rfa: គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សមាជ​រើស​មេដឹកនាំ​ថ្មី

http://www.rfa.org/khmer/indepth/hrp_congress-07222012065503.html

ដោយ វិជ័យ អានន្ទ

2012-07-22

សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២ ប្រារព្ធ​សមាជ​ខួប​ឆ្នាំ​ទី​៥ នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី។

RFA/Vann Vichar

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពេល​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១២។

សមាជ​នេះ​ប្រកាស​អំពី​ការ​រុះរើ​គណៈកម្មការ​ទាំង​បី​របស់​បក្ស​សិទ្ធិ​មនុស្ស ដោយ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ថ្មី​វិញ និង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី។

នៅ​ក្នុង​សមាជ​បក្ស​​​ដែល​ធ្វើ​ឡើង​រយៈ​ពេល ៥​ឆ្នាំ​ម្ដង នៅ​ទីស្នាក់ការ​បក្ស​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ភ្នំពេញ លើក​ទី​ពីរ​នេះ សមាជិក​និង​ថ្នាក់​ដឹក​នាំ​បក្ស បាន​ព្រមព្រៀង​នូវ​ចំណុច​សំខាន់​បី។ ចំណុច​ទី​១ គឺ​ជា​ការ​ប្រកាស​ជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ៣​រូប ចំណុច​ទី​២ ការ​ប្រកាស​រួម​គ្នា និង​គណបក្ស សម រង្ស៉ី ឈាន​ទៅ​បង្កើត​បក្ស​ថ្មី​មួយ​ទៀត និង​ចំណុច​ទី​៣ ជា​ការ​ប្រកាស​អនុម័ត​រៀបចំ​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​អាយុ​កាល ៥​ឆ្នាំ​ទទួល​ជោគជ័យ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រជែង​យក​សន្លឹក​ឆ្នោត។ លោក​លើក​ទិស​ដៅ​ថា សុំ​ឲ្យ​សមាជិក​គណបក្ស​ចូល​ជា​កំលាំង​សាមគ្គី ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក កឹម សុខា បញ្ជាក់​ថា អ្វី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ជា​ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ៖ «ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​ខ្ញុំ​សម្រេច​តាម​ឆន្ទៈ តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ ជា​ជំហាន​ដំបូង​នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស។ ខ្ញុំ​បាន​រួម​នឹង​ឯកឧត្ដម សឺន ស៊ូប៊ែរ្តិ៍ និង​ឯកឧត្ដម ប៉ែន សុវណ្ណ។ ចុង​ក្រោយ​យើង​បាន​រួម​គ្នា​នឹង​អ្នក​ស្នេហា​ជាតិ​ម្នាក់​ទៀត គឺ សម រង្ស៉ី»

លោក កឹម សុខា បន្ត​ថា ការ​រួម​គ្នា​នឹង​គណបក្ស សម រង្ស៉ី រយៈពេល ៤​ថ្ងៃ​កន្លង​ទៅ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​អ្នក​ស្នេហា​លទ្ធិប្រជាធិតេយ្យ។

អគ្គលេខាធិការ​ចលនា​ប្រជាធិបតេយ្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។ លោកស្រី​បន្ត​ថា ចលនា​ប្រជាធិបតេយ្យ​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូល​រួម​តស៊ូ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ។

អ្នកស្រី មូរ សុខហួរ៖ «កំលាំង​អ្នក​ប្រជាធិបតេយ្យ​នឹង​រួម​បង្កើត​គណបក្ស​ថ្មី​មួយ ហើយ​គណបក្ស​នេះ​មាន​មូលដ្ឋាន​ទៅ​ហើយ គឺ​សំឡេង​គាំទ្រ​ជាង ៣០% នៃ​អ្នក​បោះ​ឆ្នោត»

លោកស្រី មូរ សុខហួរ បន្ត​ថា គណបក្ស​ថ្មី​នឹង​បង្ហាញ​រូបរាង​នា​ពេល​ឆាប់ៗ​ខាង​មុខ ដែល​មាន​សមាជិក​មក​ពី​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស និង​មហាជន​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​កាន់​អំណាច​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​រួម​គ្នា​របស់​គណបក្ស​ទាំង​ពីរ ព្រោះ​ជា​រឿង​ល្អ​ក្នុង​លទ្ធិប្រជាធិបតេយ្យ។ លោក​អះ​អាង​ថា ទោះ​បី​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​បាន​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​ប្រឆាំង​គិត​ថា ការ​រួម​គ្នា​ជា​កំលាំង​ជា​វិធី​តែ​មួយ​គត់ ដើម្បី​យក​ប្រៀប​លើ​គណបក្ស​កាន់​អំណាច ឈាន​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។

នៅ​ក្នុង​សមាជ​គណបក្ស​សិទ្ធិ​មនុស្ស សមាជិក​គណបក្ស​ទាំង​អស់​គាំទ្រ​ជា​ថ្មី​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​គណបក្ស លោក សឺន ស៊ូប៊ែរ្តិ៍ ជា​ប្រធាន​គណៈកម្មការ​នាយក និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​វិន័យ។

កាល​ពី​ឆ្នាំ​២០០៧ គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​បក្ស​ដោយ​មាន​មនុស្ស​ជាង ២​សែន​នាក់​គាំទ្រ។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៨ មាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៤​សែន​សំឡេង ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បាន​ទទួល​ការ​គាំទ្រ​ជាង ៨០០​អាសនៈ និង ១៨​មេ​ឃុំ។

គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី បាន​ឯកភាព​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ហើយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា៕

Posted on 23 July 2012, in ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: