មន្ត្រី​​សង្គម​​ស៊ីវិល​​៖ ការ​​អះ​អាង​​របស់​​លោក​​ ហ៊ុន​​ សែន​​ ជា​​សារ​​​​​នយោ​​បាយ​​រក​សំឡេង​ឆ្នោត​​

http://www.rfa.org/khmer/indepth/politics-07022012033449.html

មន្ត្រីសង្គមស៊ីវិល៖ ការអះអាងរបស់លោក ហ៊ុន សែន ជាសារនយោបាយរកសំឡេងឆ្នោត

ដោយ វិជ័យ អានន្ទ

2012-07-02

សង្គមស៊ីវិលព្រួយបារម្ភ ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដោយក្រុមនិស្សិតស្ម័គ្រចិត្ត។ ម្យ៉ាងទៀត សង្គមស៊ីវិលបារម្ភថា ចំណាត់ការរបស់រាជរដ្ឋាភិបាលកំពុងតែធ្វើនេះ ជាសារនយោបាយសម្រាប់រកសំឡេងឆ្នោតសកល នៅឆ្នាំ ២០១៣ វាមិនមែនជាចេតនាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាជាថ្មីម្ដងទៀតថា នឹងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ប្រតិបត្តិការវាស់វែងដីធ្លីត្រូវបានបញ្ចប់ ដោយក្រុមនិស្សិតស្ម័គ្រចិត្ត។ថ្លែងក្នុងទិវាមច្ឆាជាតិលើកទី ១០ នាខេត្តកំពង់ចាម នៅថ្ងៃទី ១ កក្កដា លោក ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋស្រុះស្រួលគ្នារឿងព្រំដី នៅភូមិផងរបងជាមួយគ្នា កាត់បន្ថយទំនាស់ ឲ្យមន្ត្រីសុរិយោដី និងក្រុមនិស្សិតវាស់វែងដីឲ្យបានលឿន ដើម្បីឲ្យឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិបណ្ដោះអាសន្ន។

លោក ហ៊ុន សែន បន្តថា នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លីបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋផ្ទាល់ដៃ បើសិនការវាស់វែងចប់សព្វគ្រប់៖ «បើកាលណាប្រជាពលរដ្ឋស្រុះស្រួលគ្នា ពិសេស គឺព្រំប្រទល់ដី គឺងាយឲ្យរដ្ឋាភិបាល ឬឲ្យអាជ្ញាធរពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិឲ្យឆាប់ទាន់ពេល។ ប៉ុន្តែ ករណីនៅបឹង ៥ របស់ខេត្តបាត់ដំបង បានសួរបញ្ជាក់តាមក្មួយ ដីមួយកន្លែងប្រកាសកម្មសិទ្ធិដល់ទៅ ៣ នាក់។ បើអ៊ីចឹងដោះស្រាយអត់បានទេ។ យើងច្បាស់ជាផ្ទេរកម្លាំងទៅធ្វើកន្លែងផ្សេង ព្រោះដី ៣ ហិកតារ អ្នកនេះក៏ម្ចាស់ អ្នកនោះក៏ម្ចាស់ តើឲ្យទៅអ្នកណា? បើយ៉ាងដូច្នោះ គឺសូមអភ័យទោស ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីលើគ្នាឯងដោះស្រាយមិនចេញ។ រឿងនេះមានតែក្ដីក្ដាំតាមផ្លូវតុលាការទេ។  ឯភារកិច្ចរបស់រដ្ឋទៅចុះដោះពេលនេះ គឺដោះដីលើតែដីបញ្ហារដ្ឋតែប៉ុណ្ណោះ គឺដីរដ្ឋ ដែលរួមមានព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ចក៏ជាដីរដ្ឋដែរ ហើយនឹងដីរដ្ឋ ដែលកាន់កាប់ដោយខុសច្បាប់»។

អ្នកវិភាគឯករាជ្យខាងជំនាញដីធ្លី និងសិទ្ធិលំនៅឋាន លោក អ៊ួច ឡេង រិះគន់ថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសារនយោបាយទាក់ទាញរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ ២០១៣។ លោកបន្តថា វាមិនមែនជាចេតនាពិតប្រាកដ ដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទេ។

លោក អ៊ួច ឡេង៖ «មិនមានលទ្ធផលអីជាដុំកំភួនទេ ព្រោះគាត់ធ្វើមុនយុទ្ធនាការបោះឆ្នោត ដើម្បីការបោះឆ្នោតសម្រាប់អាណត្តិក្រោយតែប៉ុណ្ណឹង ព្រោះគាត់ដឹងដែរថា វិធីធ្វើឲ្យហាក់ដូចជា មានចលនាមួយ ដើម្បីស្វែងរកការគាំទ្រ ស្វែងរកប្រជាប្រិយពីប្រជាពលរដ្ឋតែប៉ុណ្ណឹងឯង»។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ សំដែងការព្រួយបារម្ភដែរថា ការចុះវាស់វែងដីធ្លីយ៉ាងប្រញាប់ប្រញាល់របស់រដ្ឋាភិបាលដោយគ្មានយន្តការច្បាស់លាស់ អាចជាបញ្ហាមួយកើតមានឡើងដល់ប្រជាពលរដ្ឋ។

លោក អ៊ូ វីរៈ៖ «ក្នុងរឿងការដោះស្រាយដីរដ្ឋនេះ ខ្ញុំមើលទៅការដែលបង្ខំខ្លាំងពេក វាអាចធ្វើឲ្យយើងមិនបានច្បាស់លាស់ ហើយជាពិសេសដាក់គំនាបទៅឲ្យអាជ្ញាធរខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ទៅឲ្យពួកគាត់ដោះស្រាយ តែជួនកាលយើងអត់រកដំណោះស្រាយតាមនីតិវិធីគ្រប់ជ្រុងជ្រោយ អាហ្នឹងក៏ជាបញ្ហាមួយដែរ។ ចំពោះខ្ញុំមានការព្រួយបារម្ភខ្លះដែរ»។

ជម្លោះដីធ្លីបានរីករាយដាលស្ទើរពេញផ្ទៃប្រទេស ហើយបញ្ហានេះក្លាយជាកង្វល់ដ៏ធំមួយ របស់រដ្ឋាភិបាល។ ថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឲ្យមានក្រុមនិស្សិតស្ម័គ្រចិត្ត ដើម្បីវាស់វែងដីធ្លីមានជម្លោះជូនប្រជាពលរដ្ឋ។ ក្រុមនិស្សិតជិត ១.០០០ ពាន់នាក់ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅតាមគោលដៅចំនួន ៧ ខេត្ត។

នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរខេត្ត ដែលជាគោលដៅនៃការវាស់វែងដីទាំងនោះ ជួយមើលការខុសត្រូវចំពោះកង្វះខាតមួយចំនួន ដូចជា ម៉ាស៊ីនភ្លើង និងសម្ភារៈមួយចំនួនដល់ក្រុមការងារចុះវាស់វែងដីធ្លីទាំងនោះ៕

Posted on 3 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: