អង្គ​ការ​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ​​ប្រតិ​កម្ម​​ក្រោយ​​ការ​​ចាប់​​ខ្លួន​​លោក​ ម៉ម ​សូណង់ដូ​

http://www.rfa.org/khmer/indepth/reaction_of_beehive_director_arrested-07152012225144.html

ដោយ ម៉ៅ សុធានី និង ជី វិតា

2012-07-16

នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ទទួលបន្ទុកនៅទ្វីបអាស៊ី លោក ប្រែត អាដាម (Brad Adams) មានប្រតិកម្មយ៉ាងខ្លាំង ក្រោយពីរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ កាលពីថ្ងៃ១៥ កក្កដា នៅស្ថានីយវិទ្យុសំបុកឃ្មុំ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ប្រែត អាដាម អះអាងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ គឺសមត្ថកិច្ចបានគ្រោងទុកជាមុនរួចហើយ ប៉ុន្តែរង់ចាំមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ចាកចេញពីកម្ពុជាសិន ទើបចាត់ការ។

លោកបន្តថា ការចោទលោក ម៉ម សូណង់ដូ នោះ គឺបង្ហាញអំពីភាពពុតត្បុតយ៉ាងច្បាស់ក្រឡែតរបស់រដ្ឋាភិបាល លោក ហ៊ុន សែន៖ «វាជារឿងគួរអោយតក់ស្លុត និងហួសចិត្តដែលលោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ពីរដ្ឋាភិបាលថា គាត់ជាអ្នកញុះញង់អោយប្រជាពលរដ្ឋចាប់ច្បាមយកដី។ តាមពិតអ្នកដែលចាប់ច្បាមយកដីធំជាងគេពីប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្សពួករបស់គាត់។ ដូច្នេះការចោទលោក ម៉ម សូណង់ដូ នេះ គឺបង្ហាញអំពីពុតត្បុតយ៉ាងច្បាស់ក្រឡែតរបស់រដ្ឋាភិបាលកម្ពុជា។ បញ្ហាចាប់ខ្លួនលោក ម៉ម សូណង់ដូ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន ចាកចេញពីកម្ពុជា។ លោក ហ៊ុន សែន មិនចង់ចាប់នៅពេលអ្នកស្រី ហ៊ីលឡារី គ្លិនតុន មានវត្តមាននៅកម្ពុជាទេ។ ព្រឹត្តិការណ៍នេះគេអាចស្មានដឹងមុន ពីព្រោះនៅមុនអ្នកស្រី ហ៊ីលឡារី គ្លិនតុន មកដល់កម្ពុជា រដ្ឋាភិបាលបានប្រកាសចាប់ខ្លួនលោក ម៉ម សូណង់ដូ»

លោក ម៉ម សូណង់ដូ ត្រូវបានតុលាការខេត្តក្រចេះ ចេញដីកាចាប់ខ្លួនពីបទចោទប្រកាន់ចំនួន៤។ ទី១ ជាអ្នកផ្ដើមគំនិតប្រឆាំងរាជការសាធារណៈ ទី២ ធ្វើកុបកម្ម ទី៣ ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ និងទី៤ ញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់។

នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រែត អាដាម មានប្រសាសន៍បន្តថា លោក ម៉ម សូណង់ដូ មិនបានធ្វើខុសអ្វីទេ ក្រៅតែពីគ្រប់គ្រងស្ថានីយវិទ្យុមួយដែលផ្សាយព័ត៌មាន និងទស្សនៈផ្សេងៗ ជាហេតុនាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមនុស្សជុំវិញលោកមិនសប្បាយចិត្ត។

លោក ប្រែត អាដាម៖ «លោក ម៉ម សូណង់ដូ ជាមនុស្សវ័យចាស់ អាយុជាង ៦០ឆ្នាំហើយ ដែលមិនគួរត្រូវជាប់ពន្ធនាគារទេ។ សុខភាពរបស់គាត់អាចនឹងទ្រុឌទ្រោមយ៉ាងឆាប់រហ័ស។ ជាច្រើនឆ្នាំកន្លងមកនេះ លោក ម៉ម សូណង់ដូ មិនបានធ្វើខុសអ្វីទេ ក្រៅតែពីគ្រប់គ្រងស្ថានីយវិទ្យុមួយដែលផ្សាយព័ត៌មាន និងទស្សនៈផ្សេងៗ ហើយពេលខ្លះ នាយករដ្ឋមន្ត្រីកម្ពុជា និងមនុស្សជុំវិញគាត់ អាចមិនពេញចិត្តនឹងព័ត៌មានដែលផ្សាយដោយស្ថានីយសំបុកឃ្មុំ របស់លោក ម៉ម សូណង់ដូ។ ប្រសិនបើកម្ពុជា ចង់បានប្រជាធិបតេយ្យ គឺត្រូវតែអនុញ្ញាតអោយមានស្ថានីយវិទ្យុសំបុកឃ្មុំ និងអោយមានការបញ្ចេញមតិផ្សេងៗគ្នា។ ឧទាហរណ៍ គណបក្សប្រជាជនកម្ពុជា គ្របគ្រងស្ថានីយទូរទស្សន៍ និងវិទ្យុជាច្រើន ហើយផ្សាយព័ត៌មាន និងទស្សនៈមួយចំនួនដែលលោក ម៉ម សូណង់ដូ មិនចូលចិត្ត ឬខ្ញុំមិនពេញចិត្ត ប៉ុន្តែមិនមែនមានន័យថា អ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់នោះ គួរត្រូវជាប់គុកនោះទេ»

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បដិសេធថា នឹងមិនចាប់ខ្លួនលោក ម៉ម សូណង់ដូ ទេ។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពី២សប្ដាហ៍មុនថា ព័ត៌មានដែលថា អាជ្ញាធរកម្ពុជារង់ចាំចាប់ឃាត់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ គឺជាពាក្យចចាមអារ៉ាម។

ការបដិសេធរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងក្រោយពីមានព័ត៌មានថា អាជ្ញាធរមានគំរោងចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105មេហ្គាហេត្ស នៅពេលដែលលោកគ្រោងវិលត្រឡប់ទៅកម្ពុជា ក្រោយពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕

Posted on 17 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: