ពិរុទ្ធជន និង​ជនជាប់ចោទ អាច​បោះឆ្នោត​ព្រឹទ្ធសភា​បាន

ក្រសួង​យុត្តិធម៌ បង្គាប់​​ឲ្យ​​តុលាការ​​ទូទាំង​ប្រទេស ចាត់ចែង​​នាំ​ជន​ជាប់ចោទ និង​​ពិរុទ្ធជន ចូលរួម​​បោះឆ្នោត​​ព្រឹទ្ធសភា​

ប្រភព ៖ គេហទំព័រ​ CAMBODIAN EXPRESS NEWS

ដោយ : រតនា (ថ្ងៃទី 18 មករា 2012,01:24:PM)

ភ្នំពេញ: លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​លិខិត កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១២ ជំរាបជូន​​ប្រធាន​​សាលាដំបូង​រាជធានី​ខេត្ត​-​ក្រុង ព្រម​ទាំង​តំណាង​អយ្យ​ការ​​​អម​​សាលាដំបូង​​នៅ​ទូទាំងប្រទេស ឲ្យ​​ជួយ​​អន្តរាគមន៍ ឲ្យ​​មន្ត្រី​ពន្ធនាគារ​​ទាំងអស់​នៅ​​ទូទាំង​ប្រទេស នាំ​​ជន​ត្រូវ​​ចោទ និង​​ជនជាប់ចោទ​​ពិរុទ្ធភាព ដែល​ជា​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ នៅ​​ពន្ធនាគារ ទៅ​​ចូលរួម​​បោះឆ្នោត​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធសភា នីតិកាល​​ទី​៣ នៅ​ថ្ងៃទី​​២៩ ខែមករា ឆ្នាំ​២០១២​។​

​លោក សំ ប្រជាមានិត នាយក​​ខុទ្ទកាល័យ​​រដ្ឋមន្ត្រី​​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១២​​នេះ បាន​​មាន​ប្រសាសន៍ថា “​តាមច្បាប់ ពួកគាត់ មិនទាន់​​ត្រូវបាន​​ទទួលទោស​​ទេ គ្រាន់​តែ​​ជា​​ជន​ត្រូវ​ចោទ​។ ជន​​ត្រូវ​ចោទ និង​ជា​ពិរុទ្ធជន​​ហ្នឹង គឺ​​ត្រូវតែ​នាំ​​គេ​​ឲ្យ​ទៅ​​ចូលរួម​បោះឆ្នោត ដើម្បី​ឲ្យ​​គេ​​បញ្ចេញ​សិទ្ធិ ក្នុង​ការ​​បោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធសភា​”​។

​លិខិត​របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១២ បាន​បញ្ជាក់​​ទៅកាន់​​ប្រធាន​​តុលាការ និង​តំណាង​​អយ្យការ នៅ​សាលាដំបូង​រាជធានី និង​ខេត្ត​​ទូទាំងប្រទេស អំពី​​សំណើ​សុំ​ជួយ​​អន្តរាគមន៍​ឲ្យ​​នាំខ្លួន​​អ្នកបោះឆ្នោត​​ជា​ជន​​ត្រូវ​​ចោទ ជនជាប់ចោទ និង​​ពិរុទ្ធជន​​កំពុង​​ជាប់ចោទ ឃុំខ្លួន​​ក្នុង​​ពន្ធនាគារ ទៅ​​បោះឆ្នោត​ជ្រើស​តាំង សមាជិក​​ព្រឹទ្ធសភា នីតិកាល​ទី​៣​។​

​លិខិត​ ដដែល​នោះ បានបញ្ជាក់​ទៀតថា ការបោះឆ្នោត​ជ្រើសតាំង សមាជិក​​ព្រឹទ្ធសភា​​នីតិ​កាល​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២ ខាងមុខនេះ​។ ច្បាប់​បានកំណត់​អំពី​​អ្នក​បោះឆ្នោត និង​អង្គ​បោះឆ្នោត គឺ​តំណាងរាស្ត្រ​ក្នុង​តំណែង និង​​សមាជិក​​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំងអស់ នៅក្នុង​តំណែង នៅក្នុង​ក្របខ័ណ្ឌ នៃ​ភូមិភាគ​នីមួយៗ​។ ក៏ប៉ុន្តែ​មាន​អ្នកបោះឆ្នោត​មួយចំនួន ជា​ជន​ត្រូវ​ចោទ ជនជាប់ចោទ និង​ពិរុទ្ធជន កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដែល​មិនទាន់មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ នៅមាន​សិទ្ធិ​បោះឆ្នោត​នៅ​ឡើយ​។

​អាស្រ័យហេតុនេះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា “​ដើម្បី​ធានា​ដល់​សិទ្ធិ​បោះឆ្នោត​ត្រឹម​ត្រូវ​​តាមច្បាប់ សូម​លោក​ប្រធាន​សាលាដំបូង​រាជធានី​-​ខេត្ត និង​ឯកឧត្តម លោក​លោក​ស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រា​ធានី​-​ខេត្ត​ទាំងអស់ មេត្តា​ចាត់វិធានការ​នាំខ្លួន​អ្នក​បោះ​ឆ្នោត​​ដែល​កំពុង​ជាប់ចោទ​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​ទាំងនេះ ទៅ​ចូលរួម​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅតាម​ការិយាល័យ នៃ​មណ្ឌល​បោះឆ្នោត​រាជធានី​-​ខេត្ត​​នីមួយៗ តាម​កាល​វេលា​ដែល​កំណត់ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​អន្តរាគមន៍​ទៅ​សាលាដំបូង​ទូទាំងប្រទេស  ឲ្យ​មន្ត្រី​ពន្ធនាគារ​ជួយ​នាំ​ពួកគេ ទៅ​​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​ឲ្យ​បាន​គ្រប់គ្នា​។​
​    ​
​ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មាន​ប្រសាសន៍​​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូន​លិខិត​នោះ ទៅ​ក្រសួង​យុត្តិធម៌​រួចហើយ សុំ​ឲ្យ​ក្រសួងយុត្តិធម៌​ជួយ​ចាត់ការ​បន្តទៅ​ប្រធាន​តុលាការ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រុង នៅ​ទូទាំងប្រទេស ពីព្រោះ​ជនជាប់ចោទ​ទាំងនោះ មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ក្នុងករណី​ពុំទាន់​បានទទួល​សាលក្រម​ស្ថា​រពរ ទើប គ​.​ជ​.​ប​. ចាត់​វិធាន​ការ​នេះ ការពារ​សិទ្ធិ​របស់​ពួគគាត់​ឲ្យ​ទទួលបាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២​ខាងមុខ​។​

​យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. មិនបាន​ប្រកាស​ពី​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អង្គ​បោះឆ្នោត ប៉ុន្មាន​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ហើយ​ត្រូវ​នាំទៅ​បោះឆ្នោត​នោះទេ​។

​ក៏ប៉ុន្តែ​បើតាម​សេចក្តីប្រកាស ការបោះឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃអាទិត្យ ទី​២៩​មករា ឆ្នាំ​២០១២ មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១១.៣៥១ នាក់ ក្នុងចំណោម​សមាជិក​សរុប ១១.៣៥៣ នាក់ និង​អ្នកតំណាងរាស្ត្រ​ក្នុង​តំណែង ១១៩ នាក់ ក្នុងចំណោម​សមាជិកសភា​សរុប ១២៣ នាក់​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​បោះឆ្នោត​៕​

Posted on 19 January 2012, in ការបោះឆ្នោត​ព្រឹទ្ធសភា, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: