មន្ត្រី​បក្សសមរង្ស៊ី​ថាគ.ឃ.ប​ឃុំ​កំពេញ​ខេត្ត​​ព្រះសី​ហនុ​លំអៀង​

មន្ត្រីបក្ស សម រង្ស៊ី ថា គ.ឃ.ប ឃុំកំពេញ ខេត្តព្រះសីហនុ លំអៀង

ដោយ ជិន ជេដ្ឋា

2012-06-10

គណៈកម្មការរៀបចំការបោះឆ្នោតឃុំកំពេញ ខេត្តព្រះសីហនុ រងការចោទពីមន្ត្រី និងសកម្មជនគណបក្ស សម រង្ស៊ី ថា បានធ្វើការលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា។

ក្នុងបញ្ហានោះគេរកឃើញថា ប្រធានការិយាល័យបោះឆ្នោតលេខ ០១១៥ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋបោះឆ្នោត ទាំងខុសអត្តសញ្ញាណក្នុងបញ្ជីបោះឆ្នោត។

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ មន្ត្រីរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់បញ្ហា ដោយតម្រូវឲ្យប្រធានការិយាល័យ ធ្វើលិខិតទទួលកំហុសជាផ្លូវការទៅ មន្ត្រីគណបក្សសម រង្ស៊ី។

ករណីប្ដឹងផ្ដល់ និងការប្រឈមមុខដាក់គ្នាយ៉ាងស្វិតស្វាញនេះ ដោយសារតែសំឡេងឆ្នោតមួយសន្លឹក របស់សកម្មជនគណបក្ស សម រង្ស៊ី ជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា។ ស្របពេលគ្នានឹងការលើកឡើងនេះ ប្រធាន និងសកម្មជនរបស់គណបក្ស សម រង្ស៊ី ជាច្រើននាក់ផ្សេងទៀត បានលើកឡើងថា សំឡេងគាំទ្រមួយសន្លឹក គឺមិនអាចធ្វើឲ្យប្រទេសជាតិ និងស្ថានភាពនយោបាយក្រឡាប់ចាក់អ្វីនោះទេ។ ប៉ុន្តែ គេគ្រាន់តែចង់បានយុត្តិធម៌ និងភាពស្អាតស្អំកើតចេញពីការបោះឆ្នោតប៉ុណ្ណោះ។

ប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តព្រះសីហនុ លោក លី ឌី មានប្រសាសន៍ថា សន្លឹកឆ្នោតមួយសន្លឹក ពិតជាមិនអាចធ្វើឲ្យគណបក្សរបស់លោកឈ្នះនោះទេ។ ប៉ុន្តែ វាជារឿងមួយសម្រាប់ ប្រជាពលរដ្ឋ និងសាធារណជន គិតពិចារណាលើដំណើរការបោះឆ្នោតនៅកម្ពុជា។
លោក លី ឌី៖ «ថ្វីបើការប្ដឹងនេះមានលក្ខណៈហាក់បីដូចជាតូចតាចមែន ប៉ុន្តែគ្រាន់តែថា ជាសញ្ញាមួយបញ្ជាក់ថាអ្វីខុសច្បាប់ អ្វីដែលត្រូវច្បាប់។ យើងជឿថា ថ្នាក់មូលដ្ឋានគេអាចដឹង។ នេះគឺជាសញ្ញាមួយល្អណាស់សម្រាប់នៅមូលដ្ឋាន»។
ទោះជាយ៉ាងណាក្ដី បេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្ស សម រង្ស៊ី ព្រមទទួលយកការដោះស្រាយរបស់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តហើយ បន្ទាប់ពីមានការដោះស្រាយយ៉ាងចម្រូងចម្រាស នៅថ្នាក់ឃុំ កាលពីសប្ដាហ៍មុន។

បេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្ស សម រង្ស៊ី នៃឃុំកំពេញ លោក ស៊ុន វណ្ណា។ លោកមានប្រសាសន៍ថា ការដោះស្រាយនៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំកន្លងមក គឺលោកមិនអាចទទួលយកបានទេ ដោយសារប្រធាន និងក្រុមការងារទាំងនោះហាក់មានភាពលំអៀងទៅរកគណបក្សប្រជាជន និងប្រធានការិយាល័យ ដែលលោករកឃើញថា មានកំហុសហើយនោះ។

លោក ស៊ុន វណ្ណា៖ «ការិយាល័យនីមួយ យើងនឹកឃើញថាជាអ្នកច្បាប់ ជាអ្នកចេះ។ ទីបញ្ចប់គាត់ប្រើដូចអំពើហិង្សាមួយ។ គាត់ដឹងខ្លួនខុស អត់សុំទោស បែរទៅជាប្ដឹងបកខ្ញុំទារបួនដប់លាន។ ម៉្លោះហើយខ្ញុំមិនសុខចិត្តទេ ស្នើឡើងទៅដល់ PEC ហើយPEC ក៏យុត្តិធម៌ ទីបញ្ចប់គាត់ដឹងកំហុស គាត់ធ្វើពាក្យសុំទោសខ្ញុំ»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានការិយាល័យបោះឆ្នោតលេខ ០១១៥ លោក ទៀង សុភាព និងសកម្មជនគណបក្សប្រជាជនកម្ពុជា លោក កែវ សាក់ឡូ ដើម្បីសុំការបកស្រាយលើការចោទប្រកាន់របស់មន្ត្រីគណបក្ស សម រង្សី បានទេ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ លោក ហួត ផុន។ លោកមានប្រសាសន៍ថា នីតិវិធី នៃការប្ដឹងរបស់សកម្មជនគណបក្សសម រង្សី គឺខុសទៅនឹងនីតិវិធីច្បាប់បោះឆ្នោត។ ប៉ុន្តែលោកសុំមិនធ្វើការបកស្រាយលើបញ្ហានេះទេ។

លោក ហួត ផុន៖ «ចំពោះការប្ដឹងផ្ដល់ គឺពុំមានបញ្ហាអ្វីធំដុំទេ គឺគ្រាន់តែមានការយល់ច្រឡំរវាងអ្នកសង្កេតការណ៍ រវាងអ្នកប្ដឹង និងអ្នកដែលត្រូវប្ដឹងគេប្ដឹងហ្នឹងបន្តិចបន្តួចតែប៉ុណ្ណោះ មួយសន្លឹកនេះក៏គ្មានប៉ះពាល់ដល់លទ្ធផលនៃការរាប់សន្លឹកឆ្នោត និងក៏មិនប៉ះពាល់ដល់ការបែងចែកអាសនៈរបស់គណបក្សនយោបាយនៅក្នុងឃុំនោះដែរ»។

ទាក់ទងនឹងបញ្ហានេះ មន្ត្រីរៀបចំការបោះឆ្នោតឃុំ និងខេត្តព្រះសីហនុ បានឲ្យដឹងថា កម្មវត្ថុដែលសកម្មជនគណបក្សសម រង្ស៊ី ត្រូវប្ដឹងនោះ គឺជំទប់ទី៣ នៃឃុំកំពេញ មកពីគណបក្សប្រជាជនកម្ពុជា ឈ្មោះ កែវ សាក់ឡូ មិនមែនលោក ទៀង សុភាព ដែលជាប្រធានការិយាល័យនោះទេ។ ប៉ុន្តែលោក  ស៊ុន វណ្ណា ដែលជាសកម្មជនគណបក្ស សម រង្ស៊ី បានរកឃើញថា លោក កែវ សាក់ឡូ បានធានាអះអាងឲ្យប្រជាពលរដ្ឋម្នាក់ ដែលពុំមានលិខិតស្នាមបោះឆ្នោតត្រឹមត្រូវបានបោះឆ្នោត។ បន្ទាប់មកលោក ស៊ុន វណ្ណា ចោទថា ប្រធានការិយាល័យ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ត្រូវរ៉ូវគ្នា ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលពុំមានអត្តសញ្ញាណច្បាស់លាស់នោះបានបោះឆ្នោត។

ក្រោយពីការចោទរបស់លោក ស៊ុន វណ្ណា ប្រធានការិយាល័យបោះឆ្នោត លោក ទៀង សុភាព បានគំរាមថានឹងប្ដឹងបក ប្រសិនបើដើមចោទរកកំហុសមិនឃើញ៕

 

Posted on 12 June 2012, in គ.ជ.ប (NEC Election), បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: