ភ្នំពេញប៉ុស្តិ៍ : ខុម ហ្រ្វែល​ពិនិត្យឃើញ​ឃុំ​ជាង​៤០០​នៅខ្វះ​សេវា​និង​ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ

Friday, 04 May 2012 12:00 មាស សុខជា

ភ្នំពេញៈ មន្ត្រីនៃអង្គការខុម ហ្រ្វែល បានកត់សម្គាល់ថា នៅមានឃុំតាមជនបទ ៣៥០ និងឃុំនៅដាច់ស្រយាល១០០ ទៀតដែលនៅប្រឈមនឹងការលំបាក កើតចេញពីកង្វះ សេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ទាំងអស់នោះ។

នៅក្នុងសិក្ខាសាលាស្តីអំពីសេចក្តីត្រូវការរបស់ម្ចាស់សន្លឹកឆ្នោត ដែលរៀបចំឡើងដោយ ខុម ហ្រ្វែល កាលពីថ្ងៃម្សិលមិញ នាយកប្រតិបត្តិនៃអង្គការនេះ លោក គល់ បញ្ញា បាន ថ្លែងពាក់ព័ន្ធទៅនឹងឃុំដាច់ស្រយាលជួបបញ្ហាបែបនោះថា វាគឺជាការទទួលខុសត្រូវ របស់តំណាងរាស្ត្រ ក្នុងការដោះស្រាយនូវឧបសគ្គទាំងអម្បាលម៉ាននោះជូនប្រជា ពលរដ្ឋ។

លោកបានបន្តថា សេចក្តីត្រូវការរបស់ម្ចាស់ឆ្នោត នៅតាមបណ្តាភូមិជនបទ ជានិច្ចកាល គួរតែជាអាទិភាព ដែលមិនមែនសម្រាប់តែក្នុងអំឡុងពេលបោះឆ្នោតប៉ុណ្ណោះទេ។

លោក គល់ បញ្ញា បានមានប្រសាសន៍ថា ៖ «អ្នកបោះឆ្នោតមានសេចក្តីត្រូវការជា អាទិភាពបន្តរហូតមិនមែនតែក្នុង អំឡុងពេលបោះឆ្នោតទេ។ សេចក្តីត្រូវការទាំងនេះ មិនមែនបង្កើតឡើងដោយខុម ហ្រ្វែលទេ អ្នករស់នៅតាមឃុំជនបទពិតជាត្រូវការ ជំនួយទាំងនេះ»។

លោក គល់ បញ្ញា ក៏បានបន្តដែរថា រវាងពី ៣០ ទៅ ៤០ភាគរយនៃផ្ទៃដីនៅក្នុងឃុំជនបទ ដាច់ស្រយាល ភាគច្រើនកំពុងមានវិវាទដោយសារការផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនតាម រយៈដី សម្បទានសេដ្ឋកិច្ច។

លោកបានបន្តទៀតថា តំបន់ដាច់ស្រយាលទាំងនោះទទួលបានតម្លៃខ្ពស់ដោយសារ ក្រុមហ៊ុនអភិវឌ្ឍន៍។

លោកបានបន្តថា៖ «តំបន់ជនបទដាច់ស្រយាលទាំងនេះមានការលំបាកនឹងការទៅដល់ ប៉ុន្តែ ក្រុមហ៊ុនចង់បានតំបន់ទាំងនោះព្រោះវាមានឈើដែលមានតម្លៃ។ តំបន់កាន់តែដាច់ ស្រយាល គេកាន់តែមានការចង់បានខ្លាំង»។

រដ្ឋលេខាធិការមកពីគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតអភិបាលខេត្តកណ្តាល លោក ទេព នន្ទរី បានលើកឡើងពីបញ្ហាសម្បទាននេះ ដោយបានរិះគន់ រដ្ឋាភិបាលចំពោះ គោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏សម្បើមទៅឲ្យ ក្រុមហ៊ុនឯកជនធ្វើការ អភិវឌ្ឍ។ លោកបានបន្តថា គោលនយោបាយបែបនោះធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រ ទៅៗ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឲ្យអ្នករកស៊ីក្លាយជាម្ចាស់ដីទេ ខ្ញុំចង់ឲ្យអ្នកភូមិកាន់ កាប់ដីធ្លីបង្កបង្កើនផល។ ការផ្តល់ដីសម្បទានធ្វើឲ្យអ្នកភូមិក្លាយជាអ្នកចំណុះម្ចាស់ដី ជាឈ្មួញ រកស៊ី»។

លោកកត់សម្គាល់ថា ទោះជាគណបក្សហ៊្វុនស៊ិនប៉ិចចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ជាមួយគណបក្ស ប្រជាជនកម្ពុជាក្តី គណបក្សនេះពុំគាំទ្រនយោបាយផ្តល់ដីទៅដល់ ក្រុមហ៊ុនឯកជនច្រើនបែបនេះទេ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានការពារគោលនយោបាយរបស់ រដ្ឋាភិបាលកាលពីម្សិលមិញ ដោយថ្លែងថា វាបានជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាព ក្រីក្រ។

លោកបានថ្លែងបញ្ជាក់ថា៖ «យើងអភិវឌ្ឍដើម្បីឲ្យមានភាពរុងរឿងសម្រាប់ប្រជាជន និងផលប្រយោជន៍ប្រទេសជាតិ»។

គណបក្សនយោបាយចំនួន ៧ បានចូលរួមនៅក្នុងវេទិកានេះកាលពីថ្ងៃម្សិលមិញ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាពុំបាន មានវត្តមានទេ។

លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់នៃខុម ហ្រ្វែលបានថ្លែងថា តំណាងគណ បក្សប្រជាជនកម្ពុជា បានបដិសេធមិនចូលរួមដោយបញ្ជាក់ថា គណបក្សនេះបានធ្វើ ការងារនេះរួចហើយ៕ CR

Posted on 7 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: