បក្ស​​កាន់​​អំណាច​​កំពុង​​អូស​ទាញ​​យុវជន​​ឲ្យ​​គាំ​ទ្រ​​បក្ស​​ខ្លួន​

http://www.rfa.org/khmer/indepth/cpp_targeting_youth-07112012231452.html

បក្សកាន់អំណាចកំពុងអូសទាញយុវជនឲ្យគាំទ្របក្សខ្លួន

ដោយ ខែ សុណង

2012-07-12
ក្រុមយុវជនត្រូវបានគណបក្សនយោបាយចាត់ទុកថា ជាមនុស្សដ៏សំខាន់សម្រាប់កៀរគររកសំឡេងគាំទ្រគណបក្សខ្លួន ព្រោះយុវជនអាចបោះឆ្នោតបានច្រើនដង។

ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគអះអាងថា គណបក្សនយោបាយទាំងនោះ គួរតែអភិវឌ្ឍធនធានយុវជន និងបង្កើតការងារដល់យុវជនឲ្យបានច្រើនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិវិញ ជាជាងការផ្ដល់ផលប្រយោជន៍រយៈពេលខ្លីដល់ពួកគេ។

យុវជនកម្ពុជាមួយចំនួនកំពុងត្រូវបានគណបក្សនយោបាយ យកចិត្តទុកដាក់រកការងារឲ្យធ្វើ។ ក៏ប៉ុន្តែបញ្ហាទាំងនេះ អ្នកវិភាគថា មិនបានផ្ដល់ប្រយោជន៍ពិតប្រាកដនោះទេ ផ្ទុយទៅវិញក្រុមយុវជន កំពុងត្រូវបានគេប្រើប្រាស់យកជាឈ្នាន់ សម្រាប់ចំណេញរឿងនយោបាយរបស់គេប៉ុណ្ណោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានចាត់ទុកថា យុវជនគឺជាធនធានមនុស្សដ៏សំខាន់មួយដែលគ្រប់គណបក្សនយោបាយគេត្រូវតែយកចិត្តទុកដាក់។ លោកថា ការផ្ដល់ផលប្រយោជន៍រយៈពេលខ្លី មិនអាចមានឥទ្ធិពលទៅដល់សេចក្ដីសម្រេចចិត្តរបស់យុវជនជាទូទៅនោះទេ ដោយសារយុវជនបច្ចុប្បន្នយ៉ាងហោចណាស់ ៦ភាគរយ នៃប្រជាជនទូទៅ បានរៀនដល់ថ្នាក់មហាវិទ្យាល័យ ហើយយុវជនជាង ២០ភាគរយ អាចរៀនដល់ថ្នាក់ទី១២ដែរ។

លោក កែម ឡី បន្ត៖ «ហើយយុវជនកាលណាគាត់រៀនបានខ្ពស់ គាត់មានការពិចារណាច្រើនអ៊ីចឹងទាល់តែយើងរៀបចំទិដ្ឋភាពសង្គមហ្នឹងឲ្យបានល្អជាងនេះ។ ឧទាហរណ៍ថា ស្ថានភាពពុករលួយ ស្ថានភាពអប្បកិរិយាអ្នកផ្ដល់សេវារដ្ឋហ្នឹង ឬមួយក៏ស្ថានភាពការគ្រប់គ្រងព្រៃឈើ គ្រប់គ្រងបរិស្ថាន បើសិនជាយើងធ្វើរូបភាពហ្នឹងឲ្យបានល្អ។ ខ្ញុំគិតថានឹងទាក់ទាញយុវជនហើយមិនបាច់ខំប្រឹងប្រែងឃោសនាឲ្យយុវជនឲ្យយុវជនគាំទ្រ ពីព្រោះយុវជនទាំងអស់នេះ ដែលខ្ញុំជួបច្រើនលើកច្រើនសារ ១០០ ទៅ ២០០នាក់ជារៀងរាល់សប្ដាហ៍ហ្នឹង គាត់មានការពិចារណាខ្ពស់ណាស់ កាលណាយើងធ្វើបានល្អគឺហ្នឹងទទួលផលហើយ។ ហើយកាលណាយើងធ្វើមិនបានល្អទេ របៀបជាការស្វែងរកការគាំទ្ររបៀបជាបរិយាកាសនយោបាយអ៊ីចឹង គឺខ្ញុំគិតថាមិនទទួលបានផលល្អទេ»

ការលើកឡើងបែបនេះ នៅបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា បានប្រមូលយុវជនស្ម័គ្រចិត្តឲ្យចុះវាស់វែងដីធ្លីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលដឹកនាំដោយលោក ហ៊ុន ម៉ានិត ជាកូនប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងកាលពីថ្ងៃទី២៦ មិថុនា ក្នុងពិធីជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលកោះពេជ្រថា យុទ្ធនាការពេលនេះ គឺជាការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។ លោកបានថ្លែងអំណរគុណចំពោះក្រុមគ្រួសារ និងយុវជនស្ម័គ្រចិត្តក្នុងការងារចុះវាស់វែងដីធ្លីនេះ ដោយផ្ដល់ថវិកាលើទឹកចិត្ត និងសម្ភារៈប្រើប្រាស់ជាច្រើនសម្រាប់យុទ្ធនាការនេះ។

លោក ហ៊ុន សែន៖ «បើទោះខ្ញុំត្រូវលក់ផ្ទះនៅវិមានឯករាជ្យ ក៏ខ្ញុំត្រូវតែលក់ដែរដើម្បីឲ្យក្មួយៗ ខ្ញុំអត់ប្រើប្រាស់ថវិកាជាតិដើម្បីចិញ្ចឹមក្មួយៗក្នុងបេសកកម្មនេះទេ ខ្ញុំទទួលខុសត្រូវហើយខ្ញុំបានប្ដូរផ្ដាច់ហើយផ្ទះវិមានឯករាជ្យប្រហែលជាបានថ្លៃគួរសម ខ្ញុំសុខចិត្តខាននៅហ្នឹងក៏បានដែរ។ ខ្ញុំធ្វើទាល់តែបាននៅលើរឿងនេះឲ្យដឹងថា នាយករដ្ឋមន្ត្រីលក់ផ្ទះដើម្បីហ្នឹងទៅធ្វើកម្មសិទ្ធិបញ្ជូននិស្សិត ចិញ្ចឹមនិស្សិតឲ្យទៅធ្វើបេសកកម្មហើយថ្ងៃនេះក្មួយៗ ពូជូនម្នាក់ ១០០ដុល្លារសម្រាប់ ១០០ដុល្លារវាអត់ច្រើនទេក្មួយអើយ ប៉ុន្តែពូត្រូវចំណាយ ១១ម៉ឺនដុល្លារថ្ងៃហ្នឹងនេះ»

ប៉ុន្តែអ្នកវិភាគសង្គមបានចាត់ទុកថា សកម្មភាពរបស់រដ្ឋាភិបាលនេះ គឺកំពុងប្រើប្រាស់យុវជនដើម្បីទាក់ទាញផ្នែកនយោបាយសុទ្ធសាធ ពុំមែនក្នុងន័យបុព្វហេតុជាតិនោះទេ។

លោក កែម ឡី បានបញ្ជាក់ទៀតថា ការជ្រើសរើសយុវជនស្ម័គ្រចិត្តនេះ គឺការទាក់ទាញយុវជនផ្នែកនយោបាយ ច្រើនជាងសកម្មភាពពិតប្រាកដសម្រាប់ការងារប្រទេសជាតិ ដែលគេឃើញថា មានផលប្រយោជន៍ដល់ពួកគេតែមួយភ្លែតប៉ុណ្ណោះ។

លោក កែម ឡី៖ «បើសិនជាគាត់ចង់ធ្វើរបៀបនេះគឺយើងមានសាកលវិទ្យាល័យច្រើនអ្នកណាដែលរៀនខាងសុរិយោដី អ្នកណាដែលរៀនខាងភូមិវិទ្យា អ្នកណាដែលរៀនខាងមាត្រដ្ឋានភូមិវិទ្យា។ ដូច្នេះគាត់អាចបញ្ចូលសិស្សនិស្សិតដែលរៀននៅមហាវិទ្យាល័យ ហើយចំជំនាញរបស់គាត់ឲ្យគាត់មកធ្វើកម្មសិក្សាហ្នឹងទៅហើយត្រឡប់មកវិញគាត់អាចបំពេញតួនាទីធ្វើលំហាត់នៅតាមសាលាហ្នឹងគាត់ចំណេញជាង។ ឥឡូវបើសិនជាគ្រាន់តែផ្ដល់ថវិកា ឬក៏មួយលើកទឹកចិត្តគាត់របៀបហ្នឹង បើសិនជាគាត់រៀនខាងគណនេយ្យវិញ ហើយរៀនខាងនយោបាយការបរទេសវិញ រៀនខាងច្បាប់ទៅវិញ តើបទពិសោធន៍អីដែលគ្រាន់តែចុះវាស់ដីបានមកចំណេញដល់ការរៀនសូត្រ? ហើយនៅពេលគាត់ចេញទៅធ្វើការវិញនោះ តើបទពិសោធន៍សម្រាប់ទាក់ទាញសម្រាប់ជួយពង្រឹងការងារអត់? កម្មសិក្សាគឺល្អហើយការធ្វើសេចក្ដីសម្រេចចិត្តនេះល្អហើយ ក៏ប៉ុន្តែធ្វើយ៉ាងម៉េចឲ្យយុវជនភ្ជាប់ការរៀនសូត្ររបស់គាត់ជំនាញរបស់គាត់ទៅក្នុងកម្មសិក្សានេះ។ ប្រសិនបើមិនអ៊ីចឹងទេគ្រាន់តែជាទាក់ទាញផ្នែកនយោបាយច្រើនជាង»

ក្រុមយុវជនស្ម័គ្រចិត្តមានគ្នា ១.១០០នាក់ ដែលកំពុងធ្វើសកម្មភាពចុះវាស់វែងដីជូនពលរដ្ឋ គឺមកពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យ សាកលវិទ្យាល័យភូមិន្ទចម្ការដូង វិទ្យាស្ថានបច្ចេកវិទ្យា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជនស្ម័គ្រចិត្តពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។

ពាក់ព័ន្ធបញ្ហានេះ ប្រធានផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៃសមាគមយុវជនខ្មែរហៅកាត់ថា (KYA) លោក សេង ឫទ្ធី ថ្លែងថា ពិតប្រាកដណាស់ យុវជនទាំងនោះនឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ដ៏តិចតួចពីការងាររយៈពេលខ្លីនេះ។ លោកបន្តថា យុវជនដែលមានអាយុពី ១៨ ទៅដល់ ៣០ឆ្នាំ ប្រមាណជាង ៣លាននាក់ គឺ ៣៧% នៃអ្នកបោះឆ្នោតជាង ៩លាននាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០១២។ ដូច្នេះចំនួនយុវជនគ្រប់អាយុបោះឆ្នោតដ៏ច្រើននេះ គឺជាកត្តាជំរុញឲ្យបក្សនយោបាយងាកមកចាប់អារម្មណ៍លើយុវជន។

លោក សេង ឫទ្ធី៖ «សំខាន់ការងារនេះមិនមែនជាការងាររបស់បុគ្គលទេ ជាការងារជាតិដែលត្រូវធ្វើកិច្ចការជូនប្រជាពលរដ្ឋ គឺជាកិច្ចការងារជាតិ ហើយលោកនាយករដ្ឋមន្ត្រីគាត់មានប្រសាសន៍អ៊ីចឹង។ ខ្ញុំថា រឿងហ្នឹងដូចជាយកយុវជនជាខែលយកប្រជាប្រិយភាពនៅក្នុងគណបក្សនយោបាយ ពីព្រោះការងារនេះខ្ញុំគិតថា មិនជារឿងរបស់បុគ្គលទេ ជាការងាររបស់ជាតិតែម្ដង។ ហើយដល់គាត់ធ្វើអ៊ីចឹងខ្ញុំមិនគាំទ្រទេចំពោះទស្សនៈរបស់ខ្ញុំ ព្រោះត្រូវឲ្យស្ថាប័នជាតិជាអ្នករៀបចំជាការប្រសើរ»

ចំណែកអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានទស្សនៈថា គណបក្សកាន់អំណាចអាចធ្វើបំភាន់ភ្នែកប្រជាពលរដ្ឋតាមរយៈការងារដែលរដ្ឋាភិបាលត្រូវធ្វើ ដើម្បីជាសមិទ្ធផលរបស់បក្សទៅវិញ៖ «ជាការពិតពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បើសិនជាគណបក្សណាដែលមានកម្លាំងគាំទ្រពីយុវជនច្រើន គឺគណបក្សហ្នឹងនឹងទទួលការឈ្នះឆ្នោត ពីព្រោះកម្លាំងយុវជនអាចបោះឆ្នោតបានច្រើនដងខុសពីកម្លាំងយុវចាស់។ អ៊ីចឹងហើយមនុស្សម្នាក់ៗនាំគ្នាទាញយុវជន ទាញក្នុងផ្លូវល្អ ទាញតាមរយៈទិញទឹកចិត្ត តាមរយៈការផ្ដល់ការងារឲ្យគាត់ផ្ដល់អនាគតភ្លឺស្វាងឲ្យគាត់នោះ គឺជាការល្អ ក៏ប៉ុន្តែអ្នកខ្លះទៀតធ្វើប្រជាភិថុតិ បង្វក់យុវជនឲ្យសប្បាយភ្លើតភ្លើនតែរយៈពេលខ្លី ហើយធ្វើឲ្យឈ្លក់វង្វេងនឹងផលប្រយោជន៍បន្តិចបន្តួច។ ការទិញទឹកចិត្តបន្តិចបន្តួចមួយរយៈពេលខ្លីនៅរយៈពេលវែងគាត់នឹងជួបការលំបាកនេះជាបញ្ហាដែលយុវជនត្រូវគិត»

អ្នកវិភាគបញ្ហាសង្គមបានបញ្ជាក់ថា ជាដំណោះស្រាយដើម្បីអូសទាញយុវជននោះ គឺមានតែផែនការអភិវឌ្ឍជាតិ ដូចជានឹងដោះស្រាយបញ្ហាជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ បញ្ហាអំពើពុករលួយ និងបង្ហាញពីយុទ្ធសាស្ត្រជាក់លាក់ក្នុងការជួយយុវជន តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់កំពូល នោះទើបអាចទាក់ទាញយុវជនឲ្យងាកមកគាំទ្របក្សរបស់ខ្លួនបាន។

គោលការណ៍របស់បក្សកុម្មុយនិស្តត្រូវបានគេដឹងជាទូទៅថា យុវជនគឺជាធនធានដ៏សំខាន់របស់បក្ស មានន័យថា យុវជនជាសសរទ្រូងរបស់បក្ស៕

Posted on 13 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: