សង្គម​​ស៊ីវិល​​បារម្ភ​​ពី​បញ្ហា​​អំពើ​​ពុក​​រលួយ​​នៅ​​តាម​​មូល​ដ្ឋាន​​

សង្គមស៊ីវិលបារម្ភពីបញ្ហាអំពើពុករលួយនៅតាមមូលដ្ឋាន

ដោយ សេក បណ្ឌិត
2012-06-21
វិទ្យុអាស៊ីសេរី

អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការឃ្លាំមើលអំពើពុករលួយ បានបង្ហាញថា អំពើពុករលួយនៅថ្នាក់មូលដ្ឋានមិនទាន់មានការទប់ស្កាត់ទេ ផ្ទុយទៅវិញថែមទាំងមានការរីករាលដាលកាន់តែខ្លាំងឡើងថែមទៀត។

ការបង្ហាញពីក្ដីបារម្ភចំពោះអំពើពុករលួយនេះ នៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញជំហរក្នុងការទប់ស្កាត់ ឬលុបបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាននោះឲ្យបាននៅពេលខាងមុខនេះ។

មន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលបានសំដែងក្តីបារម្ភចំពោះយន្តការ ឬគោលនយោបាយរបស់គណបក្សនយោបាយ និងអង្គភាពប្រឆាំងអំពើពុករលួយដែលសច្ចាថា នឹងលុបបំបាត់អំពើពុករលួយនៅតាមឃុំសង្កាត់ឲ្យបាននោះ។

អ្នកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ។ អ្នកស្រីមានប្រសាសន៍ថា មុនការប្រកួតប្រជែងស្វែងរកសន្លឹកឆ្នោតគាំទ្រម្តងៗ បក្សនយោបាយនីមួយៗសុទ្ធតែបានដាក់ចេញនូវគោលនយោបាយលុបបំបាត់អំពើពុករលួយបង្ហាញជូនប្រជាពលរដ្ឋ ឬអ្នកគាំទ្របក្សនយោបាយនោះ។ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង អំពើពុករលួយពុំបានថយចុះដូចការសន្យាកន្លងមកនោះទេ ផ្ទុយទៅវិញករណីនេះវាកំពុងរីករាលដាលតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិក៏នៅតែកើតមាន។

អ្នកស្រី ម៉ម ស៊ីថា៖ «ហើយយន្តការនៃការទប់ស្កាត់ត្រួតពិនិត្យឃើញថា ហាក់មិនទាន់ឆ្លើយតបនឹងការរីកចម្រើននៃអំពើពុករលួយទាំងច្បាប់ និងការអនុវត្ត»

អ្នកស្រីបន្តថា កត្តាដែលដែលមិនអាចឲ្យអំពើពុករលួយថយចុះបាននោះ គឺមានការពាក់ព័ន្ធនឹងរឿងនយោបាយបក្ខពួកនិយម៖ «អ៊ីចឹងតែងតែមានការអនុគ្រោះបក្សនេះបក្សនោះអីអ៊ីចឹងទៅ គឺគេធ្វើទៅតាមចរិតបក្សទៅវិញ។ អ៊ីចឹងវាមានការលំបាកនឹងជឿថា មានប្រសិទ្ធភាពណាស់ គឺយើងមើលឃើញជាក់ស្ដែងតែម្ដងករណីហ្នឹង។ ពាក់ព័ន្ធនឹងបញ្ហាហ្នឹងឯងជាបញ្ហាសំខាន់ ពីព្រោះថា អំណាចភាគច្រើនគឺចេញពីបក្ស គឺថា ធ្វើអ្វីក៏ដោយ គឺថាក្រឡេកមើលទៅលើមើលថា បើគេទៅហើយបើយើងមិនទៅទេ គឺនៅឯកោ ហើយក៏មិនអាចរឹងមាំដែរ ចំពោះអំណាចរបស់ខ្លួន ឬកៅអី ឬតំណែងរបស់ខ្លួននោះ គឺមិនសូវរឹងមាំទេ»

អំពើពុករលួយដែលកើតមាននៅថ្នាក់ឃុំ សង្កាត់ ច្រើនតែពាក់ព័ន្ធទៅនឹងការចេញលិខិតស្នាមរដ្ឋបាល ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័នស្នាក់នៅ លិខិតសុំអនុញ្ញាតធ្វើពិធីបុណ្យ ការ និងគម្រោងអភិវឌ្ឍន៍មូលដ្ឋានជាដើម។

ទាក់ទងបញ្ហាអំពើពុករលួយនៅក្នុងមូលដ្ឋានឃុំ សង្កាត់នេះ បុរសម្នាក់ឈ្មោះ ស៊ីថា រស់នៅស្រុកពញាឭ ខេត្តកណ្ដាល បានឲ្យដឹងថា អាជ្ញាធរក្នុងមូលដ្ឋានរបស់លោកកំពុងប្រព្រឹត្តអំពើពុករលួយក្នុងការធ្វើលិខិតស្នាមប្ដូរទីលំនៅ និងលិខិតសុំអនុញ្ញាតធ្វើកិច្ចការផ្សេងៗ។ ការធ្វើលិខិតស្នាមទាំងនេះ ចាំបាច់ពលរដ្ឋត្រូវចំណាយប្រាក់ពីមួយម៉ឺនរៀល រហូតដល់ជាងបួនម៉ឺនរៀល ឬក៏ច្រើនជាងនេះក៏មាន។

លោក ស៊ីថា បន្ថែមដូច្នេះ៖ «វាត្រូវអ៊ីចឹង! វាចង់បានលុយ ច្បាប់មិនតម្រូវឲ្យយកលុយ តែវាត្រូវយកលុយ យើងមិនឲ្យវា វាទុករបស់យើងចោល គេមិនហៅយើង យើងសួរគេថា ខ្វះនេះខ្វះនោះអីអ៊ីចឹង។ យកលុយយើងហើយសម្ដីអាក្រក់ទៀត។ ខ្ញុំមើលអំពើវាធ្វើវាអាក្រក់មើលដែរ ខ្ញុំចង់ឲ្យប៉ូលិសសម្រួលឥរិយាបថនេះឡើងវិញ កុំឲ្យយកលុយខ្លាំងពេក ការងាររដ្ឋបាលត្រូវជួយប្រជាពលរដ្ឋ បែរជាធ្វើបាបប្រជាពលរដ្ឋទៅវិញ»

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឆាយ សាវុធ មានប្រសាសន៍ថា អង្គភាពនេះមិនអាចទប់ស្កាត់អំពើពុករលួយពាក់ព័ន្ធនឹងការយកប្រាក់កម្រៃបន្ថែមខុសច្បាប់នៅតាមមូលដ្ឋានភូមិ ឃុំ តែម្នាក់ឯងបាននោះទេ គឺទាល់តែមានកិច្ចសហការចូលរួមទាំងអស់គ្នា ក្នុងនោះមានពលរដ្ឋ និងសង្គមស៊ីវិលផងដែរ។

លោក ឆាយ សាវុធ៖ «តាមរយៈសង្គមស៊ីវិលមានNGO មានគណបក្សនយោបាយនានា ដើម្បីចូលរួមតាមរយៈការចុះ MOU ជាមួយគ្នា ដើម្បីប្រមូលកម្លាំងធនធានសហការគ្នា ផ្សព្វផ្សាយអប់រំបង្ការ និងទប់ស្កាត់ការយកប្រាក់កម្រៃមិនស្របច្បាប់នៅតាមភូមិសាស្ត្រភូមិឃុំ»

គណបក្សសិទ្ធិមនុស្សដែលទើបនឹងមានឱកាសទទួលបានតំណែងជាមេឃុំ ប្រមាណ ១៨ ជាលើកដំបូងនៅក្នុងអាណត្តិទី៣ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១២ នេះ បានដាក់ផែនការឲ្យមេឃុំរបស់ខ្លួនឲ្យធ្វើការបម្រើប្រជាពលរដ្ឋដោយសុទ្ធចិត្ត ហើយត្រូវលុបបំបាត់ និងត្រូវជៀសវាងកុំប្រព្រឹត្តអំពើពុករលួយនេះឲ្យបាន។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា គោលការណ៍របស់គណបក្ស គឺធ្វើយ៉ាងណាឲ្យមានតម្លាភាព គណនីយភាព ឬភាពទទួលខុសត្រូវ ក្នុងការដឹកនាំឃុំ ដោយចាប់ផ្តើមធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងត្រូវបិទតារាងតម្លៃក្នុងការធ្វើលិខិតស្នាមនីមួយៗទៅតាមការកំណត់ជាក់ស្ដែង ដោយមិនគិតថ្លៃទឹកតែ ឬទឹកប៊ិចក្រៅផ្លូវការនោះទេ។

លោក កឹម សុខា៖ «យ៉ាងយូរ ៣ខែម្ដង យើងឲ្យមេឃុំគណបក្សសិទ្ធិមនុស្សបើកវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋសួរដេញដោលពីបញ្ហាណាដែលមានភាពមិនប្រក្រតីនៃអំពើពុករលួយជាដើម គឺយើងបើកចំហ ដើម្បីឲ្យមានតម្លាភាព គនីយភាព ការទទួលខុសត្រូវ។ ហើយគណបក្សសិទ្ធិមនុស្ស គឺយើងផ្ដើមចេញពី ១៨ឃុំ ដែលយើងឈ្នះនេះ ខ្ញុំបានជួបជាមួយមេឃុំទាំងអស់នោះហើយ ហើយមេឃុំទាំងអស់នោះ បានទទួលគោលការណ៍ពីគណបក្ស ហើយថា យើងធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋដាច់ខាតអត់ឲ្យយកកម្រៃក្រៅច្បាប់កំណត់ទេ»

អ្នកស្រី ម៉ម ស៊ីថា មានសង្ឃឹមខ្លះៗទៅលើការតាំងចិត្តអនុវត្តលើគោលនយោបាយរបស់គណបក្សសិទ្ធិមនុស្សនេះ ដោយសារគណបក្សនេះត្រូវការបង្ហាញស្នាដៃ និងសមត្ថភាពក្នុងតួនាទីជាមេឃុំជាលើកដំបូង និងដើម្បីការប្រកួតប្រជែងនៅពេលខាងមុខទៀត។

អ្នកស្រី ម៉ម ស៊ីថា៖ «អ៊ីចឹងរាល់ការធ្វើសកម្មភាពទាំងឡាយប្រាកដជាមានការភ័យព្រួយខ្លាចមិនឯករាជ្យ មិនជិះសេះលែងដៃដូចសាមុនទេ បើធ្វើដូចសាមុន នឹងធ្វើឲ្យបាត់បង់ប្រជាប្រិយភាព អ៊ីចឹងលក្ខណៈប្រកួតប្រជែងបែបនេះយើងគិតថា ជាលក្ខណៈមួយល្អ»

អំពើពុករលួយនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ណាមួយក៏ដោយ តិចឬក៏ច្រើនបានធ្វើឲ្យមានផលប៉ះពាល់ ជាពិសេសដល់ជីវភាពប្រជាពលរដ្ឋដែលរកចំណូលបានទាប។ បន្ថែមលើនេះទៀត ការសូកប៉ាន់តាមរូបភាពណាក៏ដោយ គឺធ្វើឲ្យមានគំរូអាក្រក់មួយក្នុងសង្គម ដូចជាបង្កឲ្យបក្ខពួកនិយម មានភាពអយុត្តិធម៌ក្នុងសង្គមបាត់បង់នូវសីលធម៌ល្អ និងធ្វើឲ្យពលរដ្ឋក្រីក្រងើបមិនរួចជាដើម៕

Posted on 22 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: