NICFEC ៖ ​គ.ជ.ប ​មិន​​គួរ​​យក​​ថ្ងៃ​ ៧ មករា​ ​ជា​​ថ្ងៃ​​ឃោសនា​​បោះឆ្នោត​​ទេ

អត្ថបទដើម ៖ គេហទំព័រ​កាសែតភ្នំពេញ​ប៉ុស្តិ៍

CPP : ការ​ឃោសនា​បោះឆ្នោត​មិន​ទាន់​រលូន​ព្រោះ​មាន​ប្រើ​សម្តី​ពិសពុល

Monday, 16 January 2012 12:03
ឆាយ​ ច័ន្ទនីដា

ភ្នំពេញៈ មន្ត្រី​គណបក្ស​កាន់​អំណាច​ បាន​លើក​ឡើង​ថា​ ការ​ឃោសនា​បោះឆ្នោត​មិន​ទាន់​ប្រព្រឹត្ត​ដោយ​រលូន​ទាំង​សកម្មភាព​និង​ពាក្យ​ សម្តី​នៅ​ឡើយ​ទេ ​ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​បាន​ប្រើ​ភាសា​មិន​សមរម្យ​ចោទ​ប្រកាន់​អ្នក គាំទ្រ​ថ្ងៃ​៧​មករា ​ជា «ជន​ក្បត់​ជាតិ»ខុស​ក្រម​សីលធម៌​គណបក្ស​នយោបាយ​និង​ច្បាប់​បោះឆ្នោត​។

លោក ទេព នីថា អគ្គ លេខាធិការ គ.ជ.ប ។ រូបថត ហុង មិនា

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ប្រជុំ​រវាង​គណៈកម្មការ​ជាតិ​ រៀបចំ ការ​បោះឆ្នោត​ គ.ជ.ប និង​គណបក្ស​នយោបាយ ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល កាល​ពីថ្ងៃ​១៣ មករា​ បន្ទាប់​ពី​មន្ត្រី​គ.ជ.ប​ ប្រកាស​ក្នុង​អង្គ​ប្រជុំ​ថា បរិយាកាស​ឃោសនា​ចាប់​ពី​ថ្ងៃ​ទី​៧ មក​ដល់​ថ្ងៃ​១២​ មករា​ មាន​ភាព​រលូន​គ្មាន​ការ​ប្រើ​ហិង្សា​។

លោក​ អ៊ក គឹមហាន ​ប្រធាន​នាយក​ដ្ឋាន​សរុប​នៃ​ខុទ្ទកាល័យ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស ប្រជា​ជន​កម្ពុជា​(CPP)បាន​ថ្លែង​ថា ៖ «ដំណើរ​ការ​ឃោសនា ​មាន​ភាព​រលូន ខ្ញុំ​គាំទ្រ​១០០​ភាគ ​រយ ​ប៉ុន្តែ​ អត្ថន័យ​នៃ​ការ​ឃោសនា មាន​ភាព​ពិស​ពុល​ខ្លាំង​ណាស់​»។

លោក​ថ្លែង​នេះ ដោយ​មិន​ពេញ​ចិត្ត​នឹង​លិខិត​មួយ​ដែល​ប្រធាន ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី  សរសេរ​ចំ​ថ្ងៃ ៧ មករា ថា​ជា​លិខិត​ដុត​កំហឹង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចងចាំ​ថ្ងៃ ៧ មករា ជា​ថ្ងៃ​រំដោះ ហើយ​ថា អ្នក​អបអរ​សាទរ​ ៧​មករា ជា​ជន​ក្បត់​ជាតិ​។

លោក គឹមហាន ​បាន​ចោទ​សួរ​ ថា ៖​ «តើ​យើង​អាច​ហៅ​ការ​ប្រើ​ភាសា​នេះ ជា​ការ​មាក់​ងាយ ​ប្រមាថ ​ឬការ​ញុះញង់​បាន​ទេ? សូម​ គ.ជ.ប ជួយ​បំភ្លឺ​។ លោក​សមរង្ស៊ី​ចោទ​អ្នក​គាំទ្រ​ ៧ ​មករា ​ថា ជា​ជន​ក្បត់​ជាតិ​»។

លោក​បន្ត​ថា ៖ ​«បញ្ហា​ដែល​លោក ​សម រង្ស៊ី​ លើក​ឡើង​គឺ​ធ្ងន់ធ្ងរ​ណាស់​។ ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​អាច​ទទួល​យក​បាន​ដាច់​ខាត ដែល​ចោទ​យើង​ថា ​ជា​ជន​ក្បត់​ជាតិ​»។

លោក​បន្ត​ថា ៧​ មករា ​ជា​ថ្ងៃ​ដែល​ព្រះ​មហាក្សត្រ​បាន​គាំទ្រ​ចាត់​ទុក​ជា​ថ្ងៃ​បុណ្យ​ជាតិ​ ដែល​កម្ពុជា​ ត្រូវ​បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម ហើយ​ក៏​មាន​អង្គ​ទូត​បរទេស​ចូល​រួម​ប្រារព្ធ​ថ្ងៃ​នេះ​ជាមួយ​ជន​កម្ពុជា ​រាប់​លាន​នាក់​ផង​ដែរ​។

​លោក ​គួយ​ ប៊ុន​រឿន ​អគ្គ​លេខាធិការ​រង​គណបក្ស​សមរង្ស៊ី​ទទួល​បន្ទុក​ការងារ​បោះឆ្នោត បាន​ថ្លែង​បកវិញ​ថា ការ​ប្រើ​ពាក្យ​ពេចន៍​ទាំង​នេះ​មិន​គ្រោត​គ្រាត​ជាង​ការ​ឃោសនា​រាល់​ថ្ងៃ ​របស់​បក្ខ​ប្រជាជន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ​។

លោក​ថ្លែង​ថា ៖ « ​៧​មករា ជា​ថ្ងៃ​បុណ្យ​ជាតិ។ តែ​អ្នក​គាំទ្រ ឬ​មិន​គាំទ្រ ​គឺជា​សិទ្ធិ​របស់​អ្នក​បោះឆ្នោត។​ បើ​និយាយ​ពី​ភាព​អសុរស​វិញ​គណបក្ស​សម​រង្ស៊ី គ្មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ…​ទាំង​ទូរទស្សន៍​ក្តី វិទ្យុ​ក្តី ដៀលត្មិះ​គណបក្ស​សមរង្ស៊ី​ ជាង​សត្វ​ធាតុ​ទៅ​ទៀត​។ លោក​កត់​សម្គាល់​ថា​កម្មវិធី​ដែល​ជេរ ប្រមាថ គណបក្ស​សមរង្ស៊ី​គឺ​«នាទី​វប្បធម៌» ផ្សាយ​តាម​វិទ្យុ​ FM.95 រាល់​រាត្រី ដែល​លោក​ចោទ​ថា៖«​ជា​កម្មវិធី​វប្ប​ធម៌​ប្រទេច​ផ្តាសា​គណបក្ស​សមរង្ស៊ី»។

លោក ទេព នីថា ​អគ្គ​លេខាធិការ​ គ.ជ.ប ថ្លែងថា ការ​ឃោសនា​ដែល​មាន​ភាព​រលូន គឺ«​ដោយ​សារ​គ្មាន​ទំនាស់ ឬ​អំពើ​ហិង្សា​និង​បណ្តឹង​ឲ្យ​គ.ជ.ប​ដោះស្រាយ​»។

ទោះ​យ៉ាង​ណា គ.ជ.ប​ បាន​ធ្វើ​ការ​ណែ​នាំ​និង​អំពាវ​នាវ​ឲ្យ​គណបក្ស​នីមួយៗ​ ចៀស​វាង​ការ​ប្រើ​ពាក្យ​ពេចន៍​មិន​សមរម្យ ដើម្បី​ធានា​ឲ្យ​បរិយាកាស​ការ​ឃោស នា​ និង​ការ​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ។ លោក​ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​សុក្រ​ថា ​គណ​បក្ស​ប្រជាជន​គ្រាន់ តែ​សម្តែង​ការ​មិន​ពេញ​ចិត្ត ​ប៉ុន្តែ​ក៏​មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ដាក់​ទៅ​គ.ជ.ប ដែរ​។​ លោក​ថា ៖ «បើ​គេ​ប្រើ​ពាក្យ​សម្តី​ខ្លាំង​ឬ​អសុរោះ​នោះ​នឹង​ប៉ះពាល់​នីតិវិធី​នៃ​ការ​ ឃោសនា​បោះ​ឆ្នោត។​​ យើង​អនុញ្ញាត​ឲ្យ​រិះគន់​តែ​គោល​នយោបាយ​ឬ​កម្មវិធី​របស់​គណបក្ស​នយោបាយ គឺ​មិន​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល ​ឬសាធារណៈ​ទេ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​ បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ​(NICFEC) បាន​ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា លិខិត​នៅ​ថ្ងៃ ៧ មករា ​ជា«​ចេតនា​នយោបាយ»​មួយ ក្នុង​ការ​បន្ទុច​បង្អាក់​ភាព​ខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​គ.ជ.ប ​មិន​គួរ​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឃោសនា​បោះឆ្នោត​ទេ។

លោក​ថ្លែងថា ៖ «នេះ​គឺជា​ការ​ចាប់​ផ្តើម​យុទ្ធនាការ ដែល​មាន​ការ​ចម្រូង​ចម្រាស​ខ្លាំង»។

លោក​បាន​បន្ត​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ដែល​ប្រជែង​គ្នា «គឺជា​រឿង​ធម្មតា​របស់​ប្រទេស​មិន​ទាន់​អភិវឌ្ឍ​ពេញ​លេញ។​ យើង​ចូល​ចិត្ត​ប្រើ​ការ​ឃោសនា​ដោយ​វាយ​ប្រហារ​គ្នា។ ​៧ មករា ជា​ប្រធាន​បទ​នៃ​ការ​ឃោសនា​ដណ្តើម​សន្លឹក​ឆ្នោត​របស់​គណបក្ស​ទាំង​ពីរ។ មិន​គួរ​យក​៧​មករា​ ជា​ថ្ងៃ​វាយ​ប្រហា​រគ្នា​រវាង​បក្ស​នយោបាយ​ឡើយ​»។

តាម​មន្ត្រី​ក្នុង​កិច្ច​ប្រជុំ ការឃោសនា​បោះឆ្នោត​ព្រឹទ្ធ​សភា​ចាប់​ផ្តើម​នៅ​ថ្ងៃ​៧​ដល់​២៧​ខែ​មករា ​ហើយ​ថ្ងៃ​ ២៩ ​មករា ជា​ថ្ងៃ​បោះឆ្នោត​អសកល​ ដែល​មាន​សមាជិក​រដ្ឋ​សភា ​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​សិទ្ធិ​​បោះ​ឆ្នោត​ ចំនួន ១១៣៥២​រូប ក្នុង​នោះ​សមាជិក​រដ្ឋ​សភា​មាន  ១១៩ រូប​៕

Posted on 17 January 2012, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: