គ.ជ.ប.៖ ការ​​គំរាម​​ឲ្យ​​អ្នក​បោះ​ឆ្នោត​​ស្បថ​​ជា​​អំពើ​​ខុស​​ច្បាប់

ប្រភព ៖ គេហទំព័រ​ វិទ្យុ​អាស៊ីសេរី
ដោយ ដែន អយុធ្យា
2012-01-05

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​អំពាវនាវ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​ការ​រើស​សមាជិក​ព្រឹទ្ធ​ សភា​ខាង​មុខ សម្រេច​ចិត្ត​ដោយ​សេរី មិន​មាន​ការ​បង្ខិតបង្ខំ ឬ​ជាប់​លក្ខខណ្ឌ​ណា​មួយ​ឡើយ។

(RFA/Den Ayuthyea) ៤-មករា-២០១២៖ សមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត លោក ឯម សូផាត ធ្វើ សន្និសីទ កាសែត នា ទីស្ដីការ គ.ជ.ប. រាជធានី ភ្នំពេញ។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មាន​ព័ត៌មាន​ថា មាន​គណបក្ស​នយោបាយ​ខ្លះ​បាន​បង្ខំ​សមាជិក​បក្ស​ឲ្យ​ស្បថ​ថា ខ្លួន​បោះ​ឆ្នោត​រើស​តែ​សមាជិក​បក្ស​ខ្លួន​គាំទ្រ​ប៉ុណ្ណោះ។

លោក ឯម សូផាត ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប. ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​មករា ថា គណបក្ស​ណា​ក៏ដោយ​ដែល​បង្ខំ​ឲ្យ​សមាជិក​របស់​ខ្លួន​ត្រូវ​តែ​បោះ​ឆ្នោត​ឲ្យ​ បក្ស​ខ្លួន​ជា​ទង្វើ​ខុស​ច្បាប់​បោះ​ឆ្នោត​កម្ពុជា។

លោក​ថា ទង្វើ​គំរាម​កំហែង​នេះ​មិន​គួរ​ឲ្យ​កើត​មាន​ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នឹង​​ចូល​​មក​ដល់​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ នោះ​ទេ។

លោក ឯម សូផាត បន្ថែម៖ «រឿង​ស្បថ​ខ្ញុំ​មិន​បាន​បញ្ជាក់​ថា គណបក្ស សម រង្ស៊ី ឲ្យ​ស្បថ​ខ្ញុំ​មិន​និយាយ​ទេ។ តែ​សុំ​លើក​ពី​បម្រាម​ហើយ​នេះ​មិន​មែន​ជា​ទស្សនៈ​ទេ គឺ​ច្បាប់​ក៏​មាន​ចែង​នីតិវិធី​ក៏​មាន​កំណត់ គេ​ហាម​មិន​ឲ្យ​មាន​បង្ខំ​ឲ្យ​ស្បថ​ទេ។ មាន​ន័យ​ថា បើ​មាន​អ៊ីចឹង បើ​ធ្វើ​គឺ​ខុស​ហើយ»

ការ​លើក​ឡើង​របស់​មន្ត្រី គ.ជ.ប. ដូច្នេះ កើត​មាន​ក្រោយ​ពេល​លេច​ឮ​ព័ត៌មាន​មក​ថា មេដឹកនាំ​គណបក្ស សម រង្ស៊ី បាន​បង្ខំ​ឲ្យ​​សមាជិក​ក្រុម​​ប្រឹក្សា​ឃុំ-​សង្កាត់​របស់​ខ្លួន ដែល​ជា​អង្គ​បោះ​ឆ្នោត​ស្បថ​ត្រូវ​តែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ក្នុង​ ព្រឹត្តិការណ៍​បោះ​ឆ្នោត​​​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​នេះ។

ទោះ​ជា​បែប​នេះ​ក្ដី លោក ហូរ វ៉ាន់ សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​​​ប្រតិកម្ម​ថា ការ​តាំង​ចិត្ត​ណា​មួយ​ពី​សំណាក់​​សកម្មជន​គណបក្ស​ខ្លួន គ្រាន់​តែ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ភក្ដីភាព ឬ​ភាព​ស្មោះត្រង់​របស់​សមាជិក​បក្ស​ខ្លួន​ចំពោះ​គណបក្ស​​ទៅ​វិញ​ទេ មិន​មែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទេ។

លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ដូច្នេះ៖ «អ្វី​ដែល​យើង​ធ្វើ​នេះ ដោយ​មាន​ការ​សំណូមពរ និង​មាន​ការ​ស្ម័គ្រ​ចិត្ត​ពិត​ប្រាកដ​របស់​អង្គ​អ្នក​បោះ​ឆ្នោត ពីព្រោះ​អាណត្តិ​កន្លង​មក​មាន​បញ្ហា​ខ្លះ​ចេះ​តែ​មាន​ការ​មន្ទិល​សង្ស័យ ហេតុ​ដូច្នេះ ដើម្បី​បំបាត់​ការ​មន្ទិល​ទាំង​នេះ គាត់​មាន​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​របៀប​នេះ។ តើ​ការ​ស្ម័គ្រ​ចិត្ត​របៀប​នេះ​ជា​កំហុស ឬ​យ៉ាង​ណា?»

​ទាក់ទង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​តម្រូវ​ឲ្យ​សមាជិក​ពី​គណបក្ស​ណា​មួយ​ស្បថ​ត្រូវ​តែ​បោះ​ ឆ្នោត​ឲ្យ​បក្ស​ខ្លួន ថា​ជា​ទង្វើ​ខុស​ច្បាប់​ដែរ។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ស្ថិត​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ផ្សេង​ទៀត ក៏​បាន​ចាត់​ទុក​ការ​ប៉ុនប៉ង​ទិញ​សន្លឹក​ឆ្នោត​គំរាម​ដក​តួនាទី ឬ​ផ្តល់​តួនាទី ការ​តម្រូវ​ឲ្យ​អង្គ​បោះ​ឆ្នោត ឬ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ធ្វើ​សម្បថ ឬ​សច្ចាប្រណិធាន សន្យា​​​បោះ​ឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នីតិកាល​ទី​៣ គឺ​ប្រាស​ចាក​ពី​ច្បាប់​បោះ​ឆ្នោត​កម្ពុជា និង​ខុស​គោល​ការណ៍​សកល​នៃ​ការ​គោរព​ឆន្ទៈ​ដោយ​សេរី​របស់​អ្នក​បោះ​ឆ្នោត។

ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី។ គណបក្ស​នីមួយៗ​មាន​បេក្ខជន​ពេញ​សិទ្ធិ និង​បម្រុង​សរុប​មាន​ចំនួន ១១៤​រូប។

គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការិយាល័យ​បោះ​ឆ្នោត នឹង​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​ សភា​នីតិកាល​ទី​៣ មាន​ចំនួន ៣៣​ការិយាល័យ ចំណុះ​ឲ្យ​ភូមិ​ភាគ​ទាំង ៨ និង​មាន​​អាសនៈ​​សរុប​​ចំនួន ៦១​អាសនៈ។

ការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈ​ជា​អសកល ហើយ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​មាន​ចំនួន​សរុប ១១.៣៥៣​រូប និង​សមាជិក​រដ្ឋ​សភា​ក្នុង​តំណែង​មាន​ចំនួន ១១៩ ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត៕

Copyright © 1998-2011 Radio Free Asia. All rights reserved.

Posted on 1 February 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: