ផ្លុង​លិខិត​ក្នុង​ធុងឆ្នោត​ ពីរឿង​អាស្រូវ​មេជល​ផល​បីរូប​ ​នៅចុង​ឃ្នៀស​ យកលុយ​ពីឈ្មួញ​ ចូល​នេសាទ​ ក្នុង​ឡូតិ៍​អភិរក្ស​​

http://www.cen.com.kh/localnews/show_detail/135?

ផ្លុងលិខិតក្នុងធុងឆ្នោត ពីរឿងអាស្រូវមេជលផលបីរូប នៅចុងឃ្នៀស យកលុយពីឈ្មួញ ចូលនេសាទ ក្នុងឡូតិ៍អភិរក្ស

(ថ្ងៃទី 11 មិថុនា 2012, ម៉ោង 04:17:PM) | ដោយ: បាយ័ន

សៀមរាប: រឿងអាស្រូវរបស់មេជលផលបីរូប នៅក្នុងតំបន់ចុងឃ្នៀស ត្រូវបានប្រជានេសាទ ក្នុងតំបន់នោះ លាតត្រដាង តាមរយៈលិខិតអនាមឹកមួយច្បាប់ ដោយយកទៅផ្លុងចោល ក្នុងធុងឆ្នោត នៅពេលបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ។

លិខិតអនាមឹកសរសេរចោទប្រកាន់មេជលផលបីរូបថា បានបើកដៃឲ្យមេឈ្មួញចូលវាយអួនក្នុងឡូតិ៍អភិរក្សត្រីពូជ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយវង់ពីរលានរៀល។

លិខិតអនាមឹក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ បានសរសេរថា សូមគោរពមន្ត្រី និងឯកឧត្តមទាំងអស់ យើងខ្ញុំប្រជាជននៅបឹងទន្លេសាប សង្កាត់ចុងឃ្នៀស ខេត្តសៀមរាប សូមជំរាបជូន មេជលផលសង្កាត់ចុងឃ្នៀសឈ្មោះ ស្រី អូន មេជលផលផ្នែកចុងឃ្នៀសឈ្មោះ ដេត និងមេជលផលខាង អូប៉េ ឈ្មោះសៀន។
មេជលផលទាំងបីរូបខាងលើ បានបើកដៃឲ្យមេឈ្មួញ ជួលទៅវាយអួន ក្នុងឡូតិ៍អភិរក្សពូជត្រី ជំនួនពីរ គឺឡូតិ៍ លេខ០៤ និងលេខ០៦ ដោយតម្រូវឲ្យបង់លុយក្នុងមួយវង់ពីរលានរៀល ក្នុងនោះមួយលានបួបសែនឲ្យទៅឈ្មោះស្រីអូន និងឈ្មោះដេត និងហុកសិបម៉ឺនរៀលទៀតឲ្យទៅមេខាងអូប៉េឈ្មោះ សៀន។

ក្នុងលិខិតសរសេរថា លុយទាំងនោះ លោកមេៗឲ្យឈ្មោះ ដួង យ៉ាំងដាង មេឈ្មួញជនជាតិវៀតណាម ជាអ្នកដើរប្រមូល។ ចំពោះប្រជាជន ដែលធ្វើនេសាទ លក្ខណៈគ្រួសារមេជលផលឲ្យទៅជួបឈ្មោះ ដួងយ៉ាំងដាង តែពេលទៅជួបឈ្មួញរូបនេះមិនព្រមទេ។

ទាក់ទងនឹងការចោទប្រកាន់មេជលផលបីរូប ពីសំណាក់ប្រជានេសាទ រហូតសរសេរលិខិតមួយច្បាប់ យកទៅផ្លុងចោលក្នុងធុងឆ្នោតនេះ ប្រជានេសាទនៅតំបន់ចុងឃ្នៀស បាននិយាយថា ការឃុបឃិតឲ្យមេឈ្មួញចូលទៅវាយអួន ក្នុងឡូតិ៍អភិរក្សត្រីមេពូជ គឺមានរយៈពេលយូរមកហើយ តែប្រជាជនមិនដឹងទៅប្តឹងឯណា?។
លុះដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់ពួកគាត់មានឱកាស ក៏សំរេចសរសេរលិខិតមួយច្បាប់ ដាក់ចូលក្នុងធុងឆ្នោតតែម្តង ដើម្បីជម្រាបជូនដល់សាធារណៈជន ក៏ដូចជា មន្ត្រីដែលមានការពាក់ព័ន្ធ ដើម្បីជ្រាបពីបញ្ហានេះ។

ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជានេសាទ នៅក្នុងតំបន់ចុងឃ្នៀស ដែលចោទថា មេជលផលបីរូបបើកដៃឲ្យឈ្មួញចូលវាយអួន ក្នុងឡូតិ៍អភិរក្សត្រីមេពូជ ជាថ្នូរនឹងទឹកប្រាក់ពីរលានរៀល ក្នុងអូនមួយវង់នោះ លោក ស្រី អូន នាយសង្កាត់រដ្ឋបាលជលផល ចុងឃ្នៀស បានប្រាប់តាមទូរស័ព្ទនៅ រសៀលថ្ងៃទី១១ ខែមិថុនា ថា លោកមិនបានដឹងទេ។

លោកបន្តថា រឿងឲ្យឈ្មោះ ដួង យ៉ាំងដាង ដើរប្រមូលលុយពីគេមួយលាន ទៅពីរលានរៀលនោះ ក៏លោកមិនដឹងដែររឿងអ្វីៗ សូមលោកអ្នកការសែត ទៅស៊ើបដោយខ្លួនឯងទៅ។

ចំណែកលោក ដេត នាយផ្នែករដ្ឋបាលជលផលគ្រប់គ្រង ក្នុងតំបន់ចុងឃ្នៀស មិនអាចទាក់ទងសុំការបំភ្លឺបានទេ ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជានេសាទ ដោយទូរស័ព្ទរបស់លោកតេចូលតែគ្មានអ្នកទទួល។

ដោយឡែកលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាប បានថ្លែងប្រាប់គេហទំព័រ CEN តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១១ មិថុនាថា រឿងនេះ លោកបានដឹងហើយ ហើយបានទាំងឃើញលិខិតនោះទៀត។

លោកបន្តថា ក្នុងលិខិតពិតជាសរសេរចោទប្រកាន់ទៅលើមន្ត្រីរបស់លោកមែន តែទង្វើទាំងនេះ ជាការមួលបង្កាច់របស់មនុស្សមួយចំនួនតែប៉ុណ្ណោះ។

លោកនាយខណ្ឌបញ្ជាក់ថា នៅឡូតិ៍អភិរក្សត្រីមេពូជមន្ត្រីជលផល និងមន្ត្រីសហគមន៍នេសាទ ព្យាយាមការពារណាស់ តែអ្វីដែលកើតឡើង គឺដោយសារតែពួកគេប្រព្រឹត្តបទល្មើសនេសាទមិនបានក៏នាំគ្នាធ្វើយ៉ាងនេះទៅ។

ទោះបីជាមានការបដិសេធពីមេជលផល ដែលគ្រប់គ្រងតំបន់នោះ យ៉ាងណាក៏ដោយ ក៏លិខិតអានាមឹកបានលាតត្រដាងនូវរឿងអាស្រូវទាំងនេះ ជូនដល់សាធារណៈជនទូទាំងខេត្តសៀមរាបទៅហើយ។

តាមរយៈលិខិតអានាមឹកនោះ ប្រជានេសាទក្នុងតំបន់ចុងឃ្នៀសរំពឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិសេសឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប នឹងមិនព្រងើយកន្តើយ ចំពោះករណីនេះទេ៕

Posted on 13 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: