គ.ខ.ប ​ខេត្ត​បាត់ដំបង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន

http://www.rfa.org/khmer/indepth/pec_btb_announce_communal_result-06092012062003.html

គ.ខ.ប ខេត្តបាត់ដំបងប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន

ដោយ សួន សុផលមុន្នី

2012-06-09

លទ្ធផលបណ្ដោះអាសន្ន ដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឲ្យដឹងថា គណបក្សប្រជាជនទទួលបាន ៦៤១អាសនៈ គណបក្ស សម រង្ស៊ី ទទួលបាន ១៦០អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៩អាសនៈ និងគណបក្សសិទ្ធិមនុស្ស ទទួលបាន ៤អាសនៈ។

ទិដ្ឋភាពរាប់សន្លឹកឆ្នោត នាទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២។

លោក វន ពន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានមានប្រសាសន៍ថា នៅក្នុងការបូកសរុបលទ្ធផលបណ្ដោះអាសន្ន ដែលរៀបចំឡើងនៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៨ ខែមិថុនា នេះ គណបក្ស នរោត្តម រណឫទ្ធិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានទទួលសំឡេងគាំទ្រពីម្ចាស់ឆ្នោតខ្លះដែរ ប៉ុន្តែមិនអាចគ្រប់ចំនួនទទួលបានអាសនៈ។ លោកបានបញ្ជាក់ថា ការងារបូកសរុបលទ្ធផលបោះឆ្នោត បានដំណើរការល្អប្រសើរជាងឆ្នាំកន្លងទៅ។

លោក វន ពន៖ «នៅក្នុងបញ្ហានេះ បើយើងពិនិត្យមើលទៅ មានភាពងាយស្រួលជាងពីអាណត្តិមុនៗ មូលហេតុ មកពីខ្ញុំគិតថា គណបក្សនយោបាយមួយចំនួនធំ យល់ដឹងពីការងារបោះឆ្នោតហ្នឹងកាន់តែមានភាពល្អប្រសើរ ហើយទី២ គឺថា យើងមានបទពិសោធន៍មួយចំនួន ហើយមន្ត្រីបោះឆ្នោត របស់យើងមានបទពិសោធន៍មួយចំនួនដែរ ហើយគណបក្សនយោបាយ ក៏មានបទពិសោធន៍មួយចំនួនធំដែរ»

លោក ឃើយ ស៊ីណា ប្រធានប្រតិបត្តិគណបក្ស សិទ្ធិមនុស្ស ប្រចាំខេត្តបាត់ដំបង បានថ្លែងថា គណបក្ស សិទ្ធិមនុស្ស ទទួលស្គាល់លទ្ធផលដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតនេះ ប៉ុន្តែលោកបានលើកឡើងជុំវិញភាពមិនប្រក្រតីមួយចំនួន ដែលបានកើតមានឡើង៖ «ដូចជា ករណីសន្តិសុខយាមអត់នៅក្នុងរង្វង់ ១០០ម៉ែត្រ នៅក្នុងតំបន់ហាមឃាត់ ទី១។ ទី២ សន្តិសុខមានអាវុធក្នុងតំបន់ហាមឃាត់ក្នុង ១០០ម៉ែត្រដែរ។ ទី៣ ច្រកចូលមានមេភូមិនៅកត់សម្គាល់ប្រជាពលរដ្ឋ ហាក់បីដូចជាសញ្ញាគំរាមមួយទៅលើប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តគូសសន្លឹកឆ្នោត»

លោក យី ប៊ុនយ៉ុង ជាតំណាងមន្ត្រីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចូលសង្កេតការណ៍លទ្ធផលរាប់សន្លឹកឆ្នោតដែរនោះ បានបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រជាង ៤ពាន់សំឡេង។ សំឡេងនេះ មិនអាចគ្រប់ចំនួនក្នុងការទទួលបានអាសនៈទេ។ លោកបន្តថា យ៉ាងណាក៏ដោយ គណបក្សលោកយល់ឃើញថា លទ្ធផលដែលគណបក្សលោកទទួលបាន មានចំនួនកើនឡើងជាងអាណត្តិមុន។

លោក យី ប៊ុនយ៉ុង៖ «ធៀបទៅនឹងការបោះឆ្នោតអាណត្តិមុន ការបោះឆ្នោតជាតិយើងឃើញថា សំឡេងរបស់គណបក្សកើនឡើង ពីព្រោះយើងឈរបានតែ ៣០ឃុំ  ប៉ុន្តែយើងបានដល់ជាង៤ពាន់សំឡេង។ សំឡេងគាំទ្រយើង បើយើងចែកតាមរូបមន្តទៅ វាមិនទាន់គ្រប់សំឡេងដែលយើងទទួលបានអាសនៈ»

គណបក្ស នរោត្តម រណឫទ្ធិ វិញ មិនទទួលបានអាសនៈដូចគ្នា។ លោក សយ វិបុល អនុប្រធានប្រតិបត្តិគណបក្ស នរោត្តម រណឫទ្ធិ ប្រចាំខេត្តបាត់ដំបង បានថ្លែងថា គណបក្សលោកទទួលបានសំឡេងជាង ៥ពាន់សំឡេង មិនអាចទទួលបានអាសនៈដូចគ្នា។ លោកបញ្ជាក់ថា មូល ហេតុដែលនាំឲ្យគណបក្ស នរោត្តម រណឫទ្ធិ ទទួលបានសំឡេងគាំទ្រមិនគ្រប់ចំនួនដើម្បីឈ្នះបានអាសនៈដូច្នេះ គឺដោយសារគណបក្ស នរោត្តម រណឫទ្ធិ បានចាប់ផ្ដើមធ្វើសកម្មភាពរកសំឡេងគាំទ្រក្រោយគណបក្សនយោបាយផ្សេងទៀត។

លោក សយ វិបុល៖ «គណបក្ស នរោត្តម រណឫទ្ធិ នៅក្នុងដំណាក់កាលទី១ មានប្រជាពលរដ្ឋសប្បាយចិត្តជាច្រើន ព្រោះថា យើងបាត់ថ្នាក់ដឹកនាំមួយដែរ ការធ្វើនយោបាយពី៩៣ កន្លងមកព្រះអង្គ ក៏ជាអ្នកតំណាងមួយដ៏ខ្លាំងក្លាដែរ ព្រោះការធ្វើនយោបាយកាលពីឆ្នាំ១៩៩៣ កន្លងមក គឺ ព្រះអង្គក៏ជាអ្នកតំណាងមួយដ៏ខ្លាំងក្លាដែរ អាចដណ្ដើមយកជ័យជំនះបានក្នុងឆ្នាំ១៩៩៣។ ប៉ុន្តែ ព្រះអង្គបាត់វត្តមាន ទើបតែព្រះអង្គយាងអង្គមកពីឆ្នាំ២០១១ នេះឃើញថា ប្រជាពលរដ្ឋហ្នឹង មានការគាំទ្រច្រើន ក៏ប៉ុន្តែមូលហេតុទី២ គឺបញ្ហាដែលយើងក្រោយពេលព្រះអង្គយាងអង្គមក យើងមានពេលវេលាតិចពេក សម្រាប់ធ្វើការឃោសនា ទាក់ទាញបេក្ខភាពឃោសនាបោះឆ្នោត អោយយើង ព្រោះយើងមានរយៈពេលតែខែ១ ឆ្នាំ២០១១២ នេះ អញ្ចឹង ចំពោះគណបក្ស នរោត្តម រណឫទ្ធិ ខ្ញុំគឺបានតែ ៤១ឃុំ»

នៅខេត្តបាត់ដំបង មានស្រុកក្រុង ចំនួន១៤ មានឃុំ-សង្កាត់ ចំនួន ១០២។ នៅឃុំ-សង្កាត់ ទូទាំងខេត្ត មានអាសនៈចំនួន ៨១៤អាសនៈ។ លោក ស៊ុន តឹក ប្រធានសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង ដែលបានចូលអង្កេតតាមដានលទ្ធផលរាប់សន្លឹកឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានកត់សម្គាល់ថា មានចំណុចខ្វះខាតមួយចំនួនដែលមន្ត្រីរៀបចំការបោះឆ្នោតបានជួបប្រទះ បញ្ហានេះទាមទារឲ្យមានការកែសម្រួល សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត។

លោក ស៊ុន តឹក៖ «យើងសង្កេតឃើញមានបីចំណុច ទី១ គឺសិច មិនទាន់យល់នីតិវិធី មានការបូកសរុបខុសលេខ ឬច្រឡំលេខ។ ឧទាហរណ៍ថា បូកទៅឃើញ ៤៥ គាត់សរសេរ ៥៤អញ្ចឹង និងជាចំណុចខ្វះខាតតិចតួចទេ គណៈកម្មការបូកសរុបព្រឹកមិញ ក្រុមមួយចំនួនគាត់នៅមានកម្រិត មិនទាន់យល់ពីនីតិវិធី មិនចាំថា ក្រុមណា ជួរណា និយាយពីគណបក្សណាៗ វាអាចបូកទៅខុស យឺតយ៉ាវ ហើយ ទី៣ ជាសរុប យើងឃើញថា សិច ហើយ និងគណៈកម្មការបូកសរុប គាត់នៅមានកម្រិត មិនទាន់យល់ដឹងពីនីតិវិធីខ្ពស់»

នៅខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន ៧ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស សិទ្ធិមនុស្ស និងគណបក្សខ្មែរឈប់ក្រ។ ជាលទ្ធផល មានតែគណបក្សនយោបាយចំនួន ៤ទេ ដែលទទួលបានអាសនៈឃុំ-សង្កាត់ នៅក្នុងខេត្តបាត់ដំបង៕

 

Posted on 12 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: