បដិ​សេធ​បណ្តឹង​សម ​រង្ស៊ី​ ចំនួ​នបណ្តឹង​ទាក់​​ទ​ង​នឹង​ការ​ឃោស​នា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កា​ត់​មាន​​៩០បណ្តឹង

http://kohsantepheapdaily.com.kh/article/45229.html

បដិសេធបណ្តឹងសម រង្ស៊ី ចំនួនបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មាន៩០បណ្តឹង

បញ្ចូលអត្ថបទ បុប្ផា កោះ

ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៨:០៥

រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១២ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចបដិសេធបណ្តឹងលេខ០០៧/១២ របស់គណបក្សសម រង្ស៊ី ដែលបានដាក់ពាក្យប្តឹងអនុប្រធានភូមិគោរដ្ឋាន សង្កាត់អូរអំបិល  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទហៅប្រជាពលរដ្ឋចូលក្នុងផ្ទះរបស់គាត់ដើម្បីឃោសនាមុនប្រជាពលរដ្ឋទៅបោះឆ្នោត។ ការសម្រេចបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះបានលើកយកបណ្តឹងនេះមកបើកសវនាការជាសាធារណៈនៅចំពោះមុខដើមបណ្តឹង និងចុងចម្លើយនាទីស្តីការ គ.ជ.ប ។

លោករស់ សួរ តំណាងគណបក្សសម រង្ស៊ី ដែលទទួលបានការផ្ទេរសិទ្ធិពីលោកសួន សៀប តំណាងគណបក្សសម រង្ស៊ី នៅខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកប្តឹងឈ្មោះភិន សុខា អនុប្រធានភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ  ខេត្តបន្ទាយមានជ័យ ពីបទហៅប្រជាពលរដ្ឋចូលក្នុងផ្ទះរបស់គាត់នៅចន្លោះពីម៉ោង៧ ទៅម៉ោង៧និង៣០នាទីព្រឹក កាល ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២  ដើម្បីឃោសនាមុនប្រជាពលរដ្ឋទៅបោះឆ្នោត ដែលទង្វើបែបនេះវាខុសនឹងច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី។  ក្រៅពីការរៀបរាប់ដោយផ្ទាល់មាត់ លោករស់  សួរ  មិនបានបង្ហាញភ័ស្តុតាងដល់ក្រុមប្រឹក្សាជំនុំជម្រះដើម្បីដាក់បន្ទុកលើចុងចម្លើយឡើយ ។

នៅក្នុងសវនាការ លោកភិន សុខា  ដែលជាអនុប្រធានភូមិ និងជាចុងចម្លើយ បានថ្លែងថា  គាត់មិនបានហៅប្រជាពលរដ្ឋឱ្យចូលក្នុងផ្ទះគាត់ដើម្បីឃោសនានោះទេ ពីព្រោះគាត់យល់ពីច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី គ.ជ.ប ថា នៅថ្ងៃទី២ និងទី៣ខែមិថុនា ឆ្នាំ ២០១២ ជាថ្ងៃដែលគេមិនឱ្យឃោសនា ដូច្នេះគាត់គោរពច្បាប់ ។ លោកសុខា  បានបញ្ជាក់ថា ការដែលប្រជាពលរដ្ឋចូលផ្ទះរបស់គាត់ ពីព្រោះប្រពន្ធរបស់គាត់លក់បបរនៅក្រោមផ្ទះ ហើយប្រជាពលរដ្ឋទាំងនោះនាំគ្នាចូលទៅហូបបបរ ។ លោកបានបន្ថែមថា ជាធម្មតា ប្រពន្ធរបស់គាត់លក់បបរនៅក្នុងសាលារៀន ហើយនៅថ្ងៃបោះឆ្នោតគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ/សប) បានយកសាលរៀននោះធ្វើជាទីតាំងការិយាល័យបោះឆ្នោត ដែលធ្វើឱ្យប្រពន្ធរបស់គាត់មិនអាចលក់បាននៅក្នុងបរិវេណសាលារៀននៅថ្ងៃនោះ ទើបគាត់មកលក់នៅក្រោមផ្ទះរបស់គាត់វិញ ។ ម្យ៉ាងទៀត ផ្ទះរបស់គាត់មានរបង និងមានទ្វារមួយអាចចូលទៅក្នុងសាលារៀននោះបាន ។ តាមធម្មតា ប្រជាពលរដ្ឋរស់នៅជិតខាង និងសិស្សតែងតែនាំគ្នាចេញចូលតាមច្រករបងទ្វារក្រោយរបស់គាត់ទៅសាលារៀន ។
ក្រោយពីស្តាប់ដើមបណ្តឹង និងចុងចម្លើយ និងក្រោយពីបានពិចារណាលើអង្គហេតុរួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចបដិសេធបណ្តឹងរបស់គណបក្សសម រង្ស៊ី ព្រោះដើមបណ្តឹងពុំមានភ័ស្តុតាងគ្រប់គ្រាន់ និងតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (គ.ខ.ប) ទុកជាបានការពេញទាំងមូល ។ សេចក្តីសម្រេចនេះជាសេចក្តីសម្រេចចុងក្រោយ។

សូមរំលឹកថា  កាលពីថ្ងៃទី៦ខែមិថុនា  ឆ្នាំ ២០១២ តំណាងគណបក្សសម រង្ស៊ី បានដាក់ពាក្យបណ្តឹងទៅ គ.ខ.ប  បន្ទាយមានជ័យ ប្តឹងអនុប្រធានភូមិគោរដ្ឋាន ។ ករណីនេះ គ.ខ.ប បន្ទាយមានជ័យ បានប្រជុំសម្រេចកាលពីថ្ងៃទី៧ មិថុនា ២០១២ បដិសេធពាក្យបណ្តឹងដោយមូលហេតុថា ពុំបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើយ ។ ដោយមិនសុខចិត្តនឹងសេចក្តីសម្រេច នេះ កាលពីថ្ងៃទី៧  មិថុនា ២០១២ លោកសួន សៀប រស់នៅក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានផ្ទេរសិទ្ធិឱ្យលោករស់ សួរ ដើម្បីដាក់ពាក្យបណ្តឹងបន្តមកគ.ជ.ប ។

នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី១ មិថុនា ឆ្នាំ ២០១២ មានបណ្តឹងសរុបចំនួន៩០បណ្តឹង នៅថ្នាក់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ/សប) ។ ក្នុងចំណោមបណ្ដឹងទាំងនេះមាន ២៧បណ្តឹង ត្រូវបានប្តឹងបន្តមកដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ/ខប) ហើយចំនួន២បណ្តឹង ត្រូវ បានប្តឹងបន្តដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ។

បណ្តឹងខាងលើជាបណ្តឹងរបស់តំណាងគណបក្សសម រង្ស៊ី ចំនួន៦៧បណ្តឹង គណបក្សប្រជាជនកម្ពុជាចំនួន១២បណ្តឹង គណបក្សសិទ្ធិមនុស្សចំនួន៣បណ្តឹង  គណបក្សហ៊្វុន ស៊ិនប៉ិច ចំនួន៣បណ្តឹង គណបក្សនរោត្តម រណឫទ្ធិចំនួន១បណ្តឹង  ប្រជាពលរដ្ឋចំនួន៣បណ្តឹង និងអាជ្ញាធរដែនដីចំនួន១បណ្តឹង ។

បណ្តឹងទាំងនោះភាគច្រើនត្រូវបានដោះស្រាយចប់រួចរាល់នៅថ្នាក់ គឃ/សប ហើយបណ្តឹងដែលបានប្តឹងបន្តមកដល់ថ្នាក់ គធ/ខប ត្រូវបានដោះស្រាយចប់ចំនួន២៦បណ្តឹង នៅសល់មួយបណ្តឹង គឺនៅឃុំវិហារហ្លូង ខេត្តកណ្តាល ដែល គធ/ខប កំពុងធ្វើការដោះស្រាយ ។ រីឯបណ្តឹងដែលប្តឹងបន្តមកពី គធ/ខប មកដល់ គ.ជ.ប មាន២បណ្តឹង ទី១ ជាបណ្តឹងរបស់តំណាងគណបក្ស សម រង្ស៊ី ដែលបានប្តឹងមន្ត្រីរាជការស៊ីវិលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទយកម៉ោងធ្វើការរបស់រដ្ឋទៅធ្វើការឃោសនាក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយបណ្តឹងនេះត្រូវបាន គ.ជ.ប ធ្វើសវនាការសង្ខេប កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០១២ បដិសេធចោលដោយសំអាងថា សាមីខ្លួន(ចុងចោទ) បានសុំច្បាប់ឈប់សម្រាកពីការងារ ។ ចំណែកបណ្តឹងមួយទៀត ជាបណ្តឹងរបស់គណបក្ស សម រង្ស៊ី បានប្តឹងបដិសេធសេចក្តីសម្រេចរបស់ គខប ប៉ៃលិន ដែលមិនលើកយកបណ្តឹងរបស់គណបក្ស សម រង្ស៊ី មកដោះស្រាយតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ។ បណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតព្រមានចំពោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី ព្រោះនៅពេលហែក្បួនឃោសនាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ ក្បួននៃគណបក្សទាំងពីរជិតទល់មុខគ្នា ហើយមិនស្តាប់ការសម្របសម្រួលរបស់អាជ្ញាធររៀបចំការបោះឆ្នោតថ្នាក់ខេត្ត ដើម្បីបញ្ចៀសបញ្ហា ៕

Posted on 14 June 2012, in គ.ជ.ប (NEC Election), បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: