង​ថា​ជា​រដ្ឋ ដែល​មាន​ប្រជាធិបតេយ្យ​សំបក​ក្រៅ​ប៉ុណ្ណោះ។

ការ​អះអាង​របស់​លោក យឹម សុវណ្ណ បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​​លើក​ទី​២ របស់​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ ២០១២។

លោក យឹម សុវណ្ណ បន្ត​ថា៖ «ដី​សម្បទាន ដែល​ជា​របស់​យើង​ទាំង​អស់​គ្នា ត្រូវ​គេ​ពុះ​ច្រៀក​ឲ្យ​បរទេស។ ឈឺ​ចាប់​ទេ​បង​ប្អូន? ឈឺ​ចាប់​ណាស់។ ទ្រព្យ​សម្បត្តិ​ជាតិ ត្រូវ​គេ​បំផ្លាញ​លក់​ខ្ទេច​ខ្ទី​គ្មាន​សល់។ ក្រសួង​មន្ទីរ​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ឯកជន លក់​សេវា​សាធារណ​គូ​បដិបក្ខ​របស់​យើង​មាន​តែ​មួយ​គត់​ទេ និយាយ​ឲ្យ​ច្បាស់​ថ្ងៃ​នេះ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​កាន់​អំណាច»។

កាល​ពី​ឆ្នាំ​២០០៨ អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ក្លូបលវិតនេស ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដុង ប្រទេស​អង់គ្លេស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​កម្រាស់ ៩៨ ទំព័រ ដាក់​ចំណង​ជើង​ថា កម្ពុជា​ប្រទេស​សម្រាប់​លក់។

ក្លូបល វីតណេស បាន​បរិយាយ​ថា របៀប​ដែល​ក្រុម​វរជន​កម្ពុជា បាន​ចាប់​ក្ដាប់​ឧស្សាហកម្ម​ដក​ស្រង់​ធនធាន​របស់​ប្រទេស ដោយ​ប្រមូល​ទ្រព្យ​សម្បត្តិ​សន្ធឹក​សន្ធាប់​សម្រាប់​ខ្លួន ហើយ​កាប់​ធន​ធាន​ឈើ​ព្រៃ​របស់​ប្រទេស​ដោយ​រួម​ទាំង​ធនធាន​របស់​រដ្ឋ​ជា​ច្រើន ត្រូវ​ដោះ​ដូរ​ពី​រដ្ឋ​ទៅ​ឯកជន ដោយ​យក​ផល​ចំណេញ ហើយ​កំពុង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​សម្រាប់​ខ្លួន។

ក្លូបលវិតនេស បន្ត​ថា ធន​ធាន​ទាំង​នោះ រួម​ទាំង​ដី ធនធាន​ជលផល កោះ ឆ្នេរ​សមុទ្រ​ទេសចរណ៍ រ៉ែ ឧស្ម័ន និង​ប្រេង​កាត​ជាដើម។ ប្រទេស​កម្ពុជា​ត្រូវ​គេ​រក​ឃើញ​ថា ជា​ប្រទេស​កំពុង​ត្រូវ​បាន​បែង​ចែក ហើយ​លក់​ចេញ​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​រយៈ ១៥ ឆ្នាំ​កន្លង​មក​នេះ ដី​របស់​ប្រទេស​​ចំនួន ៤៥% ត្រូវ​បាន​ទិញ​ដោយ​អ្នក​វិនិយោគ​ឯក​ជន។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានភាព​សង្គម​គិត​ថា ដរាប​ណា​រដ្ឋាភិបាល​ពុំ​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​​អំពើ​ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ទេ​នោះ មាន​ន័យ​ថា ការ​គ្រប់គ្រង​ចំណូល ដែល​បាន​មក​ពី​វិស័យ​ធនធាន​ធម្មជាតិ​អាគារ ឬ​ទ្រព្យ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​នឹង​បាន​ទៅ​លើ​តែ​មនុស្ស​មួយ​ក្រុម។

លោក សន ជ័យ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​គិត​ថា ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​សង្គម គឺ​ជា​​ជា​ចរន្ត​នៃ​លំហូរ​ក្នុង​ការ​អភិវឌ្ឍ ដែល​ប្រទេស​និមួយៗ តែង​ត្រូវ​ធ្វើ​ដោយ​ចៀស​មិន​បាន។

ក៏ប៉ុន្តែ លោក សន ជ័យ បញ្ជាក់​ថា អ្វី​ដែល​ធានា​ពី​ការ​ផ្លាស់​ប្ដូរ​នេះ រដ្ឋាភិបាល​គួរ​បង្កើត​ប្រព័ន្ធ​នៃ​ការ​ដេញ​ថ្លៃ​មួយ​ដោយ​ឯករាជ្យ និង​តម្លាភាព​ចំពោះ​ចំណូល ដែល​បាន​មក​ពី​ការ​ដោះ​ដូរ​អាគារ ឬ​ពី​ធនធាន​ធម្មជាតិ​មាន​ដូច​ជា​រ៉ែ និង​ឧស្ម័ន​ជា​ដើម។

លោក​បន្ត​ថា៖ «តើ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​ហ្នឹង មាន​ការ​បើក​ទូលាយ​បើក​ចំហ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន​ដែរ​ឬ​ក៏​អត់? នេះ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ ហើយ​ក៏​យើង​ចង់​បាន​ដែរ ធ្វើ​ម៉េច​ឲ្យ​មាន​តម្លា​ភាព »។

វិទ្យុ​អាស៊ី​សេរី​​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថា​អធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ ជុំវិញ​ការ​រក​ឃើញ​របស់​គណបក្ស​ប្រឆាំង​នេះ។

ក៏​ប៉ុន្តែ​កាល​ពី​ឧសភា​ឆ្នាំ ២០១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ជា​សាធារណ​មួយ ចំពោះ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​ពិភពលោក​ក្លូបលវិតនេស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​ប្រ​ទេស​អង់គ្លេស។

ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ លោក​ហ៊ុន សែន បាន​ប្រតិ​កម្ម​ទៅ​នឹង ក្លូបល វីតណេស ដែល​ចោទ​រដ្ឋាភិបាល​ខ្មែរ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ ដែល​ការ​ជីក​រុក​រក​រ៉ែ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​មាន​តម្លាភាព។

លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​នេះ​ថា ជា​ចោរ។

បើ​ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ស្ដី​បន្ទោស​ថា ការ​គ្រប់គ្រង​រដ្ឋ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បង្ក​ផល​លំបាក​ជា​ច្រើន ដល់​ពលរដ្ឋ​​តាមរយៈ​គោល​នយោបាយ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋ និង​បន្ត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ដែល​ចាក់​ឫស​កាន់​តែ​ជ្រៅ ដែល​ជា​មូលហេតុ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «ប្រជា​ពលរដ្ឋ​ក្រ​ដោយ​សារ​អំពើ​ពុករលួយ​នេះ​ គឺ​ជា​ឫស​គល់​តែ​មួយ​គត់។ ​គណបក្ស​កាន់​អំណាច​គណបក្ស​ប្រជាជន​ជន​ រួម​ទាំង​បក្ស​ពួក​របស់​គេ​ ធ្វើ​មាន​ធ្វើ​បាន​ធ្វើ​មហាសេដ្ឋី​លើ​គំនរ​ទឹក​ភ្នែក​របស់​ប្រជា​ពលរដ្ឋ។ វិបត្តិ​ដី​ធ្លី​រាប់​លាន​នាក់​ធ្វើ​ឲ្យ​បាត់​បង់​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ ធ្វើ​ឲ្យ​ប្រជា​ជន​យើង​ជាប់​ពន្ធនាគារ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​លំបាក​វេទនា»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Right Watch) បាន​ចេញ​ផ្សាយ របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​ថា អំពើ​ពុក​រលួយ គឺ​ជា​មូលហេតុ​មួយ ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​ជា​មុខ​សញ្ញា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​តម្លាភាព​អន្តរ​ជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី ១៦៤ ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​លើ​ពិភព​លោក ដែល​មាន​អំពើ​ពុក​រលួយ។

ចំណែក​លោក ព្រាប កុល ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា។ លោក​គិត​ថា រដ្ឋាភិបាល​គួរ​បង្កើត​យន្តការ​ទៅ​​លើ​​កំណែ​ទម្រង់​​គោលនយោបាយ​របស់​ខ្លួន​បន្ថែម​ទៀត។ លោក​បន្ត​ថា បើ​ទោះ​​ជា​រដ្ឋាភិបាល​បាន​សម្រេច​ទិសដៅ​ក្នុង​ពេល​កន្លង​ទៅ​នេះ​តាម​ចក្ខុវិស័យ​របស់​ខ្លួន​មួយ​ចំ​នួន​ហើយ​ក្ដី តែ​ភាព​ខ្វះ​ចន្លោះ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ។

លោក​បន្ត​ថា៖ «មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ព្យាយាម​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​តម្កើង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​តម្លាភាព ទៅ​លើ​លទ្ធកម្ម ឬ​ការ​ដេញ​ថ្លៃ​នេះ​ដែរ គ្រាន់​តែ​​ចំណុច​ទាំង​នេះ នៅ​មិន​ទាន់​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ»។

កាល​ពី​ឆ្នាំ ២០០៧ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក ក្លូបល វីតណេស បាន​ចេញ​ផ្សាយ​របា​យ​ការណ៍​មួយ ដែល​ដាក់​ចំណង​ជើង​ថា “ខ្សែ​ស្រឡាយ​អ្នក​លក់​ជាតិ” ដែល​ភ្ជាប់​រូប​ភាព​មន្ត្រី​ជាន់​ខ្ពស់​​​របស់​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ ជា​ច្រើន​រូប។ របាយការណ៍​នោះ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ប្រតិកម្ម។ មួយ​ឆ្នាំ​បន្ទាប់ ពោល​គឺ​កាល​ពី​ឆ្នាំ ២០០៨ អង្គការ​មួយ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​មួយ​ថ្មី​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា “ប្រទេស​សម្រាប់​លក់”។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ក្តី តែ​ប្រជា​ជន​ភាគ​ច្រើន​នៅ​តែ​ក្រី​ក្រ ហើយ​ខ្វះ​ធន​ធាន​សំខាន់​ជា​មូលដ្ឋាន។

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ ២០០៧ របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ប្រទេស​កម្ពុជា​ជា​លំដាប់​ថ្នាក់​ទី ១៣១ ក្នុង​ចំណោម ១៧៧ ប្រទេស ដោយ ៧៨%​នៃ​ប្រជា​ជន ត្រូវ​គេ​ប៉ាន់​ស្មាន​ថា រស់​នៅ​ដោយ​ប្រាក់​តិច​ជាង ២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

Posted on 23 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: