លោក​ កឹម ​សុខា​ ត្រៀម​​អនុវត្ត​​កិច្ច​​សន្យា​​តាម​​ឃុំ​​ជាប់​​ឆ្នោត​

លោក កឹម សុខា ត្រៀមអនុវត្តកិច្ចសន្យាតាមឃុំជាប់ឆ្នោត

ដោយ ដែន អយុធ្យា 2012-06-08

ទោះបីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសលទ្ធផលផ្លូវការក្តី ក៏ប៉ុន្តែមេដឹកនាំគណបក្ស សិទ្ធិមនុស្សបានត្រៀមលក្ខណៈចុះអនុវត្តគោលនយោបាយគណបក្ស ដែលបានសន្យាជាមួយម្ចាស់ឆ្នោតក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។

ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា

តើមេដឹកនាំគណបក្ស សិទ្ធិមនុស្ស នឹងលើកយកចំណុចអាទិភាពអ្វីខ្លះ ទៅអនុវត្តតាមមូលដ្ឋាន ដែលគណបក្សនេះឈ្នះបានតំណែងមេឃុំ?

លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានបង្ហាញពីជំហរវិជ្ជមានមួយចំនួន ដើម្បីអនុវត្តគោលនយោបាយគណបក្ស ឲ្យស្របតាមការសន្យាជាមួយបេក្ខជនមេឃុំ-ចៅសង្កាត់ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ការបង្ហាញជំហរវិជ្ជមាននេះបន្ទាប់ពីលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ បង្ហាញថា គណបក្ស សិទ្ធិមនុស្ស ឈ្នះបានតំណែងជាមេឃុំចំនួន ១៨ឃុំ និងទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៨០០អាសនៈ។

លោក កឹម សុខា ឲ្យដឹងថា ចំណុចចាប់ផ្ដើមរបស់គណបក្ស សិទ្ធិមនុស្ស បានត្រៀមបញ្ជូនបេក្ខជនឈ្នះតំណែងមេឃុំ ចេញទៅដកស្រងបទពិសោធន៍ការងារជាមួយមេឃុំ ឬចៅសង្កាត់ តាមបណ្ដាប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។ លោកថា ការបញ្ជូនបេក្ខជនឈ្នះតំណែងមេឃុំរបស់បក្ស សិទ្ធិមនុស្ស ទៅកាន់ប្រទេសអភិវឌ្ឍន៍ និងមានលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យបេក្ខជនមេឃុំទាំងនោះពិនិត្យពីសកម្មភាពដឹកនាំរបស់មេឃុំ-ចៅសង្កាត់ ក្នុងប្រទេសអភិវឌ្ឍន៍ យកមកអនុវត្តតាមឃុំ-សង្កាត់ របស់ខ្លួន។

អាទិភាពបន្ទាប់ លោក កឹម សុខា ថ្លែងថា នឹងលុបបំបាត់អំពើពុករលួយកើតពីការធ្វើលិខិតស្នាម ឬបញ្ជាក់ឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យស្របតាមច្បាប់បានកំណត់។ លោកបន្តថា ឃុំ-សង្កាត់ ណា ដែលគណបក្ស សិទ្ធិមនុស្ស ឈ្នះតំណែងមេឃុំ បក្ស សិទ្ធិមនុស្ស នឹងបំពាក់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនភ្លើងជាដើម ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងបង្កើតឲ្យមានរថយន្តសំរាប់ដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ជូនពលរដ្ឋក្រីក្រខ្វះលទ្ធភាព។

លោកសង្កត់ធ្ងន់ថា អ្វីដែលគណបក្ស សិទ្ធិមនុស្ស បានសន្យាក្នុងគោលនយោបាយរបស់បក្ស និងបានសន្យាជាមួយប្រជាពលរដ្ឋ នឹងអនុវត្តឲ្យខាងតែបាន។

ទោះជាបែបនេះក្តី លោក ឡោ ចិន ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៣ ដែលគណបក្ស សិទ្ធិមនុស្ស ឈ្នះបានតំណែងមេឃុំចំនួន ១០ឃុំ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះកំពុងរង់ចាំមើលប្រសិទ្ធភាពការងាររបស់មេឃុំបក្ស សិទ្ធិមនុស្ស តើអនុវត្តគោលនយោបាយរបស់ខ្លួនបានត្រឹមកំរិតណា។

លោកថា សព្វថ្ងៃនេះពលរដ្ឋខេត្តព្រៃវែង ចង់ឃើញសកម្មភាពការងាររបស់មេឃុំគណបក្ស សិទ្ធិមនុស្ស មានទំនាក់ទំនងល្អ និងចេះសហការជាមួយបក្សដទៃ មិនប្រកាន់និន្នាការនយោបាយ ឬប្រកាន់បក្សពួក ដូចគណបក្សមួយចំនួនធ្លាប់បានអនុវត្តកន្លងមកនោះទេ។

ពលរដ្ឋរូបនេះបន្តថា បើមេឃុំបក្ស សិទ្ធិមនុស្ស ពិតជាមនុស្សមានស្នាដៃ និងបានអនុវត្តតាមដូចអ្វីដែលសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោតមែន ពលរដ្ឋខេត្តព្រៃវែង នឹងបន្តបោះឆ្នោតគាំទ្រគណបក្ស សិទ្ធិមនុស្ស ក្នុងអាណត្តិទី៥ នៃការបោះឆ្នោតសកលឆ្នាំ២០១៣ ខាងមុខបន្តទៀត។

ឆ្លើយតបបញ្ហានេះ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានឲ្យដឹងថា គោលនយោបាយបក្ស សិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយ ឬរើសអើងជាមួយគណបក្សនយោបាយណាទាំងអស់។ លោកបន្តថា គណបក្ស សិទ្ធិមនុស្ស មិនប្រកាន់នយោបាយទឹកឡើងត្រីស៊ីស្រមោច ពេលទឹកហោច ស្រមោចស៊ីត្រីនោះទេ។

បន្ថែមលើនេះ លោកបានអំពាវនាវ ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគ្រប់គណបក្សនយោបាយទាំងអស់ សហការគ្នាធ្វើការបំរើប្រជាពលរដ្ឋ ជំរុញឲ្យមូលដ្ឋានមានការអភិវឌ្ឍ។ យ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដែលគណបក្ស សិទ្ធិមនុស្ស ឈ្នះតំណែងមេឃុំ បានថ្លែងថា ពួកគេកំពុងរង់ចាំមើលថា តើមេឃុំជាប់ឆ្នោតថ្មីរបស់គណបក្ស សិទ្ធិមនុស្ស មានសកម្មភាពការងារបំរើប្រជាពលរដ្ឋ បានត្រឹមកំរិតណា។ ជាពិសេស អាចអនុវត្តបានតាមគោលនយោបាយបក្ស ដែលបានសន្យាមុនការបោះឆ្នោតបានដែរឬទេ?

ប្រជាពលរដ្ឋឲ្យដឹងថា អ្វីដែលពលរដ្ឋតាមមូលដ្ឋានចង់ឲ្យមានការផ្លាស់ប្ដូរនោះ គឺត្រូវលុបបំបាត់អំពើពុករលួយ ក្នុងការធ្វើលិខិតស្នាមផ្សេងៗ ដែលមេឃុំចាស់ធ្លាប់ប្រព្រឹត្តិកន្លងមក ឲ្យបានជាស្ថាពរ។

ត្រង់ចំណុចនេះ លោក កឹម សុខា បានថ្លែងអះអាងថា ដើម្បីឲ្យមេឃុំ ឬចៅសង្កាត់ របស់គណបក្ស សិទ្ធិមនុស្ស អនុវត្តការងារមានប្រសិទ្ធភាព សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួននឹងត្រូវបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ ទើបសំរេចបេសកកម្មរបស់ខ្លួនមានប្រសិទ្ធភាព។

ទោះយ៉ាងណា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ ប៉ុន្តែលទ្ធផលបឋមក្រៅផ្លូវការ ដែលគណបក្សនយោបាយផ្តល់ជូន មានគណបក្សនយោបាយចំនួន ៤ ដែលឈ្នះតំណែងមេឃុំ-ចៅសង្កាត់ នៅទូទាំងប្រទេស។

គណបក្សដែលឈ្នះតំណែងទាំងនោះរួមមាន គណបក្សប្រជាជនកម្ពុជា ឈ្នះបានតំណែងមេឃុំ-ចៅសង្កាត់ បាន ១.៥៩២ឃុំ-សង្កាត់ និងទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាចំនួន ៨.២៨៣អាសនៈ និងទទួលបានសន្លឹកឆ្នោតចំនួន ៣.៦៣៨.២៩០សម្លេង។ គណបក្ស សម រង្ស៊ី ឈ្នះតំណែងមេឃុំចំនួន ២២ឃុំ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២.១៥៥អាសនៈ និងទទួលបានសន្លឹកឆ្នោតចំនួន ១.២២១.៨៣២សម្លេង។ គណបក្ស សិទ្ធិមនុស្ស ឈ្នះបានតំណែងមេឃុំចំនួន ១៨ឃុំ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាចំនួន ៨០០សម្លេង និងទទួលបានសម្លេងឆ្នោតចំនួន ៥៧៣.៩៧៥សម្លេង។ គណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះតំណែងជាមេឃុំចំនួន ១ឃុំ ទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ១៦០អាសនៈ និងទទួលបានសម្លេងឆ្នោតចំនួន ២២៧.២៨៧សន្លឹក និងគណបក្ស នរោត្តម រណឫទ្ធិ មិនបានឈ្នះតំណែងមេឃុំ-ចៅសង្កាត់ នោះទេ ប៉ុន្តែទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៥៣អាសនៈ និងមានសម្លេងឆ្នោតចំនួន ១៦៩.១៩៥សម្លេង។ ចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះ មន្ត្រី គ.ជ.ប ឲ្យដឹងថានឹងប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២៕

 

 

Posted on 12 June 2012, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: