ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​ស្ត្រី​ កើន​ឡើង​នៅ​អាណត្តិ​ទី៣​

ក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្ត្រី កើនឡើងនៅអាណត្តិទី៣

ដោយ សេង សេរីរ័ត្ន

2012-07-04

បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាស្ត្រីដែលបានជាប់ឆ្នោតនៅអាណត្តិទី៣នេះ មានការកើនឡើងប្រមាណជាង ៤០០នាក់ នៅទូទាំងប្រទេស។

ទិដ្ឋភាពរាប់សន្លឹកឆ្នោត នាទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍ថា មានគណបក្សនយោបាយចំនួន៧ ដែលបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងចំណោមគណបក្សចំនួន១០។ លោកថា ចំនួនអ្នកឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ សរុបមាន ១១.៤៥៩នាក់ ក្នុងនោះគឺមានស្ត្រី ២.០៣៨នាក់ បើគិតជាភាគរយគឺ ១៧,៨០%។ លោកបន្តទៀតថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាស្ត្រីនៅក្នុងអាណត្តិទី៣នេះ គឺមានការកើនឡើង បើប្រៀបធៀបទៅនឹងអាណត្តិទី២ ឆ្នាំ២០០៧ ដែលកាលណោះ មានបេក្ខភាពជាស្ត្រីចំនួន ១.៦៦១នាក់ តែប៉ុណ្ណោះ។

មូលហេតុដែលគណបក្សនយោបាយមានការកើនឡើងនូវបេក្ខភាពជាស្ត្រី នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ គឺដោយសារតែគណបក្សនយោបាយនិមួយៗ បានយកចិត្តទុកដាក់ក្នុងការឈរឈ្មោះក្នុងបញ្ជីបេក្ខភាពបោះឆ្នោត ដាក់ជាលំដាប់លេខរៀងសម្រាប់បេក្ខជនជាប់ឆ្នោតនោះ ភាគច្រើនជាស្ត្រី៖ «នេះជាចំនួនស្ត្រីដែលជាប់ឆ្នោតនៅពេលដែលចប់ការបោះឆ្នោតភ្លាមៗ ដែលយើងស្រង់ឈ្មោះជាប់ឆ្នោតទេ។ ក៏ប៉ុន្តែនៅភ្នំពេញមួយអាណត្តិនេះ មានការផ្លាស់ប្ដូររហូត អញ្ចឹងចំនួនមានការប្រែប្រួលរហូត។ ចំនួនមានការកើនឡើង បើប្រៀបធៀបឆ្នាំ២០០៧ ដែលមានតែ ១៤,៥០% ជាស្ត្រី ហើយរហូតដល់ឆ្នាំ២០១២ មានរហូតដល់ ១៧,៨០%»

នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងអាណត្តិទី៣នេះ មានស្ត្រីចំនួន ២.០៣៨នាក់ និងចំនួនមេឃុំស្ត្រី ៩៤នាក់ ចំនួននេះគឺមានការកើនឡើង កាលពីអាណត្តិទី២ ឆ្នាំ២០០៧ ដែលមានចំនួនស្ត្រីតែ ១.៦៦២នាក់ និងចំនួនមេឃុំជាស្ត្រីមាន ៦៧នាក់ ប៉ុណ្ណោះ។

លោកថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាស្ត្រីនៅក្នុងអាណត្តិទី៣នេះ មាន១៨% ប៉ុន្តែការកើនឡើងចំនួនក្រុមប្រឹក្សាឃុំជាស្ត្រី វាមិនទាន់ត្រូវនឹងគោលដៅរបស់ប្រទេសកម្ពុជា ដែលថាកំណត់ ២៥% នៅក្នុងឆ្នាំ២០១៥ យ៉ាងតិច ជាស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់។

លោកបន្តទៀតថា លោកកំពុងតែឃ្លាំមើលគ្រប់គណបក្សនយោបាយទាំងអស់ ដែលកំពុងរៀបចូលកាន់តំណែងនៅមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន មិនមានប្រតិកម្មអ្វីទេ ប៉ុន្តែមានការលើកឡើងពីគណបក្សប្រឆាំងខ្លះថា សូមអោយក្រសួងមហាផ្ទៃពិនិត្យ អន្តរាគមន៍ឡើងវិញនូវមេភូមិ មេឃុំ ណាដែលមិនបានជ្រើសរើស ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះ។

លោក គល់ បញ្ញា៖ «ហើយរបៀបធ្វើកិច្ចការបក្សរបស់គេហ្នឹង ដើម្បីអោយបានដាក់ស្ត្រីនៅក្នុងបញ្ជីនេះ ឃើញមានការខិតខំរបស់គណបក្សនយោបាយ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ គណបក្សនយោបាយមិនទាន់មានជាគោលនយោបាយ ឬក៏ជាច្បាប់ទម្លាប់ផ្ទៃក្នុងបក្សហ្នឹងច្បាស់លាស់ អំពីការពិនិត្យមើលដាក់អោយស្ត្រីហ្នឹង ទៅតាមចំនួនមួយពិតប្រាកដអោយបានច្បាស់លាស់ ប៉ុន្តែស៊ីសងទៅលើថ្នាក់ដឹកនាំរបស់គណបក្សហ្នឹង»

តាមការប្រកាសផ្លូវការនូវលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា គណបក្សប្រជាជនកម្ពុជា បានទទួលតំណែងមេឃុំ ចៅសង្កាត់ ចំនួន ១.៥៩២ឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី បានចំនួន ២២ឃុំ គណបក្ស សិទ្ធិមនុស្ស ចំនួន ១៨ឃុំ និងគណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន ១ឃុំ។

លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី បានឲ្យដឹងថា គណបក្សរបស់លោកជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ មានចំនួន ៣៣៧នាក់ ជាស្ត្រី។ លោកថា តួលេខនេះ ប្រហាក់ប្រហែលគ្នាកាលពីអាណត្តិមុន បើគិតជាភាគរយ មានចំនួន ១០ ឬ ១៥% តែប៉ុណ្ណោះ។ លោកបន្តទៀតថា គណបក្ស សម រង្ស៊ី មិនមានមោទនភាព ចំពោះតួលេខដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់នៅក្នុងអាណត្តិទី៣នេះទេ គឺលោកថា គណបក្ស សម រង្ស៊ី ចង់ជំរុញអោយស្ត្រីជាប់ជាសមាជិកក្រុមប្រឹក្សាអោយកើនចំនួនដល់ ៣០% ហើយនេះជាគោលដៅគណបក្សរបស់លោក។

លោក យឹម សុវណ្ណ៖ «យើងចង់ជំរុញអោយបានដល់ ៣០% ក៏ប៉ុន្តែដោយសារលក្ខខណ្ឌសង្គម ការលំបាក ភាពក្រីក្រ ការគំរាមកំហែង ការរើសអើង ដែលធ្វើអោយបន្ទុកបង្អាក់ទៅដល់ការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការនយោបាយ។  អញ្ចឹងហើយយើងត្រូវជំនះអោយបានការគំរាមកំហែងទាំងអស់ ដែលធ្វើអោយស្ត្រីមិនអាចចូលរួមអ្វីដែលយើងចង់បានទេ មិនត្រឹមតែយើងចង់បានតែប៉ុណ្ណឹងទេ យ៉ាងតិច ៣០% នៃចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់»

អគ្គលេខាធិការគណបក្ស សិទ្ធិមនុស្ស លោក ញ៉ែម ប៉ុណ្ណរិទ្ធ បានអោយដឹងដែរថា គណបក្សរបស់លោកមានសមាជិកក្រុមប្រឹក្សាឃុំជាប់ចំនួន ១២នាក់ ដែលជាស្ត្រី។ លោកថា នេះជាការល្អប្រសើរហើយ ដែលគណបក្សរបស់លោកទើបតែឈរឈ្មោះអាណត្តិទី១ ដែលមានស្ត្រីឈរឈ្មោះ និងបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំទៀតផង។

លោក ញ៉ែម ប៉ុណ្ណរិទ្ធ៖ «យើងឃើញថា ជាការល្អមែនទែន ដែលមានស្ត្រី លោកចូលរួមក្រុមប្រឹក្សាឃុំ-សង្កាត់។ ហើយជាលើកទី១ ដែលយើងរៀបចំ ហើយយើងនឹងព្យាយាមជំរុញលើកទឹកចិត្តអោយស្ត្រីចូលរួម ដើម្បីដោះស្រាយបញ្ហាសង្គមជាមួយយើងតទៅទៀត។ ហើយឧទាហរណ៍ក្នុងឃុំទាំង១៨ ដែលយើងអញ្ជើញយុវជន ឬយុវនារីមករៀននូវជំនាញ ភាពជាអ្នកដឹកនាំវ័យក្មេង និងជំនាញកុំព្យូទ័រ ដើម្បីជួយធ្វើការនៅក្នុងភូមិ សង្កាត់ ហ្នឹង មានស្ត្រី៥រូប ដែលគាត់បានស្ម័គ្រចិត្តចូលមករៀនដែរ»

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មេឃុំ ចៅសង្កាត់ មកពីគណបក្សនយោបាយ ដែលទើបជាប់ឆ្នោតតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចូលកាន់មុខតំណែងតាមមូលដ្ឋានឃុំ-សង្កាត់ រៀងៗខ្លួន ចាប់ពីថ្ងៃប្រកាសលទ្ធផលឆ្នោតជាផ្លូវការ កាលពីថ្ងៃទី២៤ មិថុនា គឺប្រកាសអោយអស់ក្នុងពេលពីរសបា្ដហ៍។

លោកបន្តទៀតថា ក្រោយពីការប្រកាសក្រុមប្រឹក្សាថ្មី គេត្រូវរៀបចំកែសម្រួលបទបញ្ជាផ្ទៃក្នុង និងប្រគល់ឯកសារក្នុងមូលដ្ឋានទាំងអស់អោយអ្នកជាប់ឆ្នោតថ្មី មានការផ្ទេរប្រាក់ បុគ្គលិក រួមទាំងរៀបចំបទបញ្ជាផ្ទៃក្នុង សម្រាប់អនុវត្តក្នុងឃុំ-សង្កាត់ នោះ។

លោក សក់ សេដ្ឋា៖ «អាហ្នឹង បើសិនណាគាត់អត់ចូលមកកាន់តំណែងទាន់នៅក្នុងរយៈពេលនោះទេ មានន័យថា ភាពខុសច្បាប់ហើយក្រុមប្រឹក្សាហ្នឹង ក៏ប៉ុន្តែខ្ញុំជឿជាក់ថា មិនធ្លាប់មានបញ្ហាហ្នឹងកើតឡើងទេ ព្រោះថា មិនមែនថាជារឿងថ្មីថ្មោងទេ យើងធ្វើ២អាណត្តិ អាណត្តិទី១ អាណត្តិទី២ ហើយ ម្ល៉ោះហើយតាមខេត្តមួយៗ ធ្វើកម្មវិធីត្រូវបញ្ចប់ពេលណាៗ ថ្នាក់ជាតិដឹងបាននៅចុងសប្ដាហ៍ចប់អស់ហើយ ក្រុមប្រឹក្សាគេនឹងចូលកាន់តំណែងទាំងអស់»

មេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ បានចាប់ផ្ដើមប្រកាសសុពលភាពនៅទូទាំងប្រទេស ចាប់ពីខែកក្កដា នេះតទៅ។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងមេឃុំ ចៅសង្កាត់ ធ្វើឡើងតាមឃុំ-សង្កាត់ និមួយៗ និងមានប្រធានក្រុមប្រឹក្សា អភិបាល និងអភិបាលរង រាជធានី-ខេត្ត ជាអធិបតី។

ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។ មានគណបក្សចំនួន១០ ចូលរួមប្រកួតដណ្ដើមអាសនៈឃុំ-សង្កាត់ សរុបចំនួន ១១.៤៥៩រូប ក្នុងឃុំ-សង្កាត់ សរុប ១.៦៣៣ឃុំ-សង្កាត់ ទូទាំងប្រទេស។ មានគណបក្ស៧ ទទួលបានអាសនៈនៅក្នុងឃុំ-សង្កាត់ ក្នុងអាណត្តិទី៣នេះ៕

Posted on 6 July 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: