ក្រុម​​មន្ត្រី​ NGO ​ខ្លះ​​រិះ​គន់​​អំពី​​ការ​​ចាប់​​ខ្លួន​​លោក​ ម៉ម​ សុណង់​ដូ​

http://www.rfa.org/khmer/indepth/politic-07152012092930.html

ដោយ វិហារ ជាតិ

2012-07-15

ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរិះគន់អំពីការចាប់ខ្លួនលោក ម៉ម សុណង់ដូរ ថា រដ្ឋាភិបាលមានចេតនាបង្កើតព្រឹត្តិការថ្មីដើម្បីកប់ចោលព្រឹត្តិការចាស់។

លោក ម៉ម សុណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងប្រធានវិទ្យុសម្បុកឃ្មុំ ពេលប្រារព្ធខួប២ឆ្នាំនៃកំណើតសមាគមអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី៧ កក្កដា ២០១២។

មានមន្ត្រីខ្លះទៀត អះអាងថា ការចាប់ខ្លួន លោក ម៉ម សុណង់ដូ នេះ គឺដើម្បីកាត់ផ្ដាច់កម្លាំងនយោបាយគាំទ្ររបស់បក្សប្រឆាំង។

ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលឆ្លើយថា រឿងចាប់ខ្លួនលោក ម៉ម សុណង់ដូ គឺជារឿងព្រហ្មទណ្ឌសុទ្ធសាធ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ ស្ដីពីការចាប់ខ្លួនលោក ម៉ម សុណង់ដូ ដោយបានរិះគន់រដ្ឋាភិបាលខ្លាំងៗ និងប្រើពាក្យថា «គឺជាការប៉ុនប៉ងមួយ ដ៏គួរឲ្យអៀនខ្មាស ដើម្បីកប់ចោលនូវជម្លោះដីធ្លីនៅនៅខេត្តក្រចេះ»។

លោក ម៉ម សុណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសម្បុកឃ្មុំ អេហ្វអិម (FM) ១០៥ ត្រូវបានចាប់ខ្លួនថ្ងៃទី១៥ កក្កដា ដោយរដ្ឋាភិបាលចោទថា លោកជាអ្នកដឹកនាំផែនការផ្ដួលរំលំរដ្ឋាភិបាល និងមានបំណងបង្កើតបង្កើតរដ្ឋក្នុងរដ្ឋ។

លោក អូរ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅការចាប់ខ្លួនលោក ម៉ម សុណង់ដូ ថាមិនមានមូលដ្ឋានជាក់លាក់ និងជារឿងទម្លាក់កំហុសការទទួលខុសត្រូវរឿងទំនាស់ដីនៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។

លោកបន្តថា រដ្ឋាភិបាលបានព្យាយាមចាប់ខ្លួនលោក ម៉ម សុណង់ដូ យូរហើយ ដោយសារហេតុផលនយោបាយ មិនមែនរឿងព្រហ្មទណ្ឌ ដូចការចោទប្រកាន់ទេ៖ «មិនមែនជាលើកទីមួយទេ ដែលគេចង់ចាប់លោក ម៉ម សុណង់ដូ ហើយការពិតរដ្ឋាភិបាលកំពុងតែរកលេសចាប់លោក ម៉ម សុណង់ដូ។ ការព្យាយាមរកលេសចាប់លោក ម៉ម សុណង់ដូ នេះ ដោយសារលោក ម៉ម សុណង់ដូ រិះគន់រដ្ឋាភិបាលផង។ យើងឃើញករណីថ្មីៗ ទាក់ទងនៅខេត្តក្រចេះនេះ គឺខ្ញុំមើលឃើញថា មិនមែនជាលេសថ្មីទេ គឺយើងដឹងថា រដ្ឋាភិបាលត្រៀមខ្លួនយូរហើយ»។

សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរំលឹករឿងទំនាស់ដីនៅខេត្តក្រចេះថា រឿងទំនាស់ដីទំហំ ១៥.០០០ ហិកតារ ពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រទេសរុស្ស៊ីមួយ ជាមួយប្រជាពលរដ្ឋប្រមាណ ១.០០០ គ្រួសារ នោះពាក់ព័ន្ធបង្ក្រាបរបស់រដ្ឋាភិបាល លើអ្នកភូមិតវ៉ាដីនៅខេត្តក្រចេះ នៅខែឧសភា ឆ្នាំ ២០១២ បណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងកងកម្លាំងរដ្ឋាភិបាល ដែលមិនមានអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់។

លោក អូវីរៈ បន្តថា តាមពិត លោក ម៉ម សុណង់ដូ ត្រូវរដ្ឋាភិបាលចាប់ខ្លួនតាំងពីពេល ដែលលោកទើបត្រឡប់មកពីបរទេស មកដល់វាលយន្តហោះនៅយប់ថ្ងៃទី១២ កក្កដាមកម្ល៉េះ។ ក៏ប៉ុន្តែ ដោយសារពេលនោះ មានមន្ត្រីអន្តរជាតិមានវត្តមាននៅប្រទេសកម្ពុជាច្រើនពេក ទើបពន្យារពេលមកដល់ថ្ងៃទី ១៥ កក្កដានេះ៖«ខ្ញុំមើលទីវាទាក់ទងរឿង (វត្តមានអ្នកស្រី ហិលឡារី គ្លិនតុន ផង (Hillary Clinton) ទាក់ទងមន្ត្រីអាស៊ានផង រួមទាំងអ្នកដឹកនាំប្រទេសអាស៊ានច្រើននៅប្រទេសកម្ពុជា ដោយសារអ៊ីចឹងហើយប្រហែលជារង់ចាំដល់ព្រឹត្តិការណ៍ចប់សិន ព្រោះអីអ្នកសារព័ត៌មានក៏នៅប្រទេសកម្ពុជាច្រើនដែរ។ ប៉ុន្តែ ទោះបីយ៉ាងម៉េចក៏ដោយ ខ្ញុំមើលទៅការធ្វើនេះមិនត្រឹមត្រូវ ហើយការធ្វើនេះ រដ្ឋាភិបាលខ្មែរដឹងថាជារឿងនយោបាយដែរ ហើយខ្ញុំមើលទៅ ទោះយ៉ាងម៉េចក៏នៅមានការថ្កោលទោសពីពិភពលោកដែរ»។

ចំណែក លោក ខៀវ សុភ័គ អ្នកនាំព្រាកក្រសួងមហាផ្ទៃ បញ្ជាក់ថា តុលាការបានចេញដីកាចាប់ខ្លួនលោក ម៉ម សុណង់ដូ តាំងពីថ្ងៃទី២ កក្កដាមកម្ល៉េះ តែត្រូវពន្យារពេលដោយសារលោក ម៉ម សុណង់ដូ នៅបរទេស។

ទាក់ទងរឿងចាប់ខ្លួន លោក ម៉ម សុណង់ដូ នេះដែរ លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្ស លីកាដូ (Licadho) មានប្រសាសន៍ថា គឺជាការគំរាមកំហែងមួយរបស់រដ្ឋាភិបាល ចំពោះអ្នកប្រឆាំង ឬអ្នករិះគន់រដ្ឋាភិបាលដទៃទៀត។

លោកបានហៅការចាប់ខ្លួនលោក ម៉ម សុណង់ដូ លើកនេះថា«ព្រួញមួយបាញ់បានសត្វពីរ» ព្រោះ ថា ការចាប់ខ្លួននេះ អាចនាំឲ្យវិទ្យុលោក ម៉ម សុណង់ដូ ដែលធ្លាប់ជួលឲ្យបក្សប្រឆាំង និងវិទ្យុឯករាជ្យមួយចំនួនបិទការផ្សាយ។ មួយទៀត អាចបញ្ចប់អនាគតសមាគមប្រជាធិបតេយ្យរបស់លោក ដែលលោក ម៉ម សុណង់ដូ អាចយកធ្វើជាឈ្នាន់ឡើងទៅធ្វើនយោបាយ ដូច លោក កឹម សុខា ធ្វើកន្លងមក។

លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលដែលមានបក្សប្រជាជនកំពុងកាន់អំណាចបារម្ភខ្លាច សមាគមប្រជាធិបតេយ្យរបស់លោក ម៉ម សុណង់ដូ ក្លាយខ្លួនធ្វើនយោបាយ ហើយបូកកម្លាំងជាមួយបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស អាចធ្វើឲ្យសំឡេងប្រឆាំងបក្សអាចប្រកួតប្រជែងជាមួយបក្សប្រជាជនកម្ពុជាកាន់តែមានចំនួនសំឡេងកាន់ច្រើនឡើង។

ខៀវ សុភ័គ មានប្រសាសន៍ថា ដីការបស់តុលាការខេត្តក្រចេះ ចេញថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១២ ចោទលោក ម៉ម សុណង់ដូ ៤ ចំណុច គឺទី១ ជាអ្នកផ្ដើមគំនិតប្រឆាំងរាជការសាធារណៈ។ ទី២ ធ្វើកុបកម្ម។ ទី៣ ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ។ ទី៤ ញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់។

លោក ម៉ម សុណង់ដូ ដែលត្រូវរដ្ឋាភិបាលចាប់ដាក់គុកពីរដងមកហើយនោះ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជួយរកមេធាវីការពារក្ដីឲ្យហើយ នៅពេលលោកត្រូវបាចាប់ខ្លួនថ្ងៃទី ១៥ កក្កដា។ ទោះយ៉ាងណា លោក សុខ សំអឿន មានប្រសាសន៍ថា លោកមិនសូវជាមានសង្ឃឹមថា នឹងអាចការពារកូនក្ដីរបស់ខ្លួនបានទេដោយលោកពោលថា រឿងនេះ ទាក់ទងរឿងនយោបាយ៕

Posted on 16 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: