តើ​​គម្រោង​​​បង្កើត​​​បក្ស​​​ថ្មី​​​របស់​​​បក្ស​​សម​រង្ស៊ី​​និង​​បក្ស​​សិទ្ធិ​​មនុស្ស​​អាច​​ទៅ​​រួច​​ដែរ​​ឬ​​ទេ​?

http://www.rfa.org/khmer/indepth/srp_hrp_merge_update-07222012001742.html

ដោយ វណ្ណ វិចារ

2012-07-22

គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស រួម​គ្នា​ប្រើ​វិធី​បង្កើត​បក្ស​ថ្មី​មួយ​ទៀត ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ឲ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣។

RFA Photo

លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។

ទាក់​ទង​បញ្ហា​នេះ អ្នក​វិភាគ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា ការ​បង្កើត​បក្ស​ថ្មី​ជា​រឿង​មួយ​ដែល​លំបាក​ផ្នែក​ផ្លូវ​ច្បាប់ និង​នយោបាយ​ផ្ទៃ​ក្នុង​របស់​បក្ស​ទាំង​ពីរ​នោះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ត្រូវ​តែ​ពិនិត្យ​ឲ្យ​លំអិត​នូវ​ចំណុច​យ៉ាង​ច្រើន។ លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​ជជែក​ឲ្យ​បាន​ច្បាស់​ពី​តួនាទី និង​រចនាសម្ព័ន្ធ​ក្នុង​បក្ស​ថ្មី ព្រោះ​វា​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​សមាជិក​បក្ស។

លោក​បញ្ជាក់​ថា គណបក្ស​ថ្មី​ក៏​ត្រូវ​មាន​សមាជិក​ថ្មី​តាម​ច្បាប់​គណបក្ស​នយោបាយ ដូច​នេះ​ត្រូវ​សិក្សា​បញ្ហា​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន៖ «អា​រឿង​ផ្លូវ​ច្បាប់​ហ្នឹង​ត្រូវ​មើល​សិន ប្រកាសៗ​ក្រែង​លោ​ខ្វះ​ខាត​ក្នុង​ការ​យល់​ដឹង​ពី​បទបញ្ញត្តិ​ច្បាប់ ហ្នឹង​ជា​រូបមន្ត​មួយ ប៉ុន្តែ​ផ្លូវ​ច្បាប់​គិត​យ៉ាង​ម៉េច បើ​សិន​មាន​អ្នក​ថ្មី​បង្កើត​បាន តែ​សមាជិក​នៅ​តែ​គណបក្ស​មួយ»

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​អះអាង​ថា សម្ពន្ធភាព​របស់​ពួកគេ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ និង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ធ្វើ​ការងារ​នយោបាយ និង​ផ្លូវ​ច្បាប់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឈាន​ទៅ​បង្កើត​បក្ស​ថ្មី​មួយ​​នា​ពេល​ខាង​មុខ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា នៅ​ថ្ងៃ​ទី​២១ កក្កដា មាន​ប្រសាសន៍​ថា ដោយ​សារ​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​តំណែង​នៅ​ក្នុង​សភា គណបក្ស​ទាំង​ពីរ​​មិន​លុប​ឈ្មោះ​គណបក្ស​ចេញ​នោះ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​រក​ច្រក​ចេញ ដោយ​គ្រោង​បង្កើត​គណបក្ស​ថ្មីស្រឡាង​មួយ។

លោក កឹម សុខា បញ្ជាក់​ថា គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បង្កើត​ក្រុម​ការងារ​សិក្សា​ពី​នីតិវិធី​ផ្សេងៗ​ក្នុង​ការ​បង្កើត​បក្ស​ថ្មី​នេះ៖ «គណបក្ស​ទាំង​ពីរ (សិទ្ធិ​មនុស្ស និង សម រង្ស៉ី) គឺ​មិន​ដាក់​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ទេ បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដាក់​តែ​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ទេ អ្នក​ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ត្រូវ​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​នៅ​គណបក្ស​ថ្មី​នោះ»

លោក កឹម សុខា បន្ត​ថា វា​ពិត​ជា​រឿង​លំបាក​មួយ​សម្រាប់​ការ​បង្កើត​គណបក្ស​ថ្មី តែ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី មាន​ឆន្ទៈ​រួម​គ្នា​ក្នុង​ការ​ធ្វើ​ការងារ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច​គ្នា​នឹង​លោក កឹម សុខា ដែរ ដោយ​លោក​ប្រាប់​ថា គណៈកម្មការ​ថ្មី​មួយ​នឹង​សិក្សា​ពី​នីតិវិធី​ផ្សេងៗ​ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី។

លោក យឹម សុវណ្ណ បញ្ជាក់​ថា អ្វី​ដែល​គណបក្ស​ទាំង​ពីរ​ធ្វើ​បាន​នៅ​ដំណាក់កាល​នេះ ជា​សេចក្តី​សម្រេច​រួម​រវាង​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​ទាំង​ពីរ៖ «ការ​គ្រោង​បង្កើត​គណបក្ស​ថ្មី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ សំខាន់​បំផុត​គឺ​ទស្សនៈ​យើង​ដូច​គ្នា យើង​មាន​គោលបំណង​ដូច​គ្នា ដូច្នេះ​គ្មាន​អ្វី​អាច​បំបែក​បំបាក់​សម្ពន្ធភាព​យើង​បាន​ជា​ដាច់​ខាត»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ទាក់ទង​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ហើយ​ការ​ចុះ​បញ្ជី​គណបក្ស​ជា​ការងារ​របស់​ក្រសួង​មហាផ្ទៃ។

លោក​បន្ត​ថា បើ​សិន​ជា​បង្កើត​បក្ស​នយោបាយ​ថ្មី នោះ​បាន​ន័យ​ថា បេក្ខជន​គណបក្ស​ចាស់​មិន​អាច​ចូល​រួម​ឈរ​ឈ្មោះ​គណបក្ស​ទាំង​ពីរ​បាន​ទេ៖ «នៅ​ក្នុង​ច្បាប់​មាន​ការ​ពាក់ព័ន្ធ​មនុស្ស​ម្នាក់​ត្រូវ​មាន​ឈ្មោះ​គណបក្ស​តែ​មួយ​ទេ ច្បាប់​មិន​អាច​ឲ្យ​មនុស្ស​មាន​ឈ្មោះ​នៅ​ក្នុង​គណបក្ស​ពីរ ឬ​បី​ទេ»

ទាក់ទិន​នឹង​ការ​បង្កើត​បក្ស​ថ្មី​នេះ គេ​ពិនិត្យ​ឃើញ​មាន​ឧបសគ្គ​មួយ​ចំនួន​ទៀត ដូចជា​មេដឹកនាំ​គណបក្ស​ថ្មី​ដែល​គេ​ដៅ​ទៅ​លើ​លោក សម រង្ស៉ី ប៉ុន្តែ​លោក​ជា​ទណ្ឌិត និង​បញ្ហា​មុខ​តំណែង​ផ្សេងៗ​ក្នុង​គណបក្ស​ថ្មី​ជាដើម។ យ៉ាងណាមិញ គណបក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ថា នឹង​បង្កើត​គណបក្ស​ថ្មី​បាន ហើយ​មិន​មាន​ការ​រាំង​ស្ទះ​អ្វី​ទាំង​អស់។

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​រក​ច្រក​ចេញ​មួយ ដើម្បី​បង្កើត​គណបក្ស​ថ្មី​នេះ មាន​ផ្នែក​ច្បាប់ និង​ផលប្រយោជន៍​នយោបាយ បើ​មិន​ដូច​នេះ​ទេ អាច​នឹង​មាន​ការ​ប្រែប្រួល​ណា​មួយ​ជាយថាហេតុ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គម្រោង​បង្កើត​បក្ស​ថ្មី​របស់​គណបក្ស​ទាំង​ពីរ​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ដែល​បញ្ហា​នេះ​ត្រូវ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ និង​ពន្យល់​មហាជន​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​យល់​ច្រឡំ។

លោក ហង្ស ពុទ្ធា៖ «ប្រសិន​ណា​គាត់​មាន​យុទ្ធសាស្ត្រ​បែប​នេះ ប្រហែល​ជា​គាត់​នឹង​ទៅ​ឈរ​ឈ្មោះ​ខ្លួន​ឯង​នៅ​ក្នុង​គណបក្ស​ថ្មី នៅ​ពេល​អ្នក​គាំទ្រ​មិន​យល់​ពី​បញ្ហា​ហ្នឹង​នឹង​ធ្វើ​ឲ្យ​គណបក្ស​ហ្នឹង​ខាត​អាសនៈ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក កឹម សុខា នៅ​តែ​អះអាង​ថា គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី បាន​ត្រៀម​រៀបចំ​ក្រុម​ការងារ​សិក្សា​ពី​នីតិវិធី ដើម្បី​បង្កើត​គណបក្ស​ថ្មី​ឲ្យ​បាន​ឆាប់​បំផុត​មិន​ឲ្យ​បរាជ័យ​ឡើយ ទាំង​ផ្លូវ​ច្បាប់ និង​ជយោបាយ​ផ្ទៃ​ក្នុង។

តាម​ច្បាប់ បើ​សិន​ណា​បើ​គណបក្ស​ទាំង​ពីរ​មិន​បង្កើត​បក្ស​ថ្មី បែរ​ជា​រំលាយ​បក្ស​ចូល​គ្នា នឹង​ធ្វើ​ឲ្យ​បាត់​បង់​តំណែង​សមាជិក​ក្រុមប្រឹក្សា រាជធានី ស្រុក ក្រុង/ខណ្ឌ ឃុំ/សង្កាត់។ តាម​សេចក្តី​ជូន​ដំណឹង​ឲ្យ​ដឹង​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គណបក្ស សម រង្ស៉ី ថែម​ទៀត​ផង។

គ.ជ.ប. កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត គឺ​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី មិន​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការ​ដឹកនាំ​គណបក្ស​របស់​លោក​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នោះ​ឡើយ។

អ្នក​វិភាគ​យល់​ថា ប្រសិន​បើ​ការ​បង្កើត​​​គណបក្ស​ថ្មី​ត្រូវ​បរាជ័យ​នោះ គណបក្ស​ទាំង​ពីរ​នឹង​មាន​ការ​បាត់បង់​ប្រជាប្រិយភាព​យ៉ាង​ធ្ងន់ធ្ងរ។ តែ​បើ​គណបក្ស​ទាំង​ពី​បង្កើត​បាន​បក្ស​ថ្មី​ទី​៣​មែន នោះ​ជា​សញ្ញា​មួយ​វិជ្ជមាន​​បំផុត​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ៕

Posted on 23 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: